Alan Shearer និយាយថា ក្រោមការដឹកនាំរបស់លោក Amorim ក្លិប Man Utd អន់ជាងជំនាន់លោក Ten Hag ទៅទៀត
យោងតាមអតីតខ្សែប្រយុទ្ធក្រុមតោកំណាចអង់គ្លេស លោក Alan Shearer និយាយថា គ្រូបង្វឹក Ruben Amorim បានធ្វើឱ្យ Man Utd កាន់តែចុះខ្សោយ បើប្រៀបធៀបទៅនឹងជំនាន់លោក Erik Ten Hag ។
Alan Shearer បាននិយាយនៅក្នុងផតឃែស្ថខ្លីមួយ បន្ទាប់ពី Man Utd ចាញ់ ១- ៣ ទៅ Brighton នៅ Old Trafford យ៉ាងដូច្នេះថា ៖«ដោយសារតែអ្វី ដែល Amorim ចង់ធ្វើជាមួយនឹងប្រព័ន្ធយុទ្ធសាស្ត្ររបស់គាត់ Man Utd មើលទៅអន់ជាងការដឹកនាំរបស់លោក Ten Hag ទៅទៀត។ ពួកគេមិនអាចលេងតាមរបៀបដែលគាត់ចង់បានណោះទេ»។
ជាមួយគ្នានេះ អតីតខ្សែការពារ Micah Richards ក៏បានយល់ស្របថា កីឡាករបច្ចុប្បន្នមិនស័ក្តិសមសម្រាប់ប្រព័ន្ធយុទ្ធសាស្ត្ររបស់ Amorim នោះទេ។ ជំនួសឱ្យទម្រង់ ៣-៤-៣ គាត់បានស្នើថាអ្នកចាត់ការ Man Utd គួរតែត្រលប់ទៅទម្រង់ ៤-៤-២ វិញ។ Micah Richards បានសួរ Shearer ថា តើវាពិបាកប៉ុណ្ណា សម្រាប់អ្នកក្នុងការសម្របខ្លួនទៅនឹងការលេង ក្នុងទម្រង់ ៣-៤-៣។
បន្ទាប់ពីជំនួស Ten Hag នៅ Man Utd ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ លោក Amorim បានលេងទម្រង់ ៣-៤-៣ ដូចដែលគាត់បានធ្វើដោយជោគជ័យជាមួយ Sporting ។ ប៉ុន្តែក្នុងរយៈពេល២ខែកន្លងមកនេះ “បិសាចក្រហម” មិនបានប្រសើរឡើងទេ។ ពួកគេបានឈ្នះតែ ៣ដងប៉ុណ្ណោះ ស្មើ ២ និងចាញ់ ៦ ក្នុងចំណោម ១១ប្រកួត ក្នុងក្របខ័ណ្ឌ Premier League របស់ពួកគេ ដែលអាក្រក់ជាងកំណត់ត្រាមុនរបស់គាត់គឺឈ្នះ ៣ ស្មើ ២ និងចាញ់ ៤ ក្នុងការប្រកួតប្រាំបួនដំបូងរបស់គាត់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយ មុនពេលទទួលយកទៅដឹកនាំ Man Utd លោក Amorim គឺជាគោលដៅជំនួសលោក Pep Guardiola នៅ Man City ។ ខណៈពេលដែលដឹកនាំ Braga និង Sporting គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ ៣៩ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ចំនួន ៦ ក្នុងរយៈពេលត្រឹមតែ ៥ឆ្នាំ រួមទាំងជើងឯកថ្នាក់ជាតិចំនួន ២ ពានរង្វាន់ League Cup ចំនួន៣ និង Super Cup ចំនួន១។
មុនពេលត្រូវបានបណ្តេញចេញ Ten Hag បានជួយ Man Utd ឈ្នះពានរង្វាន់ League Cup និង FA Cup ។ ទោះជាយ៉ាងណាក៏ដោយ ទម្រង់លេងនៅ Premier League របស់គាត់បានធ្វើឱ្យក្រុមប្រឹក្សាភិបាល និងអ្នកគាំទ្រខកចិត្ត ចាប់ពីលេខ៣ ក្នុងរដូវកាល 2022-23 ដល់លេខ ៨ ក្នុងរដូវកាល 2023-24៕