Close

មិត្តចិន ផ្ដល់ វ៉ាក់សាំងការពារជំងឺឆ្លងសត្វ១លានដុស ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានសន្តិសុខ
មិត្តចិន ផ្ដល់ វ៉ាក់សាំងការពារជំងឺឆ្លងសត្វ១លានដុស ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ មិត្តចិន ផ្ដល់ វ៉ាក់សាំងការពារជំងឺឆ្លងសត្វ១លានដុស ដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ភ្នំពេញ ÷ មហាមិត្តចិនដែលជាដៃគូអភិវឌ្ឍន៍យ៉ាងជិតស្និទ្ធរបស់កម្ពុជា បានប្រគល់វ៉ាក់សាំងការពារជំងឺសត្វចំនួន១លានដុសដល់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ កម្ពុជា។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីប្រគល់ និងទទួលនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២២ នៅទីស្ដីការក្រសួងបានថ្លែងអំណរគុណដល់សាធារណៈរដ្ឋប្រជាមានិតចិនដែលបានផ្ដល់អំណោយជាវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន១លានកម្រិតដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងជំងឺឆ្លងសត្វនៅកម្ពុជា។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និង សហការីរបស់ឯកឧត្តម ដែលតែងតែជួយគាំទ្រដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រហូតមក។

គួររំឭកផងដែរថា នាពេលកន្លងមកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនលើវិស័យកសិកម្មសំខាន់ៗដូចជាដំណាំ ការចិញ្ចឹមសត្វ នេសាទ និងកៅស៊ូជាដើម ត្រូវបានអនុវត្តយ៉ាងពេញលេញ និងទទួលបានផ្លែផ្កា ជាក់ស្តែងនាពេលថ្មីៗនេះកម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិនបានជាង ២.៦០០តោន គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ហើយនាពេលខាងមុខ កម្ពុជានឹងនាំចេញ ពោត ម្រេច និងផលិតផលកសិកម្មផ្សេងៗទៀតទៅកាន់ទីផ្សារចិនផងដែរ។

ក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងថា វិស័យចិញ្ចឹមសត្វដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូល លើកកម្ពស់ការរស់នៅ និងជំរុញសេដ្ឋកិច្ចជាតិ ហើយកន្លងមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានខិតខំប្រឹងប្រែងក្នុងការជំរុញវិស័យនេះឱ្យមានការរីកចម្រើនផងដែរ ប៉ុន្តែបញ្ហាលំបាកមួយចំនួននៅតែមាន ដូចជា៖ ១). ជំងឺឆ្លងសត្វដែលធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹម ការផ្គត់ផ្គង់សាច់ និងផលិតផលសត្វនៅលើទីផ្សារក៏ដូចជាសេដ្ឋកិច្ចនៅកម្ពុជា ដែលកន្លងមកប្រទេសកម្ពុជាបានជួបប្រទះនូវការផ្ទុះ និងឆ្លងរាលដាលនៃជំងឺមួយចំនួនដូចជា ជំងឺអុតក្តាម ជំងឺសារទឹកគោក្របី ជំងឺប៉េស្តជ្រូក ជំងឺផ្ដាសាយបក្សី ជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺដុំពកស្បែកលើគោក្របី ដែលធ្វើឱ្យខូចខាតយ៉ាងខ្លាំងដល់អ្នកចិញ្ចឹមសត្វជាពិសេសកសិករនៅជនបទ និង ២). មន្ទីរពិសោធន៍ និងធនធានមនុស្សនៅមានកម្រិត បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យចិញ្ចឹមសត្វផងដែរ។

សូមជម្រាបដែរថា វ៉ាក់សាំងសត្វ១លានកម្រិតដែលទទួលបានពីក្រសួងកសិម្ម និងកិច្ចការជនបទនៃប្រទេសចិនលើកនេះ រួមមាន វ៉ាក់សាំងជំងឺអុតក្តាម ៣ប្រភេទ សម្រាប់គោក្របី ចំនួន ៥០ម៉ឺនកម្រិត និងវ៉ាក់សាំងជំងឺបូសខ្យល់គោក្របីសរុប ៥០ម៉ឺនកម្រិត ហើយវ៉ាក់សាំងទាំងនេះនឹងជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វដែលបាន និងកំពុងកើតមាន ជាបន្ថែមទៅនឹងវ៉ាក់សាំងដែលកម្ពុជាមានស្រាប់។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាឯកឧត្តម Wang Wentian និងសហការី ព្រមទាំងក្រុមហ៊ុនចិនទាំងពីរគឺ ក្រុមហ៊ុន Tianjin Ringpu Biotechnology និង ក្រុមហ៊ុន Chongqing Auleon Biologicals, Huapai Biological Group ដែលបានផ្តល់វ៉ាក់សាំងផងដែរ៕

អត្ថបទទាក់ទង