Close

ក្រសួងឧស្សាហកម្មពង្រីកប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ចំនួន ​៧ បន្ថែមទៀត

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 4:49 am ព័ត៌មានជាតិ
ក្រសួងឧស្សាហកម្មពង្រីកប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ចំនួន ​៧ បន្ថែមទៀត ក្រសួងឧស្សាហកម្មពង្រីកប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ចំនួន ​៧ បន្ថែមទៀត

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការសេវាសាធារណៈចំនួន ៧ បន្ថែមទៀត នៅលើប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ក្នុងគោលដៅបង្កើនភាពងាយស្រួល ប្រសិទ្ធភាព និងតម្លាភាពនៃការផ្តល់ និងការទទួលសេវាសាធារណៈរបស់ក្រសួង។

ការផ្លាស់ប្តូរពីការផ្តល់សេវាតាមបែបប្រពៃណីមកជាសេវាតាមប្រព័ន្ធអនឡាញនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការធ្វើទំនើបកម្មសេវាសាធារណៈ និងកាត់បន្ថយការលំបាកសម្រាប់ប្រជាពលរដ្ឋ និងធុរជន។

សេវាដែលទើបដាក់ឱ្យដំណើរការថ្មីលើប្រព័ន្ធឌីជីថលនេះ រួមមាន ៤ សេវាស្តីពីការចុះបញ្ជីផលិតផលយានយន្ត និងគ្រឿងបន្លាស់, ២ សេវាស្តីពីការចុះបញ្ជីឧបករណ៍មាត្រាសាស្ត្រ និង ១ សេវាស្តីពីការចុះបញ្ជីអង្គភាពវាយតម្លៃភាពអនុលោម។

ក្រសួងឧស្សាហកម្មពង្រីកប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ចំនួន៧បន្ថែមទៀត

សេវាសាធារណៈទាំង ៧ នេះបំពេញបន្ថែមលើការដាក់ឱ្យដំណើរការប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលរបស់ក្រសួង ដែលបានចាប់ផ្តើមដំណាក់កាលទីមួយនៅឆ្នាំ២០២៤ និងរួមមានសេវាស្នើសុំប្រកាសបង្កើតសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, សេវាស្នើសុំវិញ្ញាបនបត្រដំណើរការសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម (ថ្មី/បន្ត), និងសេវាស្នើសុំប្រកាសបង្កើតរោងចក្រ។

“ការពង្រីកប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលនេះជាជំហានថ្មីមួយទៀត នៅក្នុងបេសកកម្មរបស់ក្រសួង ក្នុងការផ្តល់សេវាសាធារណៈដែលលឿន ងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់។ ក្រសួងនឹងបន្តពង្រីកប្រព័ន្ធឌីជីថលនេះដោយបញ្ជូលសេវាជាបន្តបន្ទាប់ទៀត ដើម្បីបង្កើនតម្លាភាព និងគណនេយ្យភាព ព្រមទាំងលើកកម្ពស់ភាពងាយស្រួលក្នុងការប្រើប្រាស់សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់។”

ជាមួយនឹងការបញ្ចូលសេវាបន្ថែមទៅក្នុងប្រព័ន្ធឌីជីថលនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានធ្វើបរិវត្តកម្មឌីជីថលសេវាសាធារណៈសំខាន់ៗចំនួន ១៥ របស់ខ្លួន ដែលគ្របដណ្តប់អគ្គនាយកដ្ឋានឧស្សាហកម្ម, អគ្គនាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, វិទ្យាស្ថានស្តង់ដារកម្ពុជា, មជ្ឈមណ្ឌលជាតិមាត្រវិទ្យាកម្ពុជា, និងអគ្គនាយកដ្ឋានវាយតម្លៃទទួលស្គាល់។

ក្រសួងក៏បានដាក់ឱ្យដំណើរការមុខងារស្វែងរកព័ត៌មានបន្ថែមនៅលើគេហទំព័ររបស់ខ្លួន ដែលសាធារណជនអាចស្វែងរកព័ត៌មានស្តីពីការចុះបញ្ជីផលិតផល (ច.ប.ផ) និងស្វែងរកព័ត៌មានស្តីពីស្តង់ដារកម្ពុជា (CS)។

ក្រសួងឧស្សាហកម្មពង្រីកប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ចំនួន៧បន្ថែមទៀត

បរិវត្តកម្មឌីជីថលសេវាសាធារណៈរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គាំទ្រគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការពង្រឹងអភិបាលកិច្ច និងជំរុញកំណើនសេដ្ឋកិច្ច ដោយសម្រួលការឈានចូលទៅក្នុងប្រព័ន្ធផ្លូវការ កាត់បន្ថយនីតិវិធីដោយដៃ តម្រូវការនៃការជួបផ្ទាល់ និងពេលវេលាផ្តល់-ទទួលសេវា និងសម្រួលដល់ការទូទាត់ថ្លៃសេវា។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ៖
ប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល៖ https://services.misti.gov.kh
ថ្នាលស្វែងរកព័ត៌មានស្តង់ដារកម្ពុជា៖ https://misti.gov.kh/standards
ថ្នាលស្វែងរកព័ត៌មានចុះបញ្ជីផលិតផល (ច.ប.ផ)៖ https://misti.gov.kh/product-license-registration

ក្រសួងឧស្សាហកម្មពង្រីកប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល ចំនួន៧បន្ថែមទៀត