ក្រសួងឧស្សាហកម្មសហការជាមួយមូលនិធិ DFINITY ដើម្បីប្រើប្រាស់បច្ចេកវិទ្យា Blockchain
សិង្ហបុរី៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសហការជាមួយមូលនិធិ DFINITY ដែលជាអង្គការមិនរកប្រាក់ចំណេញមួយររបស់ប្រទេសស្វីស មានឯកទេសខាងបច្ចេកវិទ្យា Blockchain និងបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលដៅគាំទ្រកម្ពុជាឱ្យក្លាយជាតួអង្គនវានុវត្តន៍សំខាន់មួយក្នុងតំបន់។
គំនិតផ្តួចផ្តើមនេះនឹងប្រើប្រាស់វិសាលភាព ស្ថេរភាព តម្លាភាព និងកិច្ចសន្យាឆ្លាតវៃនៃបច្ចេកវិទ្យា ICP ដើម្បីប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលចំណេះដឹងសម្រាប់បច្ចេកវិទ្យាថ្មីៗ។
ជាមួយគ្នានេះ មូលនិធិ DFINITY នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤បានព្រមព្រៀងចុះហត្ថលេខារួមគ្នាលើលិខិតបញ្ជាក់បំណងជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងទិវាកាសប្តាហ៍បច្ចេកវិទ្យា blockchain សិង្ហបុរី។ កិច្ចសហការនេះនឹងប្រែក្លាយកម្ពុជាឱ្យទៅជាតួអង្គសំខាន់មួយក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន លើបច្ចេកវិទ្យា blockchain បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងអធិបតេយ្យភាពបច្ចេកវិទ្យាក្លោដ។
លោក ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “កិច្ចសហការនេះនឹងផ្តោតសំខាន់លើអធិបតេយ្យភាពបច្ចេកវិទ្យាក្លោដ និងតាមដានការប្រើប្រាស់បច្ចេកវិទ្យានេះដោយតម្លាភាព វិសាលភាព និងសុវត្ថិភាព សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទីក្រុងឆ្លាតវៃ តាមរយៈវិមជ្ឈការដំណោះស្រាយ blockchain លើបច្ចេកវិទ្យា ICP។
លោកបន្តថា ភាពជាដៃគូនេះក៏នឹងផ្តល់ឱ្យស្ថាប័ននានារបស់កម្ពុជានូវឱកាសសហការជាមួយគ្រឹះស្ថានអប់រំសិក្សាទាំងក្រៅនិងក្នុងប្រទេស លើកកម្ពស់ការស្រាវជ្រាវរួមគ្នា និងគម្រោងនវានុវត្តន៍ផ្សេងៗ ដែលគាំទ្រដោយបច្ចេកវិទ្យា blockchain សំខាន់ៗរបស់ពិភពលោក។”
ជាមួយគ្នានោះ លោក ក៏បានរំលេចផងដែរថា ការសហការជាដៃគូយុទ្ធសាស្ត្ររវាងក្រសួង និងមូលនិធិ DFINITY នឹងជាជំហានមួយដ៏សំខាន់ក្នុងការជំរុញកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាពបច្ចេកវិទ្យា ដូចបានកំណត់ក្នុងផែនទីបង្ហាញផ្លូវវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០។ ម្យ៉ាងវិញទៀត តាមរយៈការបញ្ចូលបច្ចេកវិទ្យា blockchain ទៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាតិ យើងមានគោលដៅបង្កើតដំណោះស្រាយដែលមានសុវត្ថិភាព តម្លាភាព និងវិសាលភាព ដែលនឹងជំរុញកិច្ចខិតខំប្រឹងប្រែងទីក្រុងឆ្លាតវៃ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ច និងសង្គមឌីជីថលជារួម។
ចំណែក លោក ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ “ភាពជាដៃគូនេះនឹងបង្កើតឱកាសថ្មីៗសម្រាប់ការស្រាវជ្រាវ នវានុវត្តន៍បច្ចេកវិទ្យា និងកំណើនសហគ្រិនភាព ដែលជំរុញប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជាតិ ដែលកម្ពុជាអាចក្លាយជាប្រទេសឈានមុខមួយនៅក្នុងតំបន់សម្រាប់បច្ចេកវិទ្យាថ្មីៗ ជាពិសេសបច្ចេកវិទ្យា blockchain និងបញ្ញាសិប្បនិម្មិត។
លោកបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាមិនត្រឹមតែចង់សម្រេចបាននូវវឌ្ឍនភាពបច្ចេកវិទ្យាប៉ុណ្ណោះទេ ក៏ប៉ុន្តែយើងក៏ជំរុញបរិយាកាសអំណោចផលសម្រាប់វិស័យបច្ចេកវិទ្យាដ៏រស់រវើក ដែលនឹងលើកកម្ពស់ដល់សេដ្ឋកិច្ច និងសង្គមសម្រាប់ពេលអនាគតផងដែរ។”
លោក Dominic Williams ស្ថាបនិក និងជាប្រធានក្រុមអ្នកវិទ្យាសាស្ត្ររបស់មូលនិធិ DFINITY បានលើកឡើងអំពីសារៈសំខាន់នៃលិខិតបញ្ជាក់បំណងថា៖ “យើងមានសេចក្តីរំភើបរីករាយដែលបានឈានដល់កិច្ចព្រមព្រៀងប្រកបដោយមហិច្ឆតា និងចក្ខុវិស័យវែងឆ្ងាយនេះជាមួយកម្ពុជា។ យើងជឿជាក់ថា បច្ចេកវិទ្យា blockchain និងបញ្ញាសិប្បនិម្មិត អាចផ្តល់នូវបរិវត្តន៍កម្មហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា និងឌីជីថលរបស់កម្ពុជា តាមរយៈការពង្រឹងសក្តានុពលសេដ្ឋកិច្ចកម្ពុជាក្នុងយុគសម័យឌីជីថល។
លោក Dominic William បន្ថែមថា វិសាលភាព និងតម្លាភាពនៃបច្ចេកវិទ្យា ICP នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃរបស់កម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធដែលមានសុវត្ថិភាព តម្លាភាព និងស្ថេរភាព។ កិច្ចសហការនេះនឹងជំរុញកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលមួយក្នុងតំបន់សម្រាប់ចំណេះដឹង នវានុវត្តន៍ និងជំនាញផ្សេងៗលើការប្រើប្រាស់បច្ចេកវិទ្យា blockchain សម្រាប់ទីក្រុងឆ្លាតវៃ។”
បើតាម លោក Dominic William លិខិតបញ្ជាក់បំណងរវាងកម្ពុជា និងមូលនិធិ DFINITY នេះ ជាផ្នែកមួយនៃការបន្តកិច្ចខិតខំប្រឹងប្រែងរបស់មូលនិធិ DFINITY ដើម្បីគាំទ្រនវានុវត្តន៍ និងការចែករំលែកចំណេះដឹងជាមួយរដ្ឋាភិបាល ទីភ្នាក់ងារ និងស្ថាប័ននានានៅទូទាំងពិភពលោក អំពីសក្តានុពលនៃអធិបតេយ្យភាពបច្ចេកវិទ្យាក្លោដ ដើម្បីធានាអធិបតេយ្យភាពទិន្នន័យ។ មូលនិធិ DFINITY ក៏ផ្តោតលើការចូលរួមជាមួយសហគ្រិន និងស្ថាប័នដែលធ្វើការផ្តោតលើបច្ចេកវិទ្យានៅតំបន់អាស៊ានផងដែរ។
មូលនិធិ DFINITY ត្រូវបានបង្កើតឡើងនៅក្នុងទីក្រុង Zürich ប្រទេសស្វីស ក្នុងឆ្នាំ២០១៦។ មូលនិធិនេះបានក្លាយជាស្ថាប័នបច្ចេកវិទ្យា blockchain ដ៏ធំបំផុតមួយនៅក្នុងប្រទេសស្វីស និងតំបន់ DACH (អាល្លឺម៉ង់ អូទ្រីស និងស្វីស) ដែលមានធនធានមនុស្សមានទេពកោសល្យមកពីស្ថាប័នក្នុងស្រុក និងអន្តរជាតិធំៗដូចជា IBM Research, Google Research, Meta, ។ល។
មូលនិធិ DFINITY គឺជាស្ថាបនិក និងជាអ្នករួមចំណែកដ៏សំខាន់ដល់ប្រព័ន្ធហរិញ្ញវត្ថុនិមិត្ត Internet Computer ជាបច្ចេកវិទ្យា blockchain ជំនាន់ទីបី ដែលពង្រីកមុខងាររបស់ប្រព័ន្ធអ៊ីនធឺណិតពីបណ្តាញដែលភ្ជាប់ឧបករណ៍ទូទាំងពិភពលោក ទៅជាថ្នាលបច្ចេកវិទ្យាកុំព្យូទ័រដែលផ្ទុកប្រព័ន្ធ និងសេវាកម្មដោយផ្ទាល់នៅលើបច្ចេកវិទ្យា blockchain៕