មុនប៉ះគ្នាវគ្គផ្ដាច់ព្រ័ត្រ ខ្សែការពារក្រុមជម្រើសជាតិថៃ និយាយថា យើងមិនខ្លាចវៀតណាមទេ
ខ្សែការពារកណ្តាលរបស់ក្រុមជម្រើសជាតិថៃ កីឡាករ Chalermsak Aukkee បានបង្ហាញទំនុកចិត្តលើសមត្ថភាពរបស់ថៃ ក្នុងការយកឈ្នះវៀតណាម ក្នុងវគ្គផ្តាច់ព្រ័ត្រ ASEAN Cup 2024 ហើយអះអាងថា ខ្លួនមិនដឹងថា តារាថ្មីរបស់ពួកគេគឺខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Nguyen Xuan Son ជានរណានោះទេ។
បន្ទាប់ពីជ័យជម្នះ យ៉ាងត្រចះត្រចង់របស់ថៃ ក្នុងលទ្ធផល ៤-៣ លើហ្វីលីពីន នឹងទទួលបានកៅអីក្នុងវគ្គផ្តាច់ព្រ័ត្រ កីឡាករ Chalermsak Aukkee ត្រូវបានសួរថា តើគាត់មានការព្រួយបារម្ភ ចំពោះការប្រឈមមុខនឹងវៀតណាម ក្នុងវគ្គផ្តាច់ព្រ័ត្រទាំង២ជើង នៅថ្ងៃទី ២ និង ៥ ខែមករា ឆ្នាំ ២០២៥។ ខ្សែការពាររូបនេះ បាននិយាយថា ៖«ទម្រង់លេងរបស់ថៃ មានភាពប្រសើរឡើង ពីមួយការប្រកួតទៅមួយប្រកួត។ យើងមិនខ្លាចការលេងជាមួយវៀតណាម នៅទីក្រុងបាងកក នោះទេ។ សំណួរគួរតែសួរថា តើវៀតណាម ខ្លាចថៃ ឬអត់»។
Aukkee ដែលជាកីឡាករសំខាន់ក្នុងវិស័យការពាររបស់ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងប្រឈមមុខជាមួយកីឡាករ Nguyen Xuan Son ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ ក្នុងការប្រកួតជាមួយក្នុងពានរង្វាន់នេះ ដោយមាន ៥គ្រាប់ ក្នុងការបង្ហាញខ្លួនតែ 3 ប៉ុណ្ណោះ។
នៅពេលសួរអំពីខ្សែប្រយុទ្ធចូលសញ្ជាតិ Nguyen Xuan Son កីឡាករ Chalermsak Aukkee បាននិយាយថា៖« តើ Xuan Son ជានរណា? តើគាត់ខ្លាំងមែនទេ? ទុកឱ្យគាត់ឲ្យ Khemdee បិទទៅ ខ្ញុំធានាថា Khemdee ខ្លាំងជាង»។
កីឡាករ Jonathan Khemdee មិត្តរួមក្រុមរបស់ Aukkee គឺជាខ្សែការពារកណ្តាល កម្ពស់ ១.៩០ ម៉ែត្រ ដែលកើត និងធំធាត់ នៅប្រទេសដាណឺម៉ាក។ កីឡាករវ័យ ២២ឆ្នាំរូបនេះ គឺជាកីឡាករឆ្នើមម្នាក់ ក្នុងព្រឹត្តិការណ៍ ASEAN Cup 2024 ហើយមានចិត្តចង់ជួយថៃរក្សា ជើងឯក ASEAN Cup ។ រូបគេក៏ជាកីឡាករតែម្នាក់គត់ដែលបានបោះមេដាយប្រាក់របស់ខ្លួនចោល ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅកម្ពុជាផងដែរ៕