កម្ពុជាជំរុញឱ្យមានទេសចរណ៍ប្រកបដោយការទទួលខុសត្រូវនៅខេត្តសៀមរាប
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាស្តីពីគោលនយោបាយ និងអភិបាលកិច្ចទេសចរណ៍៖ ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងការគ្រប់គ្រងគោលដៅ នៅខេត្តសៀមរាប។
វេទិកានេះ រៀបចំក្រោម ក្រោមអធិបតីភាព លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការចូលរួមពី លោក ង៉ូវ សេងកាក់ អភិបាលរងអភិបាលខេត្តសៀមរាប រួមនឹងប្រតិភូក្រសួង តំណាងមន្ទីរទេសចរណ៍មកពីបណ្ដារាជធានីខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត បណ្ដាវិស័យឯកជនជាតិ អន្តរជាតិ និងវាគ្មិនបរទេសមកពីប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ផងដែរ។
វេទិកានាពេលនេះ ធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការអនុវត្តទេសចរណ៍ប្រកបដោយការទទួលខុសត្រូវតាមរយៈ ការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន និងសហគមន៍មូលដ្ឋាន, ពង្រឹងការគ្រប់គ្រងគោលដៅ, ពង្រឹងគោលនយោបាយទេសចរណ៍ប្រកបដោយនិរន្តរភាព និងរដ្ឋាភិបាល, ផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន និងប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ទេសចរណ៍ប្រកបដោយនិរន្តរភាពតាមរយៈការចែករំលែកចំណេះដឹងស្តីពី ឧត្តមានុវត្តន៍ គំនិតច្នៃប្រឌិត ការរកឃើញនៃការស្រាវជ្រាវ អនុសាសន៍គោលនយោបាយពីរដ្ឋាភិបាល បញ្ញវន្ត អ្នកស្រាវជ្រាវ និងវិស័យឯកជនក្នុងវិស័យទេសចរណ៍នៅកម្ពុជា។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបថ្លែងថា ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងការគ្រប់គ្រងគោលដៅ ត្រូវធ្វើការរួមគ្នា ដើម្បីធានានិរន្តរភាពរយៈពេលវែង និងភាពទាក់ទាញនៃគោលដៅ។ ខណៈពេលដែលទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ ផ្តល់នូវការណែនាំដ៏មានតម្លៃនៃនត្ថិភាព ការរួមបញ្ចូល និងអាកប្បកិរិយាក្រមសីលធម៌ ការគ្រប់គ្រងគោលដៅបង្កើតប្រព័ន្ធ និងយុទ្ធសាស្ត្រ ដែលត្រូវការដើម្បីអនុវត្តតម្លៃទាំងនេះនូវគ្រប់សកម្មភាព ទេសចរណ៍ទាំងអស់។
លោកបន្តថា នៅពេលរួមបញ្ចូលគ្នា វិធីសាស្ត្រទាំងពីរនេះធានាថាគោលដៅរីកចម្រើនផ្នែកសេដ្ឋកិច្ច ការពារសម្បត្តិធម្មជាតិ និងវប្បធម៌ និងផ្តល់នូវបទពិសោធដ៏សម្បូរបែបសម្រាប់ភ្ញៀវទេសចរ និងម្ចាស់ស្រុកដូចគ្នា។
លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះការអភិវឌ្ឍវិស័យទេសចរណ៍ត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងបញ្ចកោណទី២ មុំទី១ ចំណុចទី៥ ដែលផ្តោតលើការបន្តលើកកម្ពស់វិស័យទេសចរណ៍ ជាពិសេសការបន្តជំរុញការលើការអភិវឌ្ឍទេសចរណ៍ វប្បធម៌ និងធម្មជាតិ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការជំរុញ បង្កើតប្រភេទផលិតផលទេសចរថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្ត ក៏ដូចជាការរៀបចំ និងការដាក់ចេញគោលនយោបាយ និងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍នានា។
លោក បន្តថា ក្រសួងទេសចរណ៍ បានកំណត់ចក្ខុវិស័យច្បាស់លាស់ សម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់កម្ពុជា ជាគោលដៅទេសចរណ៍ឈានមុខប្រកបដោយគុណភាព ផ្តល់ភាពកក់ក្តៅ និងភាពជឿជាក់ដល់ភ្ញៀវទេសចរ។
ក្នុងន័យនេះ លោក បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបានការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ ធានាបាននូវចីរភាព និងបរិយាបន្ន។ ជាមួយនេះ សូមឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមផ្សព្វផ្សាយតែព័ត៌មានវិជ្ជមាន ដើម្បីលើកកម្ពស់គោលដៅទេសចរណ៍ ស្របតាមពាក្យស្លោកថា “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” “ម្នាក់ៗគឺជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាដ៏សកម្មម្នាក់ និង ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍”៕