រដ្ឋលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍
ភ្នំពេញ៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ បានប្រកាសលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍។
សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ឱ្យដឹងថា «អនុវត្តតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រសួងទេសចរណ៍ មានកិត្តិយសជម្រាបជូនដំណឹងដល់សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែ ភាសាបន្តទាំងអស់ មេត្តាជ្រាបថា ដើម្បីជាយន្តការលើកទឹកចិត្តដល់លោក-លោកស្រីជាមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ និងចូលរួមកាត់បន្ថយបន្ទុកអនុលោមភាព រាជរដ្ឋាភិបាលសម្រេច លើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ គ្រប់កម្រិត និងការហួសសុពលភាពបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤»។
ជុំវិញបញ្ហានេះ រដ្ឋបាលខេត្ត និងបងប្អូនប្រជាពលរដ្ឋជាមគ្គុទេសទេចរណ៍សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលបានផ្តល់ការយកចិត្តទុកដាក់ដល់មគ្គុទេសទេសចរណ៍ដូចខាងក្រោម :
១. ការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ដោយពន្យារឱសានវាទអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ តែចំពោះប្រាក់ផាកពិន័យ ដែលបានបង់រួចរាល់ នឹងមិនទទួលបានការបង្វិលសងវិញនោះទេ។
២. ផ្តល់ការណែនាំឱ្យសិក្សាលទ្ធភាពបន្ថយការផាកពិន័យលើការយឺតយ៉ាវក្នុងការបន្តសុពលភាពអាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍
៣. រៀបចំនីតិវិធីក្នុងការសុំអាជ្ញាបណ្ណថ្មី និង បន្តសុពលភាពអាជ្ញាបណ្ណរបស់មគ្គុទេ្ទសក៍ទេសចរណ៍ឱ្យមានភាពងាយស្រួល ឆាប់រហ័ស និងទាន់ពេលវេលាជូនបងប្អូនមគ្គុទេ្ទសក៍ ទេសចរណ៍
៤. ការផ្តល់ជាពិសេសជូនបងប្អូនមគ្គុទេ្ទសក៍ទេសចរណ៍ គឺបន្ថែមជូនសុពលភាពអាជ្ញាបណ្ណមគ្គុទេ្ទសក៍ទេសចរណ៍ ពី២ឆ្នាំ ទៅ៣ឆ្នាំ៕