ក្រសួងកសិកម្ម ជំរុញការនាំអង្ករកម្ពុជាចេញទៅទីផ្សារប្រទេសបារាំង
តាមរយៈបេសកកម្មទៅកាន់ប្រទេសបារាំងកាលពីពេលថ្មីៗនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម បានស្វែងយល់ពីកសិផលដែលប្រទេសបារាំងត្រូវការ និងឱកាសដែលកម្ពុជាអាចឈានចូលទៅទីផ្សារប្រទេសបារាំងបាន ក្នុងនោះ កម្ពុជាត្រូវផលិតកសិផលដែលធានាគុណភាព និងសុវត្ថិភាពតាមស្តង់ដារ ដើម្បីជួយផ្ដល់តម្លៃបន្ថែមខ្ពស់ ព្រមទាំង ជំរុញឱកាសប្រកួតប្រជែងនៅលើឆាកអន្ដរជាតិ។
នាឱកាសបេសកកម្មនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានសង្កត់ធ្ងន់លើការចុះបញ្ជីម៉ាកអង្ករ «ផ្ការំដួល» ដើម្បីសម្គាល់ផលិតផលខ្មែរ ដែលអាចឱ្យអតិថិជនមានទំនុកចិត្ត និងស្គាល់ផលិតផលយើង ទៅតាមការស្នើរសុំរបស់សមាគម ខ្មែរនៅបារាំង។
ដើម្បីបន្ថែមស្តង់ដារដល់ផលិតផលខ្មែរទៀតនោះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមានការបង្កើតចេញនូវ QR Code ដែលអាចកំណត់នូវប្រភព និងខ្សែច្រវាក់តម្លៃ សំដៅផ្តល់ការទុកចិត្តដល់អ្នកទិញផលិតផលកសិកម្មទាំងក្នុង និងក្រៅប្រទេសផងដែរ។
យ៉ាងណាមិញ ដំណើរទស្សនកិច្ចនៅពិព័រណ៍កសិកម្មអន្តរជាតិនៅប្រទេសបារាំង ពីសំណាក់ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា គឺជាឱកាសមួយសម្រាប់ប្រទេសកម្ពុជា ឈានទៅបើកផ្លូវសម្រាប់ វិស័យឯកជនខ្មែរ នាំកសិផលខ្មែរដែលមានគុណភាព និងតម្លៃបន្ថែមខ្ពស់ ទៅកាន់ទីផ្សារបរទេស ព្រមទាំងជាឱកាសសម្រាប់វិនិយោគិនបរទេស មកដាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ។
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវ-អង្ករ កម្ពុជា កាលពីឆ្នាំ ២០២២កន្លងទៅ អង្ករកម្ពុជាពូជ«ផ្ការំដួល» ទទួលបានជ័យលាភីលេខ១ ជាអង្ករល្អដាច់គេលំដាប់ថ្នាក់ពិភពលោក នៅក្នុងការប្រកួតប្រជែងនៃវេទិកាស្រូវ-អង្ករពិភពលោក ដែលបានធ្វើឡើងនាប្រទេសថៃ។ នេះជាលើកទី៥ហើយ ដែលអង្ករកម្ពុជា បានទទួលជ័យលាភីជាអង្ករដែលមានគុណភាពល្អ ហើយនេះក៏ ជាមោទនភាពសម្រាប់កម្ពុជា និងជាឱកាសក្នុងការជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត។
សម្រាប់ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ២០២២ វិញ គឺមានចំនួន៦៣៧,០០៤តោន និងស្រូវចំនួន ៣,៣៦៧,៨៨៦តោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានសរុបបានប្រមាណជាង ១,២៥៥លានដុល្លារ។ នេះបើតាម សហព័ន្ធស្រូវអង្ករកម្ពុជាដដែល។
គួរំលឹកថា ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានដឹកនាំគណៈប្រតិភូ ដែលក្នុងនោះរួមមន្ដ្រីជាន់ខ្ពស់ មកពីក្រសួង កសិកម្ម ក្រសួងពាណិជ្ជកម្ម និងវិស័យឯកជន ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ រហូតដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣។
នៅក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម និងប្រតិភូអមនាពេលថ្មីៗនេះ ឯកឧត្តម ឌិត ទីណា បានទៅចូលរួមពិព័រណ៌កសិកម្មនៅទីក្រុងប៉ារីស ជួបសំណេះសំណាល ជាមួយបងប្អូនខ្មែររស់នៅប្រទេសបារាំង ព្រមទាំងចូលរួមផ្ដល់បទសម្ភាសន៍ឱ្យវិទ្យុបារាំងអន្តរជាតិដែលជជែកជុំវិញការធ្វើឱ្យប្រសើរនូវវិស័យកសិកម្មកម្ពុជាជាដើម៕