ប្រវត្តិសាស្រ្តថ្មី! ក្រុមជម្រើសជាតិនារីកម្ពុជា បានឡើងទៅកាន់ “វគ្គផ្ដាច់ព្រ័ត្រ” AFF Women’s Cup 2024
នៅមុននេះបន្តិច! ក្រុមជម្រើសជាតិនារីកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក ឃួន ឡាបូរ៉ាវី បានកក់កៅអីវគ្គផ្តាច់ព្រ័ត្រហើយ ក្នុងពានរង្វាន់ AFF Women’s Cup 2024 ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តបាល់ទាត់នារីកម្ពុជា ក្រោយឈ្នះ ក្រុមទីម័រខាងកើត ក្នុងលទ្ធផល ៣-០។
ប្រកួតដែលធ្វើឡើងនៅឯកីឡដ្ឋាន New Laos National Stadium ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជា បានបន្តភាពខ្លាំងរបស់ខ្លួន ដោយបានបំបាក់ ទីម័រខាងកើត ក្នុងលទ្ធផល ៣ទល់នឹង០។ ក្រោយឆ្លងកាតការប្រកួតចំនួន៣ប្រកួត គេសង្កេតឃើញថា ប្រព័ន្ធការពាររបស់កម្ពុជា ពិតជាល្អមែនទែន ដោយមិនទាន់របូតគ្រាប់បាល់ សូម្បីតែមួយគ្រាប់ និងស៊ុតបញ្ជូលទីបានចំនួន ៥គ្រាប់។
លទ្ធផលការប្រកួតទាំង៣ប្រកួតរបស់ ៖
-ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឥណ្ឌូណេស៊ី ០-០ កម្ពុជា
-ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្ពុជា ២-០ ម៉ាឡេស៊ី
-ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ កម្ពុជា ៣-០ ទីម័រខាងកើត។
ដូច្នេះកម្ពុជា ឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រមុន ដោយរងចាំក្រុមឈ្នះ រវាង ឥណ្ឌូណេស៊ី ជាមួយ សិង្ហបុរី នៅម៉ោង៧ យប់នេះ។
សម្រាប់ពានរង្វាន់ AFF Women’s Cup 2024 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅប្រទេសឡាវ។ សម្រាប់ក្រុមជម្រើសជាតិនារីកម្ពុជាវិញ ធ្លាប់បានចូលរួមចំនួន ៣លើក នៅឆ្នាំ២០១៨ ២០១៩ និង២០២២ តែមិនដែលឆ្លងផុតវគ្គចែកពូលឡើយ។
គួរបញ្ជាក់ថា ពានរង្វាន់ជើងឯកផ្នែកនារី ប្រចាំតំបន់អាស៊ាន ASEAN Women’s Cup 2024នេះ មានក្រុមចូលរួមចំនួន៦ បែងចែកជា ២ពូល ដែលពូល A មាន៖ ទីម័រខាងកើត សិង្ហបុរី និងឡាវ ចំណែក ពូល B មាន៖ ឥណ្ឌូណេស៊ី កម្ពុជា និងម៉ាឡេស៊ី។ ដោយក្នុង១ពូល គេយក ២ក្រុម លេខ១ និងលេខ២ ឡើងទៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ៕