Close

រុស្ស៊ីជ្រើសរើសទាហានស៊ីឈ្នួលយេម៉ែនរាប់រយនាក់ ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
រុស្ស៊ីជ្រើសរើសទាហានស៊ីឈ្នួលយេម៉ែនរាប់រយនាក់ ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ីជ្រើសរើសទាហានស៊ីឈ្នួលយេម៉ែនរាប់រយនាក់ ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន

បរទេស៖ សារព័ត៌មាន Financial Timesបានរាយការណ៍កាលពីថ្ងៃទី ២៤ ខែវិច្ឆិកាថា ប្រទេសរុស្ស៊ីបានជ្រើសរើសទាហានស៊ីឈ្នួលរាប់រយនាក់ពីប្រទេសយេម៉ែន ដើម្បីធ្វើសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ុយក្រែន។

ក្រុមអ្នកដែលត្រូវជ្រើសរើសបានប្រាប់សារព័ត៌មាន Financial Times ថា ពួកគេត្រូវបានគេសន្យាថានឹងទទួលបានការងារដែលមានកម្រៃ «ប្រាក់ខែខ្ពស់» និង សញ្ជាតិរុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍ ដែលចុះផ្សាយដោយសារព័ត៌មាន Financial Times បន្ទាប់ពីពួកគេបានទៅដល់ប្រទេសរុស្ស៊ី ដោយមានជំនួយពីក្រុមហ៊ុនដែលទាក់ទងជាមួយក្រុម Houthi ពួកគេត្រូវបាន «បញ្ចូលទៅក្នុងជំរុំកងទ័ពរបបស់ប្រទេសរុស្ស៊ីដោយបង្ខំ» ហើយត្រូវបានបញ្ជូនទៅជួរមុខក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មាន Financial Times បានពណ៌នាប្រតិបត្តិការនេះថាជា «ប្រតិបត្តិការជួញដូរដោយស្រមោល « ដោយគូសបញ្ជាក់ពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងវិមានក្រឹមឡាំង និងក្រុមសកម្មប្រយុទ្ធ Houthi ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់របស់យេម៉ែន។

រុស្ស៊ីជ្រើសរើសទាហានស៊ីឈ្នួលយេម៉ែនរាប់រយនាក់ ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន

របាយការណ៍បង្ហាញថា ប្រទេសរុស្ស៊ីបានជ្រើសរើសមនុស្សមកពីប្រទេសនេប៉ាល់ សូម៉ាលី ឥណ្ឌា គុយបា និងប្រទេសផ្សេងៗទៀត ដើម្បីយកមកធ្វើជាទាហាន ។ អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ១២ ខែវិច្ឆិកាថា ប្រទេសកូរ៉េខាងជើងក៏បានបញ្ជូនទាហានប្រមាណ ១0,000 នាក់ទៅកាន់ប្រទេសរុស្ស៊ីផងដែរ ដែលភាគច្រើនកំពុងឈរជើងនៅតំបន់ Kursk ភាគខាងលិច និងចូលរួមក្នុងការប្រយុទ្ធ។

កាលពីខែតុលា កាសែត Wall Street Journal (WSJ) បានបង្ហាញថា ក្រុមសកម្មប្រយុទ្ធ Houthi របស់ប្រទេសយេម៉ែន បាននិងកំពុងប្រើប្រាស់ទិន្នន័យផ្កាយរណបរបស់រុស្ស៊ី ដើម្បីតម្រង់គោលដៅលើនាវានៅក្នុងសមុទ្រក្រហម ជាមួយនឹងយន្តហោះគ្មានមនុស្សបើក និងមីស៊ីល។ ព័ត៌មានកំណត់គោលដៅត្រូវបានគេរាយការណ៍ថាបានផ្តល់ឱ្យតាមរយៈកងឆ្មាំបដិវត្តន៍អ៊ិស្លាមរបស់អ៊ីរ៉ង់ ដែលអាចឱ្យក្រុម Houthi ពង្រីកការវាយប្រហាររបស់ខ្លួន។

កាសែត Wall Street Journal បានរាយការណ៍ថា កិច្ចសហការនេះបង្ហាញឱ្យឃើញពីចម្ងាយដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានឆន្ទៈក្នុងការឆ្ពោះទៅរកអស្ថិរភាពដល់សណ្តាប់ធ្នាប់នយោបាយ និងសេដ្ឋកិច្ចលោកខាងលិច។

អ្នកវិភាគបានលើកឡើងថា ទីក្រុងមូស្គូមានបំណងបង្កភាពចលាចលពីមជ្ឈិមបូព៌ាមកកាន់អាស៊ី ដើម្បីបំបែរអារម្មណ៍សហរដ្ឋអាមេរិក។ យោងតាម សារព័ត៌មាន Financial Times បេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសយេម៉ែន Tim Lenderking បានបញ្ជាក់ថា រុស្ស៊ីកំពុងបន្តទំនាក់ទំនងយ៉ាងសកម្មជាមួយក្រុម Houthis រួមទាំងការពិភាក្សាពាក់ព័ន្ធនឹងការផ្ទេរអាវុធផងដែរ។

ខណៈពេលដែលលោក Lenderking បដិសេធមិនរៀបរាប់លម្អិត លោកបានកត់សម្គាល់ថាបុគ្គលិករុស្ស៊ីនៅ Sana’a កំពុងសម្របសម្រួលកិច្ចសន្ទនានេះ។

លោក Lenderking បានប្រាប់ កាសែត Wall Street Journal ថា «ប្រភេទអាវុធដែលកំពុងត្រូវបានពិភាក្សាគឺគួរឱ្យព្រួយបារម្ភណាស់ ហើយនឹងអាចឱ្យក្រុម Houthis កំណត់គោលដៅបានប្រសើរជាងមុនលើនាវានៅក្នុងសមុទ្រក្រហម និងអាចលើសពីនេះ»៕