ស្ងាត់ៗ! គ្រូបង្វឹករបស់ Lionel Messi សម្រេចចែកផ្លូវជាមួយ Inter Miami
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីន លោក Tata Martino បានសម្រេចចិត្តចែកផ្លូវជាមួយក្លឹប Inter Miami ដែលមាន Lionel Messi ជាប្រធានក្រុមហើយ បន្ទាប់ពីដឹកនាំបានរយៈពេលជាងមួយឆ្នាំ។
យោងតាមកាសែត TyC Sports លោក Tata Martino នឹងលាលែងពីតំណែងពី Inter Miami ដោយសារហេតុផលផ្ទាល់ខ្លួន។ គេរំពឹងថា ក្នុងរយៈពេលពីរថ្ងៃទៀត គ្រូបង្វឹកវ័យ ៦២ឆ្នាំរូបនេះ និងជាសហប្រធានក្លឹប លោក Jorge Mas នឹងធ្វើសន្និសីទសារព័ត៌មាន អំពីការសម្រេចចិត្តចែកផ្លូវនេះ។
លោក Martino បានដឹកនាំក្លឹប Inter Miami តាំងពីខែមិថុនា ឆ្នាំ ២០២៣ ដោយបានជួយក្លឹបឡើងពីបាតតារាង ហើយបានជួយក្លិប Miami ឈ្នះពានជាមួយ Leagues Cup និង Supporters’ Shield ។ លោកក៏បានជួយ Inter Miami បង្កើតកំណត់ត្រានៅ Supporters’ Shield ដោយរកបាន ៧៤ពិន្ទុ ក្នុងមួយរដូវកាល ដែលលើសពីកំណត់ត្រាចាស់ ដែលធ្លាប់ធ្វើបានដោយ ដោយក្រុម New England Revolution រកបាន ៧៣ពិន្ទុ។
Inter Miami បានបិទរដូវកាល ២០២៤ ជាមួយនឹងការបរាជ័យ ៣-២ ក្រោមថ្វីជើងក្រុម Atlanta United ក្នុងជុំទីមួយ នៃពានរង្វាន់ MLS Cup ។ បន្ទាប់ពីការប្រកួតនោះ លោក Martino បាននិយាយថា Inter Miami មានរដូវកាលមិនជោគជ័យ។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន បាននិយាយថា៖«មានរឿងល្អ មានរឿងអាក្រក់។ ក្រុមបានប្រសើរឡើងយ៉ាងច្បាស់ បើប្រៀបធៀបទៅនឹងឆ្នាំមុន។ ប៉ុន្តែប្រសិនបើយើងពិចារណាលើការរំពឹងទុកនៃ MLS Cup យើងបរាជ័យ»។
មុនពេលចូលរួមជាមួយ Inter Miami លោក Martino បានឈ្នះពាន Spanish Super Cup 2013-14 ជាមួយ Barca, MLS Cup ជាមួយ Atlanta United និង Gold Cup ជាមួយម៉ិកស៊ិក។ គ្រូបង្វឹកអាហ្សង់ទីន ក៏បានជួយប៉ារ៉ាហ្គាយ និងអាហ្សង់ទីន ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Copa America ៣លើកផងដែរ។
គួរបញ្ជាក់ថា រដូវកាលថ្មី នឹងចាប់ផ្តើមនៅចុងខែកុម្ភៈ ឆ្នាំ ២០២៥ ហើយ Inter Miami មានពេលបីខែ ដើម្បីស្វែងរកគ្រូបង្វឹកថ្មី៕