Close

វៀតណាម ប្រកាសបញ្ជីឈ្មោះកីឡាករទាំង ២៣ នាក់ សម្រាប់បោះជំរុំហ្វឹកហាត់ លើកទី១ ត្រៀមស៊ីហ្គេម នៅកម្ពុជា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ កីឡា
វៀតណាម ប្រកាសបញ្ជីឈ្មោះកីឡាករទាំង ២៣ នាក់ សម្រាប់បោះជំរុំហ្វឹកហាត់ លើកទី១ ត្រៀមស៊ីហ្គេម នៅកម្ពុជា វៀតណាម ប្រកាសបញ្ជីឈ្មោះកីឡាករទាំង ២៣ នាក់ សម្រាប់បោះជំរុំហ្វឹកហាត់ លើកទី១ ត្រៀមស៊ីហ្គេម នៅកម្ពុជា

នារសៀលថ្ងៃទី២ ខែមីនា ម្សិលមិញនេះ គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិលោក Philippe Troussier បានប្រកាសបញ្ជីឈ្មោះក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម អាយុក្រោម២២ឆ្នាំ ចំនួន ២៣នាក់ សម្រាប់បោះជំរុំហ្វឹកហាត់លើកដំបូងក្នុងឆ្នាំ២០២៣ ដើម្បីត្រៀមខ្លួនលេងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់សហព័ន្ធកីឡាបាល់ទាត់វៀតណាម(VFF)។

បើតាមគម្រោង ក្រុមជម្រើសជាតិវៀតណាមនឹងជួបជុំគ្នាបោះជំរុំហ្វឹកហាត់ ចាប់ពីថ្ងៃទី ៨ ដល់ ១២ ខែមីនា នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបាល់ទាត់យុវជនវៀតណាម។ គោលបំណងសំខាន់នៃការប្រមូលផ្តុំក្រុមជម្រើសជាតិវៀតណាមនេះ គឺបង្កើតឱកាសសម្រាប់គ្រូបង្វឹកថ្មី Philippe Troussier ដើម្បីបង្កើតទំនាក់ទំនងជាមួយកីឡាកររបស់ក្រុម និងណែនាំពីទស្សនវិជ្ជាបាល់ទាត់ និងទម្រង់លេងដែលលោកនឹងអនុវត្តសម្រាប់ក្រុមនាពេលខាងមុខ។

ការបោះជំរុំហ្វឹកហាត់លើកទី២ នឹងចាប់ផ្តើមពីថ្ងៃទី១២ ខែមីនា និងបញ្ចប់នៅថ្ងៃទី១៧ ខែមីនា។ ក្នុងដំណាក់កាលនេះ ក្រុមនឹងហ្វឹកហាត់ជាមួយនឹងផែនការស៊ីជម្រៅបន្ថែមទៀត ហើយរំពឹងថា នឹងមានការប្រកួតមិត្តភាព១ ឬ ២ប្រកួត ទល់នឹងក្លិបខ្លាំងនៃលីគកំពូលវៀតណាម (V.League)។

តំណាក់កាលចុងក្រោយនោះ នឹងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៩ ខែមីនា មានរយៈពេល១២ថ្ងៃ ហើយកម្លាំងកីឡាករស្ទើរតែគ្រប់សម្រាប់ស៊ីហ្គេម លើកទី៣២ នឹងធ្វើដំណើរទៅហ្វឹកហាត់ និងប្រកួតមិត្តភាពនៅប្រទេសអារ៉ាប់រួម ជាមួយគូប្រកួតដែលមានគុណភាព។

មែនទែនទៅ គ្រូបង្វឹកថ្មីក្រុមជម្រើសជាតិវៀតណាម បានផ្តល់អាទិភាពកោះហៅកីឡាករទាំងអស់ ដែលបានចូលរួមក្នុងការប្រកួត AFF Mitsubishi Electric Cup 2022។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងបញ្ជីនេះមិនមានវត្តមានរបស់ខ្សែបម្រើឆ្នើម Nguyen Quang Hai និងខ្សែប្រយុទ្ធ Nguyen Van Toan នោះទេ ព្រោះពេលនេះកីឡាករទាំងពីរ កំពុងលេងនៅក្រៅប្រទេស។

គួរបញ្ជាក់ថា លោក Philippe Troussier ទើបទទួលការតែងតាំងជាផ្លូវការ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែលត្រូវកាន់តួនាទីជាគ្រូជម្រើសជាតិក្រុមធំផង និងក្រុមជម្រើសជាតិអាយុក្រោម២៣ឆ្នាំផង សម្រាប់កិច្ចសន្យារយៈពេល៣ឆ្នាំ៕

អត្ថបទទាក់ទង