ឥណ្ឌូណេស៊ី កោះហៅកីឡាករ ៣៤នាក់ ឱ្យប្រមូលផ្ដុំគ្នាជាលើកដំបូង ត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូណេស៊ី បានប្រកាសកាលពីថ្ងៃម្សិលមិញថា ពួកគេ នឹងធ្វើការប្រមូលផ្តុំគ្នាហ្វឹកហាត់ជាលើកដំបូង សម្រាប់ក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ នៅថ្ងៃទី២ ខែមីនា នេះ ដើម្បីត្រៀមខ្លួន សម្រាប់បេសកកម្មឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅប្រទេសកម្ពុជា។
ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិឥណ្ឌូណេស៊ី លោក Indra Sjafri បានកោះហៅកីឡាករសរុបចំនួន ៣៤នាក់ ចូលជំរុំហ្វឹកហាត់ ដើម្បីចាប់ផ្តើមដំណាក់កាលជម្រុះកីឡាករដំបូង។
លោក Indra Sjafri បាននិយាយនៅក្នុងគេហទំព័រផ្លូវការរបស់ PSSI ថា ៖ « យើងបានកោះហៅកីឡាករចំនួន ៣៤ នាក់ជាមុន ដែលក្នុងនោះមានកីឡាករមកពី League 1 និង League 2 ។ ការហ្វឹកហាត់ដំណាក់កាលដំបូងនេះ ធ្វើឡើងនៅទីក្រុងហ្សាកាតា»។
លោកបានបន្ថែមថា ៖ «មុនពេលកោះហៅកីឡាករ ពួកយើងមានការប្រជុំតាមអ៊ីនធឺណិតជាមួយគ្រូបង្វឹកទាំងអស់នៃក្លិបមកពី League 2 និង League 1 ហើយបានទទួលការគាំទ្រពីពួកគេ។ ជំរុំហ្វឹកហាត់នឹងបញ្ចប់នៅថ្ងៃទី ១៦ ខែមីនា ហើយសម្រាប់កីឡាករ ដែលលេងជាប្រចាំក្នុង League 1 យើងមិនបានកោះហៅពួកគេមកជំរុំហ្វឹកហាត់នៅពេលនេះនោះទេ»។
តាមផែនការ ដំណើរការហ្វឹកហាត់របស់ក្រុម U22 ឥណ្ឌូណេស៊ី ក្នុងខែមីនា ឆ្នាំ២០២៣ នឹងចែកចេញជា២ ដំណាក់កាល។ សម្រាប់ដំណាក់កាលទី១ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមីនា ហើយដំណាក់កាលទី២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៦ ខែមីនា។ ដូច្នេះក្នុងអំឡុងពេលបោះជំរុំហ្វឹកហាត់នេះ វាទំនងជានឹងមានការកាត់បន្ថយកីឡាករមួយចំនួន និងការបន្ថែមកីឡាមួយចំនួនទៀត។
ជាមួយគ្នានេះ ដើម្បីបង្វឹកក្រុម U-22 លោក Indra Sjafri ត្រូវបានជួយដោយជំនួយការគ្រូបង្វឹក លោក Bima Sakti, Eko Purjianto, Kurniawan Dwi Yulianto បន្ទាប់មកមានគ្រូបង្វឹកកាយសម្បទា គឺលោក Alex Aldha និងគ្រូបង្វឹកអ្នកចាំទី Sahari Gultom ៕