ភ្នំពេញក្រោន ជាក្រុមតែមួយគត់ បន្តភាពមិនចាញ់សោះនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្រុមសឹងក្រហមភ្នំពេញក្រោន ក្រោមការដឹកនាំ របស់លោក Oleg Starynsky បានរក្សាកំណត់ត្រាមិនដែលចាញ់ ៧សប្ដាហ៍ជាប់ៗគ្នា ក្រោយពីយកឈ្នះក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផល ៤ ទល់នឹង ៣ កាលពីយប់ថ្ងៃ អាទិត្យ នាកីឡដ្ឋាន Smart RSN។
លោក Oleg Starynskyi បានលេីកឡេីង បន្ទាប់ពីយកឈ្នះព្រះខ័នរាជស្វាយរៀង យ៉ាងដូច្នេះថា ៖”វាគឺជាការប្រកួតដ៏ជក់ចិត្តមួយដែលមានការប្រយុទ្ធគ្នាច្រើន។ វាគឺជារឿងល្អមួយដែលយើងបានទស្សនាក្រុមដែលមានគុណភាពទាំង ២ លេង ហើយខ្ញុំគិតថាអ្នកគាំទ្របានរីករាយខ្លាំងសម្រាប់ប្រកួតនេះ។ យើងបានរៀបចំការប្រកួត ព្រោះយើងបានដឹងពីរបៀបលេងរបស់គ្នាទៅវិញទៅមក យើងដឹងពីទម្រង់លេង ការរៀបចំរបស់គ្នា។ យើងបានរៀបចំសុីណារីយ៉ូមួយចំនួនផងដែរ ដើម្បីទទួលបានផលចំណេញសម្រាប់ការត្រៀមខ្លួននៃការប្រកួតនេះ”។
ខាងក្រោមនេះជាលទ្ធផលការប្រកួតរបស់ ភ្នំពេញក្រោន ទាំង ៧សប្ដាហ៍ ៖
-ភ្នំពេញក្រោន ៤-៣ ព្រះខ័នរាជស្វាយរៀង
-ភ្នំពេញក្រោន ១០-០ ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ
-ភ្នំពេញក្រោន ៦-២ ណាហ្គាវើលដ៍
-ភ្នំពេញក្រោន ៦-០ គិរីវង្សសុខសែនជ័យ
-ភ្នំពេញក្រោន ២-១ បឹងកេត
-ភ្នំពេញក្រោន ២-១ កងយោធពលខេមរភូមិន្ទ
-ភ្នំពេញក្រោន ៤-២ វិសាខា ។
គួរជម្រាបឱ្យដឹងផងដែរថា គិតត្រឹមសប្ដាហ៍ទី៧នេះ ក្លិបបាល់ទាត់ភ្នំពេញក្រោន កំពុងឈរកំពូលមាន ២១ពិន្ទុពេញ ឆ្លងកាត់ការប្រកួត ៧ប្រកួត ឈ្នះទាំងអស់ វិសាខា ឈរលេខ២ មាន ១៨ពិន្ទុ ខណៈ អង្គរថាយហ្គឺរ ឈរលេខ៣ មាន ១៦ពិន្ទុ។
ចំណែកកីឡាករ NNAMDI OFUFU IBEH និង RAFAEL ANDRES NIETO RONDON របស់ភ្នំពេញក្រោន កំពុងឈរកំពូលតារាង ជាកីឡាករដែលសុទ្ធបញ្ចូលទីច្រើនជាងគេគឺមានម្នាក់៨គ្រាប់។
សូមបញ្ជាក់ថា ប្រកួតលើកក្រោយ ក្រុមភ្នំពេញក្រោន នឹងធ្វើដំណើរទៅសួរសុខទុក្ខ សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ នៅថ្ងៃ ទី ២៣ ខែតុលា វេលាម៉ោង ៦៖០០នាទីល្ងាច នា កីឡដ្ឋាន AIA KMH Park៕