ក្លឹបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ តែងតាំងគ្រូបង្គោលថ្មី មានប្រវត្តិមិនធម្មតា
នៅមុននេះបន្តិច សមាជិកលីគកំពូលកម្ពុជា ក្លិបបាល់ទាត់ក្លឹបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ បានប្រកាសតែងតាំងលោក JÖRG PETER STEINEBRUNNER ជាគ្រូបង្គោលថ្មី ដែលមានបទពិសោធន៍ដឹកនាំក្លិបនៅលីគកំពូលសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ក៏ដូចជាលីគ២ថៃ និងជាអ្នកវិភាគកម្មវិធីទូរទស្សន៍អាស៊ី សម្រាប់ការប្រកួត World Cup និង Euro Championship ផងដែរ។
មែនទែនទៅ ការប្រកាសតែងតាំងនេះ ធ្វើឡើងតែ៨ថ្ងៃ ប៉ុណ្ណោះ បន្ទាប់ពីក្លិបដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុមួយនេះ បានប្រកាសចែកផ្លូវជាមួយលោក ប្រាក់ សុវណ្ណារ៉ា ក្រោយដឹកនាំក្រុមបាន៧ប្រកួតនៅលីគកំពូលកម្ពុជា (CPL) មិនស្គាល់រស់ជាតិឈ្នះ ពោលគឺចាញ់៥ និងស្មើ២ មាន២ពិន្ទុ ស្ថិតនៅចំណាត់ថ្នាក់ទី៩ ក្នុងចំណោម១១ក្រុម។
ក្លិបឡាយហ្វដែលមានម្ចាស់ជាជនជាតិកូរ៉េខាងត្បូង បានសរសេរនៅផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនដូច្នេះថា៖«សូមស្វាគមន៍លោកគ្រូបង្គោល JÖRG PETER STEINEBRUNNER! ក្លឹបបាល់ទាត់ឡាយហ្វ មានសេចក្តីរំភើបរីករាយសូមស្វាគមន៍គ្រូបង្គោលថ្មីរបស់យើងគឺលោក Jörg Peter Steinebrunner មកកាន់ក្លឹបបាល់ទាត់ឡាយហ្វ! លោកមានសញ្ជាតិអាល្លឺម៉ង់ មានអាយុ ៥២ឆ្នាំ លោកគ្រូបង្គោល Jörg លោកនាំមកនូវបទពិសោធន៍ និងជំនាញដ៏សម្បូរបែប ព្រមទាំងកាន់សញ្ញាប័ត្រ AFC Pro Diploma »។
ក្លិបបានបន្ថែមថា៖« បទពិសោធន៍របស់លោករួមមាន៖ ជាគ្រូបង្វឹកនៅ Malaysia Premier League & Super League, គ្រូបង្វឹកនៅលីគកំពូលសិង្ហបុរី, គ្រូបង្វឹកនៅលីគកំពូលឥណ្ឌូនេស៊ី, គ្រូបង្វឹកនៅប្រទេសថៃ លីគទី 2, ជាសាស្ត្រាចារ្យសម្រាប់សមាគមបាល់ទាត់ប្រទេសថៃ និងកូរ៉េ និងជាអ្នកវិភាគកម្មវិធីទូរទស្សន៍អាស៊ី សម្រាប់ការប្រកួត World Cup និង Euro Championship។ យើងមានក្តីរំភើបក្នុងការចាប់ផ្តើមដំណើរថ្មីនេះជាមួយលោកគ្រូបង្គោល Jörg!»។
គួរបញ្ជាក់ថា លោក JÖRG PETER STEINEBRUNNER ធ្លាប់លេងឲ្យក្រុមជម្រើសជាតិអាល្លឺម៉ង់ អាយុក្រោម២១ ផងដែរ កាលនៅជាកីឡាករ។ ក្នុងការងារជាគ្រូបង្វឹក លោកធ្លាប់ដឹកនាំក្រុមជាច្រើនដូចជា Woodlands Wellingon, Sengkang Punggol, Medan Chiefs, PSM Makassar, Geylang International, Warriors, Negeri Sembilan, Udon Thani, Nakhon Si United, Samutsongkhram និង Angthong ជាដើម៕