Paul Pogba ចង់លេង World Cup 2026 ជាមួយជម្រើសជាតិបារាំង
ខ្សែបម្រើ Paul Pogba របស់ក្រុមសេះបង្កង់ Juventus មានបំណងចង់ត្រលប់មកលេងបាល់ទាត់វិញ បន្ទាប់ពីបានកាត់បន្ថយការហាមឃាត់ការប្រើប្រាស់សារធាតុញៀនពី ៤ឆ្នាំមកត្រឹម ១៨ខែ ហើយបាននិយាយថា ខ្លួនមានសុបិនចង់លេងនៅ World Cup 2026 ជាមួយប្រទេសបារាំង។
តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា បានកាត់បន្ថយការហាមឃាត់របស់កីឡាករវ័យ ៣១ ឆ្នាំ កាលពីដើមខែនេះ បន្ទាប់ពីគាត់ត្រូវបានព្យួរជាបណ្តោះអាសន្នដោយទីភ្នាក់ងារជាតិប្រឆាំងសារធាតុញៀនរបស់ប្រទេសអ៊ីតាលី ក្នុងខែកញ្ញា ឆ្នាំ ២០២៣ បន្ទាប់ពីការធ្វើតេស្តវិជ្ជមាន សារធាតុហាមឃាត់ ក្នុងកីឡា។
Pogba បានប្រាប់កាសែតអ៊ីតាលី Gazzetta dello Sport កាលពីថ្ងៃពុធថា ៖«ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីត្រលប់ទៅធម្មតាវិញ នៅឆ្នាំ ២០២៥។ ខ្ញុំមានបំណងប្រាថ្នាតែមួយគត់ គឺចង់លេងបាល់ទាត់។ ការពិតគឺថាខ្ញុំជាកីឡាកររបស់ Juventus ហើយខ្ញុំកំពុងរៀបចំលេងឱ្យ Juventus ។ ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការលះបង់ សូម្បីតែប្រាក់ពលកម្ម ដើម្បីលេងឱ្យក្លិបនេះម្តងទៀត»។
Pogba បានបន្តថា៖« ការទទួលបានបម្រាមដំបូងគឺជាពេលវេលាដ៏លំបាកបំផុតក្នុងអាជីពរបស់ខ្ញុំ។ វាជាឆ្នាំដ៏លំបាកមួយ ហើយអ្វីដែលឈឺចាប់បំផុតគឺការចំណាយពេលជារៀងរាល់ថ្ងៃនៅខាងក្រៅកីឡដ្ឋាន ។ មិត្តរួមក្រុមជាច្រើនកាលពីអតីតកាល និងបច្ចុប្បន្នតែងតែគាំទ្រខ្ញុំ។ Cuadrado បាន Call មកខ្ញុំជារៀងរាល់ថ្ងៃ ហើយតែងតែធ្វើឱ្យខ្ញុំសើច។ Paulo Dybala បានផ្ញើសារជាច្រើនមកខ្ញុំ។ ហើយបន្ទាប់មក»។
Pogba បានបន្ថែមទៀតថា ខ្លួនក៏ចង់ត្រលប់ទៅក្រុមជម្រើសជាតិបារាំង ជាមួយលោក Didier Deschamps មុនការប្រកួត World Cup ឆ្នាំ 2026 នៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា។ « ក្តីសុបិននៃការប្រកួតបាល់ទាត់ពិភពលោក គឺពិតជាមាន ប៉ុន្តែ Deschamps មិនបានបើកទ្វារឱ្យនរណាម្នាក់នោះទេ។ វាអាស្រ័យលើខ្ញុំ ក្នុងការបង្ហាញពីអ្វីដែលខ្ញុំអាចធ្វើបាននៅលើទីលានដល់ពួកគេ Deschamps បានប្រាប់ខ្ញុំឱ្យប្រឹងប្រែង»៕