Pogba ត្រូវបានកាត់បន្ថយទោសមិនអាចពាក់ព័ន្ធនឹងបាល់ទាត់ ពី ៤ឆ្នាំ មកត្រឹម ១៨ខែ
តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) បាននិយាយកាលពីថ្ងៃអង្គារនេះថា ការព្យួរសារធាតុញៀនរបស់ Paul Pogba ត្រូវបានកាត់បន្ថយពី ៤ឆ្នាំមកត្រឹម ១៨ខែ បន្ទាប់ពីអ្នកជំនាញបានគាំទ្រការអះអាងរបស់កីឡាករបាល់ទាត់បារាំងថា បានប្រើប្រាស់សារធាតុហាមឃាត់ ដោយអចេតនា។
កីឡាករអន្តរជាតិបារាំងរូបនេះ ត្រូវបានផ្អាកបណ្ដោះអាសន្នដោយអង្គការជាតិប្រឆាំងសារធាតុញៀនរបស់ប្រទេសអ៊ីតាលី កាលពីខែកញ្ញា ឆ្នាំ ២០២៣ បន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន ចំពោះ DHEA ដែលបង្កើនកម្រិតអ័រម៉ូន Testosterone ដែលជាសារធាតុហាមឃាត់ក្នុងបាល់ទាត់។ បន្ទាប់ពីមានបញ្ហានេះ ខ្សែបម្រើអន្តរជាតិបារាំង បានខកខានការលេងឱ្យក្រុម Juventus ជាច្រើនប្រកួត ខណៈការវិលទៅចូលរួមជាថ្មីជាមួយក្រុម Juventus កាលពីរដូវកាល២០២២-២៣ រូបគេទើបលេងបាន ១២ប្រកួតប៉ុណ្ណោះ។
CAS បានកាត់បន្ថយការកាត់ទោសកាលពីសប្តាហ៍មុន ដោយ Pogba បាននិយាយថា ៖«សុបិន្តអាក្រក់របស់គាត់បានបញ្ចប់»។ កីឡាករវ័យ ៣១ឆ្នាំ ដែលមានកុងត្រាជាមួយ Juventus របស់អ៊ីតាលី រហូតដល់ខែមិថុនា ឆ្នាំ២០២៦ នឹងមានសិទ្ធិត្រលប់មកលេងបាល់ទាត់វិញក្នុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ CAS បាននិយាយថា Pogba បានប្រកែកថាការទទួលទាន DHEA របស់គាត់មិនមានចេតនាទេ ហើយបានកើតឡើង បន្ទាប់ពីគាត់បានទទួលទានអាហារបំប៉ន ដែលចេញវេជ្ជបញ្ជាដល់គាត់ ដោយវេជ្ជបណ្ឌិតនៅរដ្ឋផ្លរីដា។
គួររំលឹកថា Pogba លេងចុងក្រោយឱ្យ Juventus ក្នុងជ័យជម្នះ ២-០ លើក្រុម Empoli កាលពីជាងមួយឆ្នាំមុន។ គាត់មានការខកចិត្តជាលើកទីពីរជាមួយ Juventus ដោយសារតែរបួសចាប់តាំងពីគាត់បានត្រលប់ទៅក្លឹប ដែលមានមូលដ្ឋាននៅទីក្រុង Turin បន្ទាប់ពីការចាកចេញរបស់គាត់ពី Manchester United លើការផ្ទេរដោយឥតគិតថ្លៃ ក្នុងឆ្នាំ ២០២២៕