Close

ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន៣ បន្ថែមទៀតនៅរាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ សង្គម
ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន៣ បន្ថែមទៀតនៅរាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន៣ បន្ថែមទៀតនៅរាជធានីភ្នំពេញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

ភ្នំពេញ ៖ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីថ្មី ៣ទីតាំង ក្នុងរាជធានីភ្នំពេញ ក្រោមឈ្មោះ “EV STATION PLUZ” របស់ស្ថានីយប្រេងឥន្ធនៈ PTT ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីជំរុញការប្រើប្រាស់យានយន្តអគ្គិសនី និងចូលរួមក្នុងចលនាអព្យាក្រឹតកាបូនឆ្នាំ២០៥០។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី “EV STATION PLUZ” ចំនួន ៣ ទីតាំង របស់ស្ថានីយប្រេងឥន្ធនៈ PTT រួមជាមួយ ឯកឧត្តម Cherdkiat Atthakor ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជា ដោយមានវត្តមានចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ រដ្ឋបាលរាជធានីភ្នំពេញ ថ្នាក់ដឹកនាំក្រុមហ៊ុន PTT ប្រចាំកម្ពុជា និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រើនរូប។

ពិធីសម្ពោធនាឱកាសនេះត្រូវបានប្រារព្ធឡើងជានិមិត្តរូប ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី “EV STATION PLUZ” ចំនួន៣ព្រមគ្នា ដែលមានទីតាំងស្ថិតនៅក្នុង (១) ស្ថានីយប្រេងឥន្ធនៈ PTT ច្បារអំពៅ ផ្លូវជាតិលេខ១ (២) ស្ថានីយប្រេងឥន្ធនៈ PTT ព្រែកព្នៅ ផ្លូវជាតិលេខ៥ និង (៣) ស្ថានីយប្រេងឥន្ធនៈ PTT ជ្រោយចង្វារ ផ្លូវជាតិលេខ៦។

បច្ចុប្បន្ននៅទូទាំងប្រទេស មានស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិសនីចំនួន ១៣កន្លែង ក្នុងនោះស្ថិតក្នុងក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ៤កន្លែង ផ្សារទំនើបអ៊ីអនម៉លសែនសុខ ១កន្លែង ស្ថានីយប្រេងឥន្ធនៈតូតាល់ចំការដូង ១កន្លែង ខេត្តបាត់ដំបង ១កន្លែង ខេត្តសៀមរាប ១កន្លែង ក្រុងព្រះសីហនុ ១កន្លែង ខេត្តមណ្ឌលគិរី ១កន្លែង និង ៣កន្លែងទៀត ជារបស់ក្រុមហ៊ុន PTT ដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះផ្ទាល់។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងថា កំណើននៃការប្រើប្រាស់យានយន្តអគ្គិសនី មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីគុណប្រយោជន៍ នៃការប្រើប្រាស់យានយន្តប្រភេទនេះ ។ជាក់ស្តែងបើតាមទិន្នន័យយានយន្តអគ្គិសនី ដែលបានចុះបញ្ជីគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានចំនួនសរុប ៧៣១គ្រឿង ក្នុងនោះរថយន្តមានចំនួន ៣៦៩គ្រឿង ត្រីចក្រយានយន្ត (ម៉ូតូកង់បី) មានចំនួន ៣៣៩គ្រឿង និងទោចក្រយានយន្តមានចំនួន ២៣គ្រឿង។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងវិធានការណ៍ចំបាច់នានា ដើម្បីឈានទៅសម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងអត្រា៤០% និងទោចក្រយានយន្តអគ្គិសនី ក្នុងអត្រា៧០% នៅឆ្នាំ២០៥០។

ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការដំឡើងបន្ថែមនូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីឱ្យបានកាន់តែច្រើន នៅទូទាំងផ្ទៃប្រទេស ដើម្បីសម្រួល និងជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យកាន់តែមានភាពងាយស្រួល។ សកម្មភាពនេះគឺជាការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត ចេញពីយានយន្តដែលជាផ្នែកមួយនៃការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់ ក៏ដូចជាចូលរួមអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូនឆ្នាំ២០៥០ (Long-Term Strategy for Carbon Neutrality 2050) និងនិន្នាការនៃការប្រើប្រាស់យានយន្តអគ្គិសនីរបស់ពិភពលោក និងក្នុងតំបន់ផងដែរ៕

អត្ថបទទាក់ទង