Apple បង់ប្រាក់ជាង ១២លានដុល្លារអាមេរិក ដើម្បីបញ្ចប់បណ្ដឹងបំពានច្បាប់ទីផ្សារក្នុងប្រទេសរុស្ស៊ី
បរទេស: ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានបង់ប្រាក់ពិន័យជាង ១២លានដុល្លារនៅក្នុងករណីប្រឆាំងការទុកចិត្តរបស់រុស្ស៊ី ដោយចោទប្រកាន់ថាបានបំពានលើទីផ្សារកម្មវិធីទូរស័ព្ទ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ។
សេវាសហព័ន្ធរបស់រុស្ស៊ី (FAS) បានរកឃើញថា ក្រុមហ៊ុន Apple បានរំលោភបំពានលើច្បាប់របស់ប្រទេសរុស្ស៊ី ដោយបានប្រើប្រាស់អំណាចទីផ្សារនៅលើប្រព័ន្ធដំណើរការ iOS ក្នុងការប្រម៉ូតតែផលិតផលរបស់ខ្លួនឯង។ មានន័យថា បើសិនអ្នកប្រើប្រាស់ចង់ស្វែងរកផលិតផលណាមួយ ដូចជា ទូរស័ព្ទ កុំព្យូទ័រ ឬផលិតផលផ្សេង នៅលើប្រព័ន្ធដំណើរការ iOS នោះ វានឹងបង្ហាញផលិតផលរបស់ Apple មុនគេ ដែលចំណុចនេះ វាបានរំលោភលើច្បាប់ប្រកួតប្រជែងដោយមិនស្មោះត្រង់។
ករណីនេះ ត្រូវបាន FAS បញ្ជាក់ថា ក្រុមហ៊ុន Apple បានរំលោភបំពានតាំងពីឆ្នាំ២០២០ ហើយ FAS មានឯកសារគ្រប់គ្រាន់ ខណៈដែល Apple ដំបូងឡើយបានធ្វើការបដិសេធ ប៉ុន្តែក្រោយមក បានយល់ព្រមបង់ប្រាក់ដើម្បីបញ្ចប់ក្ដីតែម្ដង។
គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំនេះ Apple បានយល់ព្រមបង់ប្រាក់ ១៧.៤លានដុល្លារអាមេរិក ដើម្បីបញ្ចប់បណ្ដឹងមួយ ដែលបានដាក់កំហិតដល់ Developer ប្រើប្រាស់កម្មវិធីទូទាត់ប្រាក់របស់ Apple តែមួយគត់នៅលើ App Store៕