អាមេរិក សង្ស័យចិនមានផែនការគ្រោងបើកការវាយប្រហារកោះតៃវ៉ាន់ នៅឆ្នាំ២០២៧
បរទេស ៖ ក្រុមភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកហៅកាត់ថា CIA ថ្មីៗនេះបានធ្វើការលើកឡើងនូវព្យាករណ៍របស់ខ្លួនថា ប្រធានាធិបតីចិន លោក Xi Jinping អាចនឹងបើកការលុកលុយទៅលើកោះតៃវ៉ាន់យ៉ាងយូរត្រឹមឆ្នាំ២០២៧ខាងមុខនេះ។
CIA អាមេរិកបានអះអាងទៀតថាប្រធានាធិបតីចិនរូបនេះបានធ្វើការណែនាំទៅកាន់បណ្តាក្រុមយោធារបស់ចិនរួចរាល់ហើយ។ ទោះបីជាយ៉ាងណាក្តីប្រភពដដែលមិនច្បាស់ទេអំពីសមត្ថភាពរបស់ចិនក្នុងការសម្រេចបេសកកម្មនេះ ឬយ៉ាងណា ប៉ុន្តែដោយយោងតាមបទពិសោធន៍រវាងរុស្ស៊ី និងអ៊ុយក្រែនកន្លងមកផែនការនេះនឹងអាចក្លាយទៅជាការពិតជាមិនខាន។
លោក William Burns ប្រធានក្រុម CIA អាមេរិកបានថ្លែងបែបនេះនៅ នៅក្នុងបទសម្ភាសន៍ជាមួយនឹងកាសែតបរទេស និងត្រូវបានយកមកចេញផ្សាយដោយ CNA ក៏បានសង្កត់ធ្ងន់ទៀតដែរថា សហរដ្ឋអាមេរិកត្រូវតែចាត់វិធានការយ៉ាងខ្លាំងក្លាជាមុនចំពោះផែនការរបស់ចិនលើកនេះ។
បុរសអាមេរិករូបនេះបានពោលថា : “យើងគ្រប់គ្នាបានដឹងហើយ ហើយវាក៏ដូចទៅនឹងអ្វីដែលត្រូវបានគេផ្សព្វផ្សាយជាសាធារណៈកន្លងមកដែរថា លោកប្រធានាធិបតីចិនគឺបានណែនាំដល់កងទ័ពចិន ឬ PLA រួចហើយសម្រាប់ការងារឆ្នាំ២០២៧ ប៉ុន្តែមិនមានន័យថា ការសម្រេចចិត្តថានឹងចាប់ផ្តើមសកម្មភាពឈ្លានពានគឺស្ថិតនៅក្នុងឆ្នាំ២០២៧ ឬឆ្នាំបន្ទាប់ ឬមុននេះនៅឡើយ”៕