Messi ឈ្នះពានកីឡាករបុរសល្អបំផុតប្រចាំឆ្នាំ២០២២ របស់ FIFA
បរទេស : តារាឆ្នើមអាហ្សង់ទីន កីឡាករ Lionel Messi បានជាប់ជាកីឡាករល្អបំផុតសម្រាប់បុរសនៅពានរង្វាន់ The Best FIFA Awards ២០២២ បន្ទាប់ពីដឹកនាំក្រុមជម្រើសជាតិលើកពាន World Cup ២០២២ កាលពីខែធ្នូ ក្នុងប្រទេសកាតា។
ខ្សែប្រយុទ្ធ វ័យ ៣៥ ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន ៧ គ្រាប់ និង assist ៣ ដងក្នុងការប្រកួត World Cup ដែលស៊ុតបញ្ចូលទីក្នុងវគ្គជម្រុះនីមួយៗបែបនេះ លោកមិនដែលធ្លាប់បានធ្វើឡើយក្នុងអាជីពអន្តរជាតិរបស់លោកពីមុនមក ជាមួយនឹងការបានស៊ុតបញ្ចូលទី ២ គ្រាប់នៅវគ្គផ្តាច់ព្រ័ត្រជាមួយបារាំង។
មិនតែប៉ុណ្ណោះ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ក៏ទទួលបានពានរង្វាន់ Golden Ball ជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ ដោយក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលទទួលបានរង្វាន់នេះចំនួនពីរដង ដែលបានឈ្នះលើកដំបូងនៅប្រទេសប្រេស៊ីល ក្នុងឆ្នាំ ២០១៤។
គួរបញ្ជាក់ថា ការឈ្នះពានរង្វាន់លើកទី២នេះ បានធ្វើឱ្យ Messi តាមស្មើ Cristiano Ronaldo (២០១៦, ២០១៧) និង Robert Lewandowski (២០២០, ២០២១) ហើយវ៉ាដាច់ Luka Modric ដែលធ្លាប់ឈ្នះម្ដងកាលពីឆ្នាំ២០១៨៕