លោក Blinken ជំរុញឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស់បញ្ចប់បទឈប់បាញ់នៅ Gaza
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ បញ្ចប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយឈរលើការវាយតម្លៃរបស់សហរដ្ឋអាមេរិកថា ៩០% នៃកិច្ចព្រមព្រៀងមួយបានយល់ព្រមគ្នារួចរាល់។
លោក Blinken បាននិយាយថា សហរដ្ឋអាមេរិកនឹងផ្តល់គំនិតបន្ថែមទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ តាមរយៈប្រទេសសម្រុះសម្រួលរួមមានអេហ្ស៊ីប និងកាតា ក្នុងក្តីសង្ឃឹមថានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ ។
ទោះជាយ៉ាងណា នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News កាលពីថ្ងៃព្រហស្បតិ៍បានបដិសេធការវាយតម្លៃរបស់មន្ត្រីអាមេរិកដែលថា ៩០% នៃកិច្ចព្រមព្រៀងបានយល់ព្រមរួចរាល់ហើយ ដោយ លោក និយាយថា «វាមិនទាន់យល់ព្រមទេ» ។
ប៉ុន្តែ លោក Blinken បានធ្វើការវាយតម្លៃម្តងទៀតនៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ប្រទេសហៃទីដោយនិយាយថា «ខ្ញុំគិតថាផ្អែកលើអ្វីដែលខ្ញុំបានឃើញ ៩០% ត្រូវបានយល់ព្រម» ។
លោក Blinken បានថ្លែងថា៖ «វាពិតជាមានតួនាទីសម្រាប់ភាគីទាំងពីរក្នុងការយល់ព្រមលើបញ្ហាដែលនៅសេសសល់ទាំងនេះ»។
ប្រទេសសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះបានដាក់សំណើមួយ ខិតជិតគម្លាតវាងភាគីទាំងពីរ ដែលរួមមានការខ្វែងគំនិតគ្នាជុំវិញការទទូចរបស់លោក Netanyahu ឱ្យមានកងទ័ពអ៊ីស្រាអែលមួយចំនួនទុកនៅតាមព្រំដែនរវាងតំបន់ហ្គាហ្សា និងអេហ្ស៊ីប៕