អាមេរិកអំពាវនាវឱ្យក្រុមហាម៉ាស់ទទួលយកសំណើរបស់ខ្លួនដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា
បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានទទួលយកសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីដោះស្រាយការខ្វែងគំនិតគ្នាចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ហើយបានជំរុញឱ្យក្រុមហាម៉ាស់ទទួលយកសំណើនេះដូចគ្នា។
លោក Blinken បាននិយាយទៅកាន់អ្នកសារព័តមានបែបនេះ បន្ទាប់ពីមួយថ្ងៃនៃកិច្ចប្រជុំជាមួយមន្ត្រីប្រទេសអ៊ីស្រាអែល រួមទាំងកិច្ចប្រជុំពិភាក្សាជាច្រើនម៉ោងជាមួយ លោក Netanyahu ។
អ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិករូបនេះ បាននិយាយថា ការជំរុញនេះប្រហែលជាការល្អបំផុត និងអាចជាឱកាសចុងក្រោយសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញមួយនៅហ្គាហ្សាទទួលបានជោគជ័យ។
កិច្ចពិភាក្សាក្នុងប្រទេសកាតា ស្វែងរកបទឈប់បាញ់ និងកិច្ចព្រមព្រៀងប្រគល់ចំណាប់ខ្មាំងកាលពីសប្តាហ៍មុនបានផ្អាកដោយគ្មានលទ្ធផល ប៉ុន្តែត្រូវបានគេរំពឹងថានឹងចាប់ផ្តើមឡើងវិញនៅសប្តាហ៍នេះ ដោយផ្អែកលើសំណើរបស់សហរដ្ឋអាមេរិកក្នុងការបិទគម្លាតរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស។
លោក Blinken បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Tel Aviv ថា «នៅក្នុងកិច្ចប្រជុំប្រកបដោយភាពស្ថាបនាជាមួយលោកនាយករដ្ឋមន្ត្រី Netanyahu ។ គាត់បានបញ្ជាក់ប្រាប់ខ្ញុំថា អ៊ីស្រាអែលទទួលយកសំណើររបស់សហរដ្ឋអាមេរិក » ។
លោក បន្តថា៖«ឥឡូវនេះ ក្រុមហាម៉ាស់ក៏ធ្វើដូចគ្នា បន្ទាប់មកភាគីនានា ដោយមានជំនួយពីប្រទេសសម្រុះសម្រួល សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ត្រូវតែរួមគ្នា និងបញ្ចប់ដំណើរការ និងឈានដល់ការយល់ដឹងច្បាស់លាស់អំពីរបៀបដែលពួកគេនឹងអនុវត្ត។ ការប្តេជ្ញាចិត្តដែលពួកគេបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងនេះ»។
ទោះបីជាមានការបង្ហាញពីសុទិដ្ឋិនិយមរបស់សហរដ្ឋអាមេរិក និង លោក Netanyahu រៀបរាប់អំពីកិច្ចប្រជុំនេះថាជាវិជ្ជមានក៏ដោយ ទាំងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានផ្តល់សញ្ញាថាកិច្ចព្រមព្រៀងនឹងមានការលំបាក។
សង្រ្គាមនៅហ្គាហ្សាបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមហាម៉ាស់បានសម្រុកវាយឆ្មក់ចូលទៅក្នុងសហគមន៍របស់ប្រទេសអ៊ីស្រាអែលដោយបានសម្លាប់មនុស្សប្រហែល ១,២00 នាក់ និងចាប់ពង្រត់ចំណាប់ខ្មាំងប្រហែល ២៥០ នាក់ ។
ចាប់តាំងពីពេលនោះមក យោធារបស់ប្រទេសអ៊ីស្រាអែលបានបង្កើនការវាយប្រហារនៅប៉ាឡេស្ទីន ដែលធ្វើឱ្យប្រជាជនជិត ២.៣ លាននាក់ ចេញពីផ្ទះរបស់ពួកគេ នាំឱ្យមានភាពអត់ឃ្លាន និងជំងឺផ្សេង និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤0,000 នាក់៕