Close

លោក ត្រាំ ប្រាប់ លោក នេតាន្យាហ៊ូ ឱ្យបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់

ដោយ៖ Chhan Sreyka ​​ | 2 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក ត្រាំ ប្រាប់ លោក នេតាន្យាហ៊ូ ឱ្យបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ លោក ត្រាំ ប្រាប់ លោក នេតាន្យាហ៊ូ ឱ្យបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានថ្លែងថា លោកបានជំរុញឱ្យបន្តកិច្ចចរចាជាមួយអ៊ីរ៉ង់ ក្នុងអំឡុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន នេតាន្យាហ៊ូ (Benjamin Netanyahu) នៅសេតវិមាន។

ទោះយ៉ាងណា លោកក៏បានព្រមានថា សហរដ្ឋអាមេរិកអាចចាត់វិធានការប្រឆាំងទីក្រុងតេហេរ៉ង់ ប្រសិនបើមិនអាចសម្រេចកិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែរបាន។

ជំនួបនេះប្រព្រឹត្តឡើង ខណៈភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាកំពុងកើនឡើង និងមានការចរចាខ្លាំងជុំវិញការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

លោក នេតាន្យាហ៊ូ ត្រូវបានគេរំពឹងថា នឹងជំរុញឱ្យសហរដ្ឋអាមេរិកដាក់លក្ខខណ្ឌតឹងរឹងលើអ៊ីរ៉ង់ មិនត្រឹមតែបញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់កម្មវិធីមីស៊ីលផ្លោង និងបញ្ចប់ការគាំទ្រក្រុមប្រដាប់អាវុធជាសម្ព័ន្ធ ដូចជា ហាម៉ាស់ (Hamas) និង ហេសបុលឡា (Hezbollah) ផងដែរ។

លោក ត្រាំ ប្រាប់ លោក នេតាន្យាហ៊ូ ឱ្យបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់

អ៊ីរ៉ង់បានបញ្ជាក់ថា ខ្លួនត្រៀមខ្លួនកម្រិតកម្មវិធីនុយក្លេអ៊ែរជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម ប៉ុន្តែបានបដិសេធលក្ខខណ្ឌផ្សេងៗដែលលើសពីនេះ។ មុនជំនួបនៅសេតវិមាន ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េសេស្គៀន (Masoud Pezeshkian) បានព្រមានថា ប្រទេសរបស់លោក “នឹងមិនចុះញ៉មចំពោះការទាមទារហួសហេតុឡើយ”។

នេះជាដំណើរទស្សនកិច្ចលើកទី៦ របស់លោក នេតាន្យាហ៊ូ ទៅកាន់សហរដ្ឋអាមេរិក ចាប់តាំងពីលោក ត្រាំ វិលត្រឡប់មកកាន់តំណែងវិញ ដែលចំនួននេះច្រើនជាងមេដឹកនាំពិភពលោកដទៃ។

ក្រោយជំនួប លោក ត្រាំ បានសរសេរលើបណ្ដាញសង្គម Truth Social ថា កិច្ចពិភាក្សាជាមួយលោក នេតាន្យាហ៊ូ មានលទ្ធផល “ល្អណាស់” ប៉ុន្តែមិនទាន់មានការសម្រេចចិត្តជាស្ថាពរណាមួយទេ លើកលែងតែការបន្តចរចាជាមួយអ៊ីរ៉ង់ ដើម្បីពិនិត្យលទ្ធភាពឈានដល់កិច្ចព្រមព្រៀង។ លោកបន្ថែមថា កិច្ចព្រមព្រៀងមួយគឺជា “ជម្រើសដែលលោកចង់បាន” ប៉ុន្តែបើមិនអាចសម្រេចបាន នោះសហរដ្ឋអាមេរិកនឹងពិចារណាជំហានបន្ទាប់។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា មេដឹកនាំទាំងពីរបានពិភាក្សាអំពី “តម្រូវការសន្តិសុខរបស់អ៊ីស្រាអែលក្នុងបរិបទនៃការចរចា” និងបានយល់ព្រមបន្តការសម្របសម្រួល និងទំនាក់ទំនងយ៉ាងជិតស្និទ្ធ។

ក្នុងពេលដំណាលគ្នា សហរដ្ឋអាមេរិកកំពុងបង្កើនវត្តមានយោធានៅមជ្ឈិមបូព៌ា។ លោក ត្រាំ បានបញ្ជាក់ថា លោកកំពុងពិចារណាបញ្ជូនក្រុមវាយប្រហារនាវាផ្ទុកយន្តហោះទីពីរទៅតំបន់នេះ បន្ទាប់ពីក្រុម USS Abraham Lincoln ត្រូវបានបញ្ជូនទៅមុននេះ។

ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអាមេរិក លោក ត្រាំ បាននិយាយថា “យើងមានកងនាវាចម្បាំងមួយកំពុងធ្វើដំណើរទៅទីនោះ ហើយអាចមានមួយទៀតតាមក្រោយ” ដោយបន្ថែមថា អ៊ីរ៉ង់ “ចង់ធ្វើកិច្ចព្រមព្រៀងយ៉ាងខ្លាំង” ខណៈដំណោះស្រាយការទូតនៅតែអាចធ្វើទៅបាន។

នៅទីក្រុងតេហេរ៉ង់ លោក ប៉េសេស្គៀន បានថ្លែងក្នុងពិធីរំលឹកខួបបដិវត្តន៍អ៊ីស្លាមថា អ៊ីរ៉ង់នឹងមិនចុះញ៉មចំពោះការគំរាមកំហែង ប៉ុន្តែត្រៀមបន្តកិច្ចសន្ទនាជាមួយប្រទេសជិតខាង ដើម្បីរក្សាសន្តិភាព និងស្ថិរភាពតំបន់។ លោកក៏បានបញ្ជាក់ម្តងទៀតថា អ៊ីរ៉ង់មិនស្វែងរកអាវុធនុយក្លេអ៊ែរទេ និងត្រៀមទទួលការផ្ទៀងផ្ទាត់អន្តរជាតិ។
មន្ត្រីអ៊ីស្រាអែលបានអះអាងថា ប្រទេសរបស់ខ្លួនរក្សាសិទ្ធិក្នុងការចាត់វិធានការយោធា ប្រសិនបើការចរចាមិនឈានដល់លទ្ធផលដែលធានាសន្តិសុខជាតិ។

អ្នកវិភាគមួយចំនួនលើកឡើងថា លោក នេតាន្យាហ៊ូ កំពុងរងសម្ពាធពីសម្ព័ន្ធមិត្តស្តាំនិយមក្នុងរដ្ឋាភិបាល ឱ្យប្រើទំនាក់ទំនងជាមួយលោក ត្រាំ ដើម្បីជំរុញកិច្ចព្រមព្រៀងទូលំទូលាយ ដែលឆ្លើយតបការព្រួយបារម្ភសន្តិសុខរបស់អ៊ីស្រាអែល។

សាស្ត្រាចារ្យ ដានីយែល បាយម៉ាន (Daniel Byman) ពីសាកលវិទ្យាល័យ Georgetown បានព្រមានថា អ៊ីស្រាអែលបារម្ភថា ក្នុងការប្រញាប់សម្រេចកិច្ចព្រមព្រៀង ប្រធានាធិបតីអាមេរិកអាចទទួលយកលក្ខខណ្ឌមួយ ដែលមិនដោះស្រាយបញ្ហាកម្មវិធីមីស៊ីល ឬការគាំទ្រក្រុមសម្ព័ន្ធរបស់អ៊ីរ៉ង់ឱ្យបានពេញលេញ។

ខណៈនេះ អ្នកវិភាគមួយចំនួនមើលឃើញថា មេដឹកនាំអ៊ីរ៉ង់កំពុងស្ថិតក្រោមសម្ពាធ បន្ទាប់ពីបាតុកម្មក្នុងស្រុក និងការវាយប្រហារផ្លូវអាកាសកាលពីឆ្នាំមុន ដែលបានប៉ះពាល់ដល់គោលដៅយោធា និងនុយក្លេអ៊ែររបស់ប្រទេសខ្លួន៕