ក្រុមហាម៉ាស់ដកខ្លួនពីការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សាក្នុងប្រទេសកាតានៅថ្ងៃព្រហស្បតិ៍នេះ
បរទេស៖ ក្រុមហាម៉ាស់បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនមិនចូលរួមក្នុងកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សាក្នុងប្រទេសកាតាដែលបានកំណត់នៅថ្ងៃព្រហស្បតិ៍នេះទេ។ ទោះបីជាប្រទេសសម្របសម្រួលគ្រោងនឹងពិគ្រោះជាមួយខ្លួននៅពេលក្រោយក៏ដោយ។
ទោះបីជាអវត្តមានរបស់ក្រុមហាម៉ាសក៏ដោយ មន្ត្រីអាមេរិករំពឹងថាកិច្ចចរចានឹងដំណើរការនៅទីក្រុងដូហា ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់វឌ្ឍនភាព ដើម្បីបញ្ចៀសជម្លោះកាន់តែរីកធំ ។
ជុំវិញបញ្ហានេះ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានពន្យារពេលធ្វើដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ា ដែលបានគ្រោងទុករួចហើយ ខណៈដែលមន្ត្រីអ៊ីរ៉ង់បានព្រមានថា មានតែបទឈប់បាញ់នៅតំបន់ Gaza ប៉ុណ្ណោះដែលនឹងរារាំងខ្លួនពីការសងសឹកប្រឆាំងនឹងប្រទេសអ៊ីស្រាអែលចំពោះការសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh នាពេលថ្មីៗនេះ។
ទោះជាយ៉ាងណា ប្រទេសអ៊ីស្រាអែលនឹងបញ្ជូនក្រុមចរចារបស់ខ្លួនទៅកាន់ប្រទេសកាតានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចចារបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញមួយ។
ជាមួយគ្នានោះ ក្រុមហាម៉ាស់បានសម្តែងការងឿងឆ្ងល់អំពីកិច្ចចចារ ដោយចោទប្រកាន់ប្រទេសអ៊ីស្រាអែលពីការជាប់គាំងនាពេលកន្លងមក ខណៈដែលនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានស្តីបន្ទោសមេដឹកនាំក្រុមហាម៉ាស់លោក Yahya Sinwar ចំពោះការរារាំងកិច្ចចចារនៃព្រមព្រៀង។
បើទោះជាយ៉ាងនេះក្តី ប្រធានក្រុមចរចារបស់ក្រុមហាម៉ាសនៅតែស្ថិតក្នុងទីក្រុងដូហា ដោយរក្សាការទំនាក់ទំនងបើកចំហជាមួយប្រទេសអេហ្ស៊ីប និងកាតា។
មុនពេលកិច្ចចរចា បេសកជនអាមេរិក លោក Amos Hochstein បានទៅបំពេញទស្សនកិច្ចនៅប្រទេសលីបង់ ដើម្បីពិភាក្សាស្វែងរការការពារការកើនឡើងសង្គ្រាមបន្ថែមទៀតរវាងក្រុម Hezbollah និងអ៊ីស្រាអែល បន្ទាប់ពីមេដឹកនាំជាន់ខ្ពស់ Hezbollah ត្រូវបានសម្លាប់។
ទន្ទឹមនឹងនេះ អំពើហឹង្សានៅតែបន្តកើតមាននៅក្នុងតំបន់ហ្គាហ្សា ដោយកងកម្លាំងប្រទេសអ៊ីស្រាអែលបានបង្កើនប្រតិបត្តិការជាការឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស។
បទឈប់បាញ់មួយបានស្វែងរកការផ្លាស់ប្តូរចំណាប់ខ្មាំងអ៊ីស្រាអែលសម្រាប់ជនជាតិប៉ាឡេស្ទីនដែលជាប់គុកក្នុងប្រទេសអ៊ីស្រាអែល ប៉ុន្តែបញ្ហាសំខាន់ៗដូចជាការគ្រប់គ្រងព្រំដែន និងចលនានៅក្នុងតំបន់ហ្គាហ្សានៅតែមិនទាន់ដោះស្រាយបាន៕