១៦ប្រទេសចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាវាយកូនបាល់អន្តរជាតិ នៅកម្ពុជា
កម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាវាយកូនបាល់អន្តរជាតិ (ATF Asian 14 Junior Championship 2024) នៅកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា។
ចើតាមអ្នកទទួលបន្ទុកសម្របសម្រួលរៀបចំព្រឹត្តិការណ៍ប្រកួតរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា កញ្ញា ស៊ុំ ចិន្តា បានឲ្យដឹងថា ព្រឹត្តិការណ៍អន្តរជាតិនេះ មានកីឡាករកីឡាការិនីចូលរួមចំនួន១៦ប្រទេស មកពីអាស៊ាន និងអាស៊ី ក្នុងនោះមានកីឡាករ២៤នាក់ និងកីឡាការិនី២៤នាក់ ដោយធ្វើការប្រកួតលើ៤វិញ្ញាសា ប្រកួតវាយឯកក្តជនបុរស និងវាយគូបុរស និងប្រកួតឯកក្តជននារី និងវាយគូនារី។
កញ្ញាបានបន្តថា ព្រឹត្តិការណ៍អន្តរជាតិរៀបចំសម្រាប់កីឡាករកីឡាការិនីវាយកូនបាល់វ័យក្មេងនេះ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២ ខណៈលើកទី១ កាលពីឆ្នាំ២០២៣ កម្ពុជាមានកីឡាករចូលរួម២រូបផងដែរ។ សម្រាប់ការប្រកួតនៅក្នុងឆ្នាំ២០២៤នេះ កម្ពុជាមានតែកីឡាករមួយរូបប៉ុណ្ណោះចូលរួម គឺ កីឡាករ ផល រតនៈ ខណៈកីឡាការិនីកម្ពុជា ពុំមាននោះឡើយ ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាវាយកូនបាល់អន្តរជាតិ ATF Asian 14 Junior Championship 2024 មាន១៦ប្រទេសចូលរួម ដោយសុទ្ធសឹងជាកីឡាករកីឡាការិនីវាយកូនបាល់វ័យក្មេង ចាប់ពីអាយុ១៣ ដល់ ៩ឆ្នាំជ្រើសរើស ដោយសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ដំណើរការប្រកួតផ្លូវការចាប់ពីថ្ងៃទី ៩ដល់ថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ៕