M1 Abram មិនអាចទៅដល់អ៊ុយក្រែនឡើយឆ្នាំនេះខណៈអាមេរិកកំពុងមមាញឹកលក់រថក្រោះប្រភេទនេះ
បរទេស ៖ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអាមេរិកម្នាក់បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែត The Defense News ថា សហរដ្ឋអាមេរិកកំពុងខិតខំលើកិច្ចការងារបញ្ជូនរថក្រោះ M1 Abram ទៅឲ្យប្រទេសអ៊ុយក្រែន ប៉ុន្តែជឿជាក់ថានឹងមិនអាចបញ្ចប់បេសកកម្មនេះរួចរាល់ក្នុងឆ្នាំនេះឡើយ។
កាលពីខែមករា ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសថារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោននឹងផ្គត់ផ្គង់រថក្រោះយ៉ាងហោចណាស់៣១គ្រឿងទៅឲ្យកងកម្លាំងយោធាអ៊ុយក្រែន ខណៈដែលអាល្លឺម៉ង់ក៏បានប្តូរការសម្រេចចិត្តដើម្បីអនុញ្ញាតឲ្យរថក្រោះរបស់ខ្លួនផ្គត់ផ្គង់ឲ្យអ៊ុយក្រែនដែរ។
ទោះបីជាតាមផែនការអាមេរិកដែលចង់បង្កើនសមត្ថភាពការពាររបស់កងកម្លាំងយោធាអ៊ុយក្រែនឲ្យបានត្រឹមពាក់កណ្តាលត្រីមាសទី២ ប៉ុន្តែរថក្រោះទាំងនោះនឹងមិនអាចបញ្ជូនទៅដល់ទីក្រុងគៀវតាមការគម្រោងទុកឡើយ។
មន្ត្រីជាន់ខ្ពស់យោធាអាមេរិក លោក Christine Wormuth បានបញ្ជាក់បែបនេះថា ៖ ពួកយើងកំពុងស្វែងរកវិធីសាស្ត្រដ៏លឿនបំផុតមួយក្នុងការបញ្ជូនរថក្រោះទាំងនោះទៅដល់អ៊ុយក្រែនតាមកាលកំណត់ ប៉ុន្តែកិច្ចការងារនេះប្រហែលជាមិនអាចទៅរួចឡើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះហើយក៏មិនទាន់មានជម្រើសណាល្អនៅឡើយដែរមកដល់បច្ចុប្បន្ន។
គួរឲ្យដឹងដែរថា បច្ចប្បន្នអាមេរិកកំពុងលក់រថក្រោះ M1 Abram យ៉ាងមមាញឹកបំផុត ជាក់ស្តែងកាលពីឆ្នាំកន្លងទៅប៉ូឡូញទើបតែបានបញ្ជាទិញ M1A2 Abram ដល់ទៅ២៥០គ្រឿងហើយកាលពីខែមុននេះប៉ូឡូញក៏ទើបតែបានបញ្ជាទិញរថក្រោះប្រភេទដូចគ្នា១១៦គ្រឿងផ្សេងទៀតផងដែរ៕