សាកសពចំណាប់ខ្មាំងជាជនជាតិអ៊ីស្រាអែល ៦នាក់ ត្រូវបានយកចេញពីតំបន់ហ្គាហ្សា
បរទេស៖ អាជ្ញាធរប្រទេសអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារថា សាកសពចំណាប់ខ្មាំងជាជនជាតិអ៊ីស្រាអែលចំនួន៦ នាក់ ត្រូវបានយកចេញពីតំបន់ហ្គាហ្សា ក្នុងអំឡុងពេលប្រតិបត្តិការយោធានៅយប់មួយ នៅតំបន់ Khan Younis ខណៈដែលការចរចាបទឈប់បាញ់ចុងក្រោយនៅតែបន្ត។
នៅក្នុងសេចក្តីប្រកាសរួមរបស់កងកម្លាំងការពារប្រទេសអ៊ីស្រាអែល (IDF) និងទីភ្នាក់ងារសន្តិសុខប្រទេសអ៊ីស្រាអែល (ISA) បានឱ្យដឹងថា សាកសពទាំង៦ នាក់មានឈ្មោះ ថា Yoram Metzger, Alexander Dancyg, Avraham Munder, Chaim Peri, Nadav Popplewell និង Yagev Buchshtab ។
ជុំវិញបញ្ហានេះ នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា «កងកម្លាំងរបស់យើងបានប្រគល់សាកសពចំណាប់ខ្មាំងទាំង ៦ នាក់ហើយ ។ ពួកគេត្រូវបានឃុំខ្លួនដោយអង្គការភេរវករ Hamas »។
លោក Benjamin បាននិយាយទាំងការឈឺចាប់ថា «បេះដូងរបស់យើងឈឺចាប់ចំពោះការបាត់បង់ពួកគេ » ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant បាននិយាយថា កងកម្លាំងការពារប្រទេសអ៊ីស្រាអែល (IDF) និងទីភ្នាក់ងារសន្តិសុខប្រទេសអ៊ីស្រាអែល (ISA) បានចូលទៅក្នុងផ្លូវរូងក្រោមដីរបស់ ក្រុមHamas ក្នុង ប្រតិបត្តិការដ៏លំបាក ដើម្បីយកសាកសពចំណាប់ខ្មាំងមកវិញ។
លោក Gallant បាននិយាយនៅលើទំព័របណ្តាញសង្គម X ថា «យើងនឹងបន្តធ្វើការដើម្បីសម្រេចបាននូវគោលដៅនៃសង្រ្គាមនេះ ពោលគឺការប្រគល់ចំណាប់ខ្មាំងឱ្យអ៊ីស្រាអែលវិញ និងការរុះរើក្រុមហាម៉ាស» ។
សេចក្តីថ្លែងការណ៍រួមមួយដោយ ISA និង IDF បាននិយាយថា ប្រតិបត្តិការនេះត្រូវបានបើកដំណើរការដោយការស៊ើបការណ៍សម្ងាត់ ពីអង្គភាពស៊ើបការណ៍សម្ងាត់របស់ទីភ្នាក់ងារទាំងពីរ និងទីស្នាក់ការកណ្តាលចំណាប់ខ្មាំងរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ IDF ។
បច្ចុប្បន្នមានចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលចំនួន ១០៩ នាក់កំពុងត្រូវបានឃុំខ្លួននៅក្នុងតំបន់ Gaza ដែលក្នុងនោះ ៣៦ នាក់ត្រូវបានគេជឿថាបានស្លាប់។ នេះបើយោងតាមទិន្នន័យពីការិយាល័យសារព័ត៌មានរបស់រដ្ឋាភិបាលប្រទេសអ៊ីស្រាអែល៕