Close

ស្មាត់កម្ពស់ជិត២ម៉ែត្ររបស់កម្ពុជា វឿន វាសនា នឹងចេញទៅប្រកបអាជីពក្នុងប្រទេសវៀតណាម ជាលើកទី២

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ កីឡា
ស្មាត់កម្ពស់ជិត២ម៉ែត្ររបស់កម្ពុជា វឿន វាសនា នឹងចេញទៅប្រកបអាជីពក្នុងប្រទេសវៀតណាម ជាលើកទី២ ស្មាត់កម្ពស់ជិត២ម៉ែត្ររបស់កម្ពុជា វឿន វាសនា នឹងចេញទៅប្រកបអាជីពក្នុងប្រទេសវៀតណាម ជាលើកទី២

ភ្នំ​ពេញ : ផ្លូវការហើយ ស្មាត់កម្ពស់ជិត២ម៉ែត្ររបស់កម្ពុជា និងក្លិបបាល់ទះវិសាខា កីឡាករ វឿន វាសនា នឹងចាកចេញពីទឹកដីកម្ពុជា ទៅប្រកបអាជីពក្នុងប្រទេសវៀតណាម ជាលើកទីពីរ ដោយចូលរួមជាមួយក្លិបបាល់ទះ Lavie Long An សមាជិកលីគកំពូលវៀតណាម។ នេះបើយោងតាមការបញ្ជាក់របស់ក្លិបបាល់ទះវិសាខា។

ក្លិបបាល់ទះវិសាខា បានប្រកាសក្នុងទំព័រហ្វេសប៊ុកផ្លូវការណ៍របស់ខ្លួននៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ៖ «  ក្លិបបាល់ទះ វិសាខា សូមប្រកាសថា កីឡាករ វឿន វាសនា នឹងផ្ទេរទៅចូលរួមក្នុងរយៈពេលខ្លី ជាមួយក្លិបបាល់ទះ Lavie Long An របស់ប្រទេស វៀតណាម។ តាងនាមអោយថ្នាក់ដឹកនាំ ក្រុមការងារគ្រូបង្វឹក កីឡាករ យើងសូមជូនពរកីឡាករ វឿន វាសនា ជោគជ័យជាមួយក្រុមថ្មី»។

មែនទែនទៅ កានប្រកាសនេះបានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកីឡាករកម្ពស់ ១.៩៨ ម៉ែត្រ វឿន វាសនា បានរួមចំណែកជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជា យកឈ្នះក្រុមបាល់ទះអាយុក្រោម១៩ឆ្នាំ បារាំង ក្នុងទល្ធផល ៣ សិត ទល់នឹង ១សិត ក្នុងជំនួបមិត្តភាពអន្ដរជាតិនៅវិមានពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ម្សិលមិញ។

គួររំលឹកថា កាលពីឆ្នាំមុន វឿន វាសនា បានចូលរួមជាមួយក្រុម Lavie Long An ម្ដងរួចហើយ ហើយបង្ហាញខ្លួនគ្រប់ការប្រកួត បន្ទាប់ពីរូបគេជួយក្រុមជម្រើសជាតិកម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២១ (លើកមកធ្វើនៅឆ្នាំ២០២២) ក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម។

គួរបញ្ជាក់ថា វឿន វាសនា ជាកីឡាករទី២ របស់វិសាខា និងជាកីឡាករទី៣របស់កម្ពុជា ដែលចេញទៅលេងនៅក្រៅប្រទេស ហើយទទួលស្គាល់ដោយសហព័ន្ធបាល់ទះពិភពលោក ( FIVB) ដោយកាលពីឆ្នាំ២០១៩ មាន គួន ម៉ុម និងកន្លងមកមានលោក សោម ចំណាប់ ធ្លាប់បានទទួលស្គាល់ម្ដងហើយ៕

អត្ថបទទាក់ទង