សភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសទាំងពីរ
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម និង លើកកម្ពស់ភាពជាដៃគូធុរកិច្ចរវាងកម្ពុជា និងជប៉ុន ក្នុងគោលដៅរួមឆ្ពោះទៅរកការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និង បង្កើនទំនាក់ទំនងសេដ្ឋកិច្ច ។
ការប្តេជ្ញានេះធ្វើឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ក្នុងពេល អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ម៉ារីសា ហារុតា (Marisa Haruta) ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅកម្ពុជា ដែលផុតអាណត្តិការងារ និង លោក វ៉ាកាបាយ៉ាស៊ិ កូហី (Wakabayashi Kohei) ប្រធានតំណាងថ្មីរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅកម្ពុជា។
នៅក្នុងជំនួបពិភាក្សាខាងលើនេះ អ្នកឧកញ៉ា គិត ម៉េង បានថ្លែងកោតសរសើរស្នាដៃ និងកិច្ចសហប្រតិបត្តិការល្អជាមួយ លោកស្រី ម៉ារីសា ហារុតា ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅកម្ពុជាដែលផុតអាណត្តិ ដែលលោកស្រីបានចូលរួមចំណែកយ៉ាងច្រើនដល់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ប្រធាន មានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក វ៉ាកាបាយ៉ាស៊ិ កូហី ដែលទើបទទួលបានការតែងតាំង និងបំពេញភារកិច្ចនៅកម្ពុជា។
អ្នកឧកញ៉ាប្រធាន បានសង្កត់ធ្ងន់អំពីទំនាក់ទំនងដ៏ល្អប្រសើររវាងសភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ដែលបានសហការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចនិងវិនិយោគរួមគ្នាជាច្រើន និងបានចុះអនុស្សរណៈយោគយល់គ្នាកាលពីឆ្នាំ២០២២ ដើម្បីចូលរួមលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និង ជំរុញបរិយាសកាសវិនិយោគល្អប្រសើរសម្រាប់លើកទឹកចិត្តវិនិយោគិនជប៉ុន ឲ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ជាងនេះទៅទៀត អ្នកឧកញ៉ាប្រធានបានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំរបស់ប្រទេសទាំងពីរ ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងប្រជាជន។ ជប៉ុនគឺជាដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏ចម្បងមួយរបស់កម្ពុជា។ ប្រទេសទាំងពីរ បានលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំ២០២៣ កន្លងទៅ។
ជាមួយគ្នានោះ អ្នកឧកញ៉ាប្រធាន ក៏បានលើកឡើងអំពីចក្ខុវិស័យ កម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង កម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសចំណូលខ្ពស់។ កម្ពុជា គឺជាគោលដៅវិនិយោគដ៏គួរទាក់ទាញ និងមានទីផ្សារទូលំទូលាយនៅទូទាំងពិភពលោក ដោយមានក្របខណ្ឌកិច្ចព្រមព្រៀងសេរីតំបន់និងទ្វេភាគីជាមួយប្រទេសជាច្រើន។
ស្ថិតក្នុងបរិបទនេះ អ្នកឧកញ៉ាប្រធាន ជំរុញអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន សហការរៀបចំព្រឹត្តិការណ៍ធុរកិច្ច និងទាញយកប្រយោជន៍អតិបរមាពីក្របខណ្ឌកិច្ចសហប្រតិបត្តិការតំបន់ និងទ្វេភាគីកម្ពុជា ជប៉ុន។
ជាការឆ្លើយតប លោកស្រី ម៉ារីសា ហារុតា មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា គិត ម៉េង ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ទទួលជួបពិភាក្សាការងារជាមួយលោកស្រី ក្នុងឱកាសដែលលោកស្រីបញ្ចប់អាណត្តិការងារនៅកម្ពុជា។
លោកស្រីបានលើកឡើងអំពីកិច្ចសហប្រតិបត្តិល្អរវាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និង
សភាពាណិជ្ជកម្មកម្ពុជា ជាពិសេស ការរៀបចំព្រឹត្តិការណ៍ជំរុញធុរកិច្ចនិងវិនិយោគរួមគ្នាជាច្រើនលើកច្រើនសារ។ ជាតួយ៉ាង សិក្ខាសាលាវិនិយោគកម្ពុជា នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅទទួលបានជោគជ័យយ៉ាងខ្លាំង។ សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកស្រីបានគូសបញ្ជាក់ថា ក្នុងរយៈពេល៤ឆ្នាំដែលលោកស្រី បំពេញការងារនៅកម្ពុជា លោកស្រីបានសង្កេតឃើញកាលានុវត្តភាព និងសក្តានុពលធំធេងនៅកម្ពុជា ដែលក្រុមហ៊ុនជប៉ុនមួយចំនួនមិនទាន់បានដឹងនៅឡើយ។ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន បានសហការផលិតជាវីដេអូជាច្រើនដើម្បីផ្សព្វផ្សាយអំពីកម្ពុជា ទៅកាន់វិនិយោគិនជប៉ុន។
ជាមួយគ្នានោះ លោកស្រី បានថ្លែងអំណរគុណ សភាពាណិជ្ជកម្មកម្ពុជា និង អ្នកឧកញ៉ា គិត ម៉េង ដែលតែងចូលរួមគាំទ្រ និង សហការជាមួយ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ដែលធ្វើឲ្យបេសកកម្មរបស់លោកស្រីទទួលបានជោគជ័យនិងលទ្ធផលជាផ្លែផ្កា។
ក្នុងឱកាសនៃជំនួបពិភាក្សាការងារនិងជម្រាបលា នាពេលនេះ លោកស្រី បានណែនាំឲ្យស្គាល់ប្រធានថ្មីនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅកម្ពុជា គឺ លោក វ៉ាកាបាយ៉ាស៊ិ កូហី (Wakabayashi Kohei) ដែលនឹងបំពេញភារកិច្ចបន្តពីលោកស្រី។ លោក វ៉ាកាបាយ៉ាស៊ិ កូហី បង្ហាញនូវសេចក្តីសោមនស្សរីករាយ និងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយសភាពាណិជ្ជកម្មកម្ពុជា៕