Close

រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវដល់អ្នកវិនិយោគអាស៊ាន-ចិនថ្មីៗបន្ថែមទៀតទៅវិនិយោគនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវដល់អ្នកវិនិយោគអាស៊ាន-ចិនថ្មីៗបន្ថែមទៀតទៅវិនិយោគនៅកម្ពុជា រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវដល់អ្នកវិនិយោគអាស៊ាន-ចិនថ្មីៗបន្ថែមទៀតទៅវិនិយោគនៅកម្ពុជា

សាន់ស៉ី-ចិន៖ លោក នេត្រ ភក្ត្រា រដ្ឋ​មន្ត្រី​ក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកវិនិយោគអាស៊ាន និងចិន សូមបន្តការវិនិយោគនៅប្រទេសកម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានធនធានមនុស្ស និងកម្លាំងពលកម្មសកម្ម ជាង ៦០ភាគរយ​ ដែលអាចធានាដល់ការវិនិយោគដ៏ល្អបំផុត។

ការអំពាវនាវនេះ ធ្វើ​ឡើងនាឱកាសដែល លោក នេត្រ ភក្ត្រា ចូលរួមក្នុង​សិក្ខា​សាលា​ស្តីពីការ​លើក​កម្ពស់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​​អាស៊ាន-ចិន (សាន់ស៊ី) ក្រោម​​ប្រធាន​បទ «កាលានុវត្តភាពថ្មី អនុភាព​ថ្មី កិច្ច​សហប្រតិបត្តិការ​ថ្មី និង​ការ​អភិវឌ្ឍ​ថ្មី» នា​រសៀលថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០២៤ នៅទីក្រុងឆាងជឺ ខេត្តសាន់​ស៊ី នៃសាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងនោះមានការចូលរួមពីលោក ស្ស៉ឺ ចុងជុន (Shi Zhongjun​) អគ្គលេខាធិការ​នៃ​មជ្ឈ​មណ្ឌល​អាស៊ាន-ចិន (ACC) លោក ឆិន ស៉ាំងយ៉ាង (Chen Xiangyang) អភិបាល​ក្រុងឆាងជឺ លោក Benito Gosiaco Techicoof ប្រេសិត​ពិសេស​​ហ្វីលីពីន​ទទួល​បន្ទុក​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ទេសចរណ៍​ ប្រចាំ​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ​សិក្ខា​សាលា​ស្តី​ពីការ​លើក​កម្ពស់​ពាណិជ្ជកម្ម និងការ​វិនិយោគ​អាស៊ាន-ចិន (សាន់ស៊ី) ដែល​ជា​ព្រឹត្តការណ៍​ដ៏​សំខាន់​​នៅ​ក្នុងកម្ម​វិធី​សប្តាហ៍​អាស៊ាន-ចិន (ACW) ឆ្នាំ​២០២៤។ ឆ្នាំ២០២៤ ជា​ឆ្នាំ​នៃ​ការ​ផ្លាស់​ប្តូរ​ប្រជាជន និង​ប្រជាជន​រវាង​អាស៊ាន និង​ចិន ដូច្នេះ​លោករដ្ឋមន្ត្រីជឿ​ជាក់​​យ៉ាង​មុត​មាំថា អាស៊ាន-ចិន នឹង​ផ្តល់​ឱកាស​ល្អៗ​ក្នុង​ការ​ពង្រឹង​កិច្ច​សហ​ប្រតិប្តតិការ​ទ្វេភាគី អាស៊ាន-ចិន។

ក្នុងសិក្ខា​សាលានោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានអំពាវនាវដល់អ្នកវិនិយោគអាស៊ាន និងចិន សូមបន្តការវិនិយោគនៅប្រទេសកម្ពុជា ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានធនធានមនុស្ស និងកម្លាំងពលកម្មសកម្មជាង ៧០ភាគរយ​ដែលអាចធានាដល់ការវិនិយោគដ៏ល្អបំផុត។

 

រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវដល់អ្នកវិនិយោគអាស៊ាន-ចិនថ្មីៗបន្ថែមទៀតទៅវិនិយោគនៅកម្ពុជា

លោកបានបន្តថា គិត​ត្រឹម​ឆ្នាំ​២០២៣ ការវិ​និយោគ​ផ្ទាល់​ពី​បរទេស (FDI) មក​​កម្ពុជា គិត​ជា​ទឹក​ប្រាក់​មាន​ទំហំ​សរុប ៤៨.៤​ប៊ី​លាន​ដុល្លារ​អាមេរិក ដោយ​កើន​ឡើង​ ៧.៩​ភាគ​រយ​ ​ធៀប​នឹង​ឆ្នាំ​២០២២។ កំណើន​នេះ បាន​មក​​ដោយ​សារ​បរិយាកាស​​អំណោយផល​ដល់​ការ​វិនិយោគ គោលនយោបាយ​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​ថ្មី​ៗ និង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ខ្នាត​ធំ (FTA)​ រវាង​កម្ពុជា និង​ដៃគូ​ពាណិជ្ជកម្ម​ជា​យុទ្ធសាស្ត្រ​របស់​យើង ក្នុង​នោះ​មាន​ដូច​ជា៖ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ក្នុង​តំបន់ (RCEP) កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ និង​កិច្ច​ព្រម​ព្រៀងភាព​ជា​ដៃគូ​សេដ្ឋកិច្ចគ្រប់​ជ្រុង​ជ្រោយ​​កម្ពុជា-អារ៉ាប់​រួម​។

យោង​តាម​ព្រឹត្តិប័ត្រ​ពាណិជ្ជកម្ម​​ចេញ​ផ្សាយ​ដោយអង្គការ​ឃ្លាំ​មើល​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ដែល​មាន​​មូលដ្ឋាន​នៅ​ចក្រ​ភព​អង់គ្លេសបាន​បង្ហាញ​ថា កម្ពុជា​ស្ថិត​នៅ​លំដាប់​ខ្ពស់​ក្នុង​តារាង​សន្ទស្សន៍​ពិភពលោក​កាល​ពី​ពេល​ថ្មី​ៗ​នេះ ហើយ​ត្រូវ​បាន​ចាត់​​ទុក​ថា​ជាប្រទេស​មាន​​ទីផ្សារ​​រីកចម្រើន​ខ្លាំងជាង​គេ​នៅ​លើ​ពិភព​លោកសម្រាប់​ការ​វិនិយោគផ្ទាល់​​ពី​បរទេស​ក្នុង​ឆ្នាំ​២០២៤​។ កម្ពុជា​ស្ថិត​នៅ​​ចំណាត់ថ្នាក់​ទី​១ ក្នុង​ឆ្នាំ​២០២៤ សម្រាប់​ប្រទេស​ដែលមាន​កំណើន​ផលិតផល​ក្នុង​ស្រុក​ (GDP) ខ្លាំង​ និងថេរ អត្រា​អតិផរណា​ទាប និង​ជាប្រទេស​ដែល​មានកំណើន​ឆាប់​រហ័ស​ក្នុង​វិស័យ​វិនិយោគ​ផ្ទាល់​ពី​បរទេស។

លោក​បញ្ជាក់​បន្ថែម​ថា ទំនិញ និង​ផលិតផល​​ផលិត​នៅកម្ពុជា​ ត្រូវ​បាន​នាំ​ចេញ និង​ផ្គត់​ផ្គង់​ដល់​ប្រជាជន​សរុបចំនួន២៥០​លាន​នាក់​ ​នៅ​ក្នុង​អនុតំបន់​ទន្លេ​មេគង្គ និង​អ្នក​ប្រើ​ប្រាស់​សរុបប្រហែល៦៣០​លាន​នាក់ នៅ​លើ​ទីផ្សារ​អាស៊ាន។ RCEP អាច​ផ្តល់​ឱកាស​ចូល​មក​កាន់​ទី​ផ្សារ​ដល់​ប្រជាជន​សរុប​ចំនួន២.២ប៊ីលាន​នាក់ ស្មើ​នឹង៣០​ភាគ​រយនៃ​ប្រជាជន​សរុប​នៅ​លើ​ពិភព​លោក ​គិត​ជា​ទឹក​ប្រាក់​សរុបចំនួន ២៦.៦​​ទ្រីលាន​ដុល្លារ​អាមេរិក ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​នៅ​លើ​ពិភព​លោក​ ស្មើនឹង១២.៧ទ្រីលាន​​ដុល្លារអាមេរិក​នៃ​ពាណិជ្ជកម្មពិភពលោក។

លោករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «ដោយ​សារ​សន្តិភាព ស្ថិរភាព​នយោបាយ អត្រា​ប្រជាជន​ពេញវ័យ និង​មូល​ធន​មនុស្ស គួប​ផ្សំ​នឹង​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ក្លា អាច​ឱ្យ​កម្ពុជា​ទាក់ទាញ​វិនិយោគិនជា​​ច្រើន​មក​ពី​បណ្តា​ប្រទេស​ផ្សេង​ៗ​នៅ​អឺរ៉ុប សហរដ្ឋអាមេរិក​ និង​អាស៊ី»។

លោកបញ្ជាក់​​ទៀតថា កាល​ពី​ឆ្នាំ​២០២៣ ប្រទេស​ចិន នៅ​តែ​ជា​វិនិយោគិន​ធំ​ជាង​គេ​នៅ​កម្ពុជា ដែល​បាន​បណ្តាក់​ទុន​​សរុប​រហូត​ដល់​ទៅ៣.៧​ប៊ីលាន​ដុល្លារ​អាមេរិក។ ដូច្នេះលោកនៅ​តែ​អះ​អាង​​ច្បាស់​ៗ​ថា កម្ពុជា​នឹង​ផ្តល់​ឱកាសជា​ច្រើន​ដល់​បណ្តា​ក្រុម​ហ៊ុន និង​វិនិយោគិន​មក​ពី​ចិន ជា​ពិសេស​មកពី​ខេត្ត​ឆាងជឺ និង​បណ្តាប្រទេស​នៅ​អាស៊ាន ក្នុង​ការ​មក​បណ្តាក់​ទុន​​នៅ​កម្ពុជា៕

រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវដល់អ្នកវិនិយោគអាស៊ាន-ចិនថ្មីៗបន្ថែមទៀតទៅវិនិយោគនៅកម្ពុជា រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវដល់អ្នកវិនិយោគអាស៊ាន-ចិនថ្មីៗបន្ថែមទៀតទៅវិនិយោគនៅកម្ពុជា រដ្ឋមន្ត្រី នេត្រ ភក្ត្រា អំពាវនាវដល់អ្នកវិនិយោគអាស៊ាន-ចិនថ្មីៗបន្ថែមទៀតទៅវិនិយោគនៅកម្ពុជា