រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ប្តេជ្ញាសហការជាមួយបណ្តាប្រទេសអាស៊ាន និងចិន លើកកម្ពស់ទំនាក់ទំនង និងជំរុញការផ្សព្វផ្សាយឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន
សាន់ស៉ី-ចិន៖ ដោយមើលឃើញពីសារសំខាន់នៃ «ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន» លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាសហការរួមគ្នាជាមួយបណ្តាលប្រទេសអាស៊ាន និងប្រទេសចិន ក្នុងការលើកកម្ពស់ទំនាក់ទំនង និងការជំរុញផ្សព្វផ្សាយឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៅក្នុងតំបន់។
ការប្ដេជ្ញាចិត្តនេះធ្វើឡើងក្នុងឱកាសលោករដ្ឋមន្ត្រី នេត្រ ភក្រ្តា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍សប្តាហ៍អាស៊ាន-ចិន ឆ្នាំ២០២៤ ក្រោមប្រធានបទ «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន៖ ឈានឆ្ពោះទៅសម្រេចភាពសុខុដុម តាមរយៈនវានុវត្តន៍» នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងឆាងជឺ (Changzhi) ខេត្តសាន់ស៉ី (Shanxi) នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងព្រឹត្តិការណ៍នេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំតំណាងឱ្យរដ្ឋាភិបាល និងរដ្ឋសភានៃបណ្តាលប្រទេសក្នុងតំបន់អាស៊ាន រួមជាមួយថ្នាក់ដឹកនាំនៃខេត្តសាន់ស៉ីផងដែរ។
ថ្លែងនៅក្នុងពិធីបើកនេះ លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានគូសបញ្ជាក់ថា «កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការសហការរួមគ្នាជាមួយបណ្តាប្រទេសអាស៊ាន និងប្រទេសចិន ក្នុងការលើកកម្ពស់ទំនាក់ទំនង និងការជំរុញផ្សព្វផ្សាយឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពនៅក្នុងតំបន់»។
លោករដ្ឋមន្ត្រីបានចាត់ទុកព្រឹត្តិការណ៍សប្តាហ៍អាស៊ាន-ចិន ឆ្នាំ២០២៤ គឺជាវេទិកាដ៏សំខាន់មួយក្នុងការលើកកម្ពស់ការយល់ដឹងអំពីតំបន់អាស៊ាន និងប្រទេសចិន និងចូលរួមចំណែកក្នុងការពង្រីក និងពង្រឹងនូវទំនាក់ទំនងរវាងភាគីទាំងពីរ និងបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការថែរក្សានូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងតំបន់។
លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានសង្កត់ធ្ងន់ថា ភាពជាដៃគូនេះបានផ្ដល់នូវអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង២ពាន់លាននាក់នៅទូទាំងតំបន់អាស៊ាន និងប្រទេសចិន តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (Belt and Road Initiative)។ បន្ថែមពីនេះ លោករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរអំពីអត្ថប្រយោជន៍ដែលកើតចេញពីទំនាក់ទំនងកម្ពុជា-ចិន តាមរយៈក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងមិត្តភាពដែកថែប ដែលផ្តួចផ្តើមឡើងដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជាសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានតាមរយៈគំនិតផ្តួចផ្តើមខែ្សក្រវាត់និងផ្លូវ ក្នុងនោះរួមមានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ពហុកីឡដ្ឋានជាតិមរតកតេជោ និងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះស៊ីហនុ រួមជាមួយគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតដែលបាននិងកំពុងរួមចំណែកយ៉ាងធំធេងដល់ការរីកចម្រើនរបស់កម្ពុជា។
សូមបញ្ជាក់ថា ក្នុងពិធីបើកព្រឹត្តិការណ៍សប្តាហ៍អាស៊ាន-ចិន ឆ្នាំ២០២៤នោះ ថ្នាក់ដឹកនាំមកពីបណ្តាលប្រទេសអាស៊ាននិងចិនសុទ្ធតែបានលើកឡើងពីការប្តេជ្ញាចិនក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ដើម្បីឆ្ពោះទៅរកភាពសុខុដុមរួម តាមរយៈការផ្លាស់ប្តូរទំនាក់ទំនងនៃប្រជាជននិងប្រជាជន និងជំរុញភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌៕