ឯកឧត្តម វង្សី វិស្សុត៖ ៣០ ឆ្នាំចុងក្រោយនេះ នៅកម្ពុជាមានអត្រាភាពក្រីក្រថយចុះជាលំដាប់ពីប្រមាណ ៧០%
ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ក្នុងអំឡុងប្រមាណ ៣០ឆ្នាំចុងក្រោយនេះ កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ដែលបានឆ្លុះបញ្ចាំងតាមរយៈ សូចនាករសំខាន់ៗនានា ដោយក្នុងអត្រាភាពក្រីក្រមានការថយចុះជាលំដាប់ពីប្រមាណ៧០% ក្នុងឆ្នាំ១៩៩៤ ដល់ប្រមាណ១៧% ក្នុងឆ្នាំ២០២៣ ។ហើយសូចនាករសង្គមសំខាន់ៗផ្សេងទៀត ក៏ត្រូវបានលើកកម្ពស់ឱ្យប្រសើរឡើងផងដែរ។
ឯកឧត្តម វង្សី វិស្សុត បានថ្លែងបែបនេះក្នុងពេល ចូលរួមធ្វើជាអធិបតីក្នុងពិធីបើក «ទិវាប្រជាជនពិភពលោកលើកទី៣៥ អបអរសាទរខួប៣០ឆ្នាំនៃវត្តមានរបស់ UNFPA នៅកម្ពុជា និងខួប៣០ឆ្នាំនៃសន្និសីទអន្តរជាតិសី្តពីប្រជាជននិងអភិវឌ្ឍន៍» នៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤។
ឯកឧត្តម វង្សី វិស្សុត បញ្ជាក់ថា វឌ្ឍនភាពទាំងអស់នេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាលើកិច្ចការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការចូលរួមចំណែកយ៉ាងសំខាន់ពីអង្គការ UNFPA និងស្ថាប័ននានានៃប្រព័ន្ធអង្គការសហប្រជាជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិ និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលជាកត្តាមិនអាចខ្វះបាន។
ពាក់ព័ន្ធនឹងការព្យាករណ៍កំណើនប្រជាជនកម្ពុជារហូតដល់ប្រមាណ ២២លាននាក់នៅឆ្នាំ២០៥០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានលើកទឹកចិត្តឱ្យក្រសួងផែនការ ត្រៀមខ្លួនរៀបចំយុទ្ធសាស្រ្ត និងគោលនយោបាយប្រជាសាស្ត្រនានា ដើម្បីឱ្យការព្យាករណ៍នេះក្លាយជាការពិត ឬ ឱ្យបានច្រើនលើសនេះបន្ថែមទៀត។ ក្នុងន័យនេះ កម្ពុជាត្រូវម្ខាងត្រៀមខ្លួនបង្ការហានិភ័យនានាពាក់ព័ន្ធនឹងកំណើនប្រជាជន និងម្ខាងទៀត ត្រៀមខ្លួនចាប់យកឱ្យបានជាអតិបរមានូវឱកាសភាគលាភប្រជាសាស្រ្ត។ ជាមួយគ្នានេះ ប្រជាជនគ្រប់រូបត្រូវមានឱកាសទទួលបានការអប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, ការថែទាំសុខភាព និងអាហារូបត្ថម្ភដែលមានគុណភាព, ការបង្កើតការងារដែលមានតម្លៃបន្ថែមខ្ពស់, ការធានាសមភាពយេនឌ័រ, សមធម៌ និងយុត្តិធម៌ក្នុងសង្គម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ «មនុស្ស» ត្រូវបានកំណត់ជាអាទិភាពទី១ ដែលមនុស្សជាមធ្យោបាយផង និងជាគោលដៅនៃការអភិវឌ្ឍផង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បន្តថា ដើម្បីប្រែក្លាយកម្ពុជាទៅជាសង្គមស៊ីវិល័យ និងរីកចម្រើន ប្រជាជានកម្ពុជាត្រូវមានចំណេះដឹង ចំណេះធ្វើ និងជំនាញច្បាស់លាស់ ព្រមទាំងត្រូវប្រកាន់ខ្ជាប់នូវក្របខណ្ឌពលរដ្ឋល្អចំនួន ៣ រួមមាន សុជីវធម៌, សីលធម៌ និង គុណធម៌។
ជាមួយគ្នានេះ ប្រជាជនកម្ពុជាក៏ត្រូវមានសមត្ថភាពស្រូបយក និងប្រើប្រាស់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេសជាតិផងដែរ ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍ និងចេញផុតពីអន្ទាក់នៃចំណូលមធ្យម (middle-income trap)។
ផ្អែកលើតម្រូវការទាំងឡាយខាងលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការបានបញ្ជាក់ថា ការសម្រេចចិត្តផ្នែកគោលនយោបាយកាន់តែចាំបាច់ត្រូវផ្សារភ្ជាប់ជាមួយនឹងការសិក្សានិងវិភាគ ដែលមានមូលដ្ឋានទិន្នន័យ (data-driven policy-making) និងភស្តុតាងច្បាស់លាស់ (evidence-based policy-making) ដើម្បីធានាភាពសមស្របទៅតាមទិសដៅនៃការអភិវឌ្ឍ សមស្របតាមស្ថានភាព និងតម្រូវការជាក់ស្តែង។