Pepe សម្រេចចិត្តភ្ជួរស្បែកជើងពីបាល់ទាត់ ក្នុងវ័យ ៤១ឆ្នាំ
ខ្សែការពារក្រុមជម្រើសជាតិព័រទុយហ្គាល់ កីឡាករ Pepe បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ ក្នុងវ័យ ៤១ឆ្នាំ ក្រោយប្រឡូកក្នុងអាជីពមួយនេះជាង២០ឆ្នាំ។ នេះបើតាមសេចក្ដីប្រកាសរបស់ Pepe នៅក្នុងវីដេអូរយៈពេល ៣៣នាទី ដែលត្រូវបានបង្ហោះតាមអ៊ីនធឺណិត កាលពីយប់ថ្ងៃព្រហស្បតិ៍។
បន្ទាប់ពីការប្រកាសរបស់ Pepe អតីតមិត្តរួមក្រុម Real Madrid និងព័រទុយហ្គាល់ តារាឆ្នើម Cristiano Ronaldo បាននិយាយនៅក្នុងការបង្ហោះនៅលើ Instagram និង Facebook របស់ខ្លួនថា៖«គ្មានពាក្យអ្វីអាចបញ្ជាក់បាននោះទេ ថាអ្នកមានន័យខ្លាំងប៉ុណ្ណាចំពោះខ្ញុំ។ ពួកយើងបានឈ្នះអ្វីគ្រប់យ៉ាងនៅលើទីលាន ប៉ុន្តែជ័យជំនះដ៏ធំបំផុតគឺមិត្តភាព និងការគោរព ដែលខ្ញុំមាន ចំពោះអ្នក។ បងប្រុសរបស់ខ្ញុំតែមួយគត់! អរគុណច្រើន»។
គួរបញ្ជាក់ថា អតីតខ្សែការពារកាចរបស់ក្រុមអធិរាជស Real Madrid វ័យ៤១ឆ្នាំរូបនេះ បានក្លាយជាកីឡាករចំណាស់ជាងគេបំផុត ដែលបានបង្ហាញខ្លួនក្នុងពានរង្វាន់ទ្វីបអឺរ៉ុប នៅរដូវក្តៅនេះ ហើយការប្រកួតចុងក្រោយរបស់គាត់ គឺការស៊ុតបាល់ប៉េណាល់ទី ទល់នឹងក្រុមមាន់គោកបារាំង ក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។
ខ្សែការពារដែលធ្លាប់ធ្វើព្យុះភ្ញៀងនៅទឹកដីអេស្ប៉ាញរូបនេះ បានបង្ហាញខ្លួន ១៤១ប្រកួត សម្រាប់ប្រទេសរបស់គាត់ ហើយមានតែ Cristiano Ronaldo និង Joao Moutinho ប៉ុណ្ណោះ ដែលបង្ហាញខ្លួនឲ្យជម្រើសជាតិព័រទុយហ្គាល់ច្រើនគាត់។ គាត់បានឈ្នះ Euro 2016 ជាមួយព័រទុយហ្គាល់ និងពានរង្វាន់ Nation League ផងដែរ។
នៅ Real Madrid រូបគេក៏បានជួយក្លិបលើក ពានរង្វាន់ Champions League ៣ដង និង La Liga ៣ដង ក្នុងអំឡុងពេលស្នាក់នៅ ១០ឆ្នាំ នៅទីក្រុង Madrid ។ Pepe បានក្លាយជាអ្នកស៊ុតបញ្ចូលទីចាស់បំផុតរបស់ Champions League កាលពីឆ្នាំមុន នៅពេលដែលគាត់បានស៊ុតបញ្ចូលទីឱ្យ Porto ទល់នឹង Antwerp ក្នុងវគ្គចែកពូល។
គួរបញ្ជាក់ថា ក្នុងអាជីពរបស់ Pepe រូបគេបង្ហាញខ្លួនសរុបចំនួន ៨៧៨ប្រកួត និងឈ្នះពានរង្វាន់ទាំងតូចទាំងធំសរុបចំនួន៣៧។ រូបគេត្រូវបានចារឈ្មោះជាខ្សែការពារឆ្នើម និងកាចបំផុតមួយរូបក្នុងប្រវត្តិសាស្រ្តបាល់ទាត់៕