Close

កម្ពុជាគឺជាផ្ទះដែលពេញដោយស្នាមញញឹម និងឱកាសវិនិយោគជាច្រើន

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កម្ពុជាគឺជាផ្ទះដែលពេញដោយស្នាមញញឹម និងឱកាសវិនិយោគជាច្រើន កម្ពុជាគឺជាផ្ទះដែលពេញដោយស្នាមញញឹម និងឱកាសវិនិយោគជាច្រើន

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិន ជាតិ អន្តរជាតិទាំងអស់ ដែលមានបំណងជួយឱ្យកម្ពុជាមានភាពស្អាត កម្ពុជាមានភាពបៃតង និងរក្សាបានភាពស្អាត និងភាពបៃតងនេះជារៀងរហូតទៅ។

ប្រសាសន៍ស្វាគមន៍ដ៏កក់ក្តៅរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានធ្វើឡើងនៅក្នុង សន្និសិទស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា កម្ពុជា-ជប៉ុន ក្រោមប្រធានបទ ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូន នៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងលំហអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុន នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ក្នុងសណ្ឋាគារហ៊ីយ៉ាត់រេជិនស៊ី (Hyatt Regency) រាជធានីភ្នំពេញ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបញ្ជាក់ដែរថា កម្ពុជាគឺជាផ្ទះដែលពេញដោយស្នាមញញឹម និងឱកាសវិនិយោគជាច្រើនសម្រាប់មិត្តធុរជនជាតិ-អន្តរជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរចំពោះការប្តេជ្ញាចិត្ត របស់ធុរជនគ្រប់រូប ដែលបានរួមចំណែកក្នុងការធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងប្រកបដោយភាពបៃតង ស្អាត និងចីរភាព ជាមួយគ្នានេះ ការនាំមកនូវបច្ចេកវិទ្យា គឺជាកត្តាជំរុញឱ្យល្បឿននៃការវិនិយោគវិវឌ្ឍទៅបានលឿន និងឆាប់រហ័ស ប៉ុន្តែយ៉ាងណា ត្រូវតែគិតមុនគេទៅដល់ប្រាក់ចំណូល និងផលប្រយោជន៍របស់ប្រជាកសិករខ្មែរ ដែលស្របនឹងគោលនយោបាយជាតិ ឆ្ពោះទៅជាប្រទេសមានចំណូលខ្ពស់កម្រិតមធ្យមនៅឆ្នាំ ២០៥០ និងក្លាយជាប្រទេសអព្យាក្រឹតកាបូន តាមរយៈការបង្កើនគម្របព្រៃឈើ ៦០% នៅឆ្នាំ ២០៥០។

សូមរម្លឹកជូនថា សន្និសិទស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នា កម្ពុជា-ជប៉ុន ក្រោមប្រធានបទ ចាប់យកឱកាសធុរកិច្ចនៃឥណទានកាបូន នៅកម្ពុជាដោយប្រើប្រាស់បច្ចេកវិទ្យាបៃតង និងលំហអាកាសទំនើបចុងក្រោយបំផុតរបស់ប្រទេសជប៉ុននេះ បានរៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេស របស់ប្រទេសជប៉ុន(JETRO) ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) និងសមាគមឧកញ៉ាកម្ពុជា ។

វេទិកានេះប្រព្រឹត្តទៅក្នុងគោលបំណង បង្កើនការយល់ដឹងដល់ធុរជនតាមរយៈបច្ចេកវិទ្យា និងបង្កើននូវឱកាសអាជីវកម្មថ្មីៗ ដើម្បីបង្កើតប្រភពចំណូលមួយផ្សេងទៀត តាមរយៈការលក់ឥណទានកាបូន និងពង្រីកអាជីវកម្ម តាមរបៀបបៃតង និងនិរន្តរភាព៕

អត្ថបទទាក់ទង