Close

ក្រសួងទេសចរណ៍ជំរុញឱ្យបង្កើនការលក់កញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍នៅទូទាំងប្រទេស

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ជំរុញឱ្យបង្កើនការលក់កញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍នៅទូទាំងប្រទេស ក្រសួងទេសចរណ៍ជំរុញឱ្យបង្កើនការលក់កញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍នៅទូទាំងប្រទេស

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ប្រកបដោយប្រសិទ្ធភាព ប្រកបដោយស័ក្តិសិទ្ធិភាព ការីទេសចរណ៍ទាំងអស់គួរបង្កើនការលក់កញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍អាស៊ាន និងសហគមន៍នានានៅកម្ពុជា ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានកាន់តែច្រើន។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា បច្ចុប្បន្ននេះ សម្រាប់សហគមន៍អេកូទេសចរណ៍នៅកម្ពុជាដែលទទួលបានពានរង្វាន់ស្ដង់ដាសហគមន៍អេកូទេសចរណ៍អាស៊ានមានចំនួន២ ដោយក្នុងនោះរួមមានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍ព្រៃធំអន្លង់ធំ នៅខេត្តសៀមរាប។

ឯកឧត្តមបានបញ្ជាក់ថា កាលពេលថ្មីៗនេះ ក្រសួងទេសចរណ៍បានសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ គម្រោងព្រៃឡង់បៃតង អង្គការកម្មវិធីផ្លាស់បទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP/Cambodia) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលដៅសហគមន៍ និងអេកូទេសចរណ៍នៅតំបន់មេគង្គលើ និងនៅភ្នំត្បែងមានជ័យ ទៅដល់ការីទេសចរណ៍ និងភាគីពាក់ព័ន្ធ។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានចូលរួមអបអរសាទរចំពោះសហគមន៍អេកូទេសចរណ៍ទាំង២របស់កម្ពុជា ដែលទទួលបានពានរង្វាន់ស្ដង់ដាសហគមន៍អេកូទេសចរណ៍អាស៊ាននេះ។ ជាមួយគ្នានេះ ឯកឧត្ដមក៏បានផ្តល់អនុសាសន៍ណែនាំឱ្យវិស័យឯកជន ជាពិសេសក្រុមហ៊ុនទេសចរណ៍ និងការីទេសចរណ៍ទាំងក្នុងក្របខណ្ឌសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) និងបណ្តាអ្នករៀបចំកញ្ចប់ទស្សនកិច្ចឯកជនជួយបញ្ចូលគោលដៅសហគមន៍ទាំង៥ខាងលើ ទៅក្នុងកញ្ចប់ទស្សនកិច្ចរបស់ខ្លួន ក៏ដូចជាជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ភ្ញៀវទេសចរ និងស្នើឱ្យពង្រឹងការគាំទ្រជួយដល់សហគមន៍ តាមរយៈការប្រើប្រាស់សេវារបស់សហគមន៍ឱ្យបានច្រើន ដែលជាការលើកទឹកចិត្តដល់ការចូលរួមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្ដមរដ្ឋមន្ត្រីបានណែនាំដល់លេខាធិការដ្ឋានគណៈកម្មាធិការជាតិ ត្រូវបន្តសហការជាមួយក្រុមការងារទីភ្នាក់ងារ USAID និងអង្គការ NTFP-EP រួមជាមួយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ និងសហគមន៍គោលដៅទាំង៥ រៀបចំនូវឧបករណ៍ផ្សព្វផ្សាយនានា (Promotional Materials) ពិសេសសហការជាមួយដៃគូពាក់ព័ន្ធ ផ្សព្វផ្សាយគោលដៅសហគមន៍ខាងលើឱ្យបានទូលំទូលាយ។

ឯកឧត្ដម ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានលើកឡើងថា ក្នុងឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ទីក្រុងយុក្យាការតា (Yogyakarta) ប្រទេសឥណ្ឌូណេស៉ី អាស៊ានបានប្រគល់ពានរង្វាន់ស្ដង់ដាសហគមន៍អេកូទេសចរណ៍អាស៊ានដល់សហគមន៍អេកូទេសចរណ៍ចំនួន២នៅកម្ពុជា គឺសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន នៅខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍ព្រៃធំអន្លង់ធំ នៅខេត្តសៀមរាប។

ឯកឧត្ដម ជុក ជំនោរ បានបន្តថា តាមការវាយតម្លៃរបស់អាស៊ាន សហគមន៍អេកូទេសចរណ៍ទាំង២នេះគឺបានខិតខំអភិវឌ្ឍធនធានមនុស្សក្នុងសហគមន៍ កសាងហេដ្ឋារចនាសម្ពន្ធនៅមូលដ្ឋាន បង្កើនផលិតផលទេសចរណ៍ថ្មីៗ កែលម្អផលិតផលទេសចរណ៍ដែលមានស្រាប់ ព្រមទាំងទទួលបានការពេញនិយមច្រើនពីសំណាក់ភ្ញៀវទេសចរ។

តាមការបន្ថែមរបស់ឯកឧត្ដម ជុក ជំនោរ បន្ទាប់ពីសិក្ខាសាលានេះចប់ ក្រុមការងារក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិ គម្រោងព្រៃឡង់បៃតង អង្គការកម្មវិធីផ្លាស់បទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP/Cambodia) នឹងសហការដឹកនាំការីទេសចរណ៍សំខាន់ៗធ្វើទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍ចំនួន៥ រួមមាន សហគមន៍ទេសចរណ៍ទឹកធ្លាក់តាំងយូ សហគមន៍ទេសចរណ៍ដាតាវឹក និងសហគមន៍ទេសចរណ៍ទឹកធ្លាក់ចាក់អង្រែ ដែលស្ថិតនៅតំបន់ភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ សហគមន៍អេកូទេសចរណ៍កោះសាមសិប នៅខេត្តក្រចេះ និងសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន នៅខេត្តស្ទឹងត្រែង។ ការធ្វើទស្សនកិច្ចនេះគឺចាប់ពីថ្ងៃទី២១-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីឱ្យការីទេសចរណ៍ដែលជាអ្នករៀបចំកញ្ចប់ទស្សនកិច្ចបានឃើញពីផលិតផលទេសចរណ៍នៅតាមសហគមន៍ និងអេកូទេសចរណ៍ទាំង៥នោះ សំដៅទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ បង្កើនការមកទស្សនាគោលដៅទាំងនោះ។

ឯកឧត្ដមក៏បានស្នើឱ្យស្ថាប័នដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិនានាបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍតំបន់សហគមន៍ទាំង៥នេះ ទាំងលើផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។ មិនតែប៉ុណ្ណោះ សូមជួយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុនានាដល់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ លើការអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងអេកូទេសចរណ៍ និងសហគមន៍៕

អត្ថបទទាក់ទង