Close

រដ្ឋបានផ្តល់កិច្ចសហការដល់វិស័យឯកជនចូលរួមផ្តល់សេវាទឹកស្អាតទូទាំងប្រទេស

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
រដ្ឋបានផ្តល់កិច្ចសហការដល់វិស័យឯកជនចូលរួមផ្តល់សេវាទឹកស្អាតទូទាំងប្រទេស រដ្ឋបានផ្តល់កិច្ចសហការដល់វិស័យឯកជនចូលរួមផ្តល់សេវាទឹកស្អាតទូទាំងប្រទេស

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា រដ្ឋបានផ្តល់វិសាលភាពទូលំទូលាយដល់វិស័យឯកជន ឱ្យចូលរួមផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ឯកឧត្តម ហែម វណ្ណឌី លើកឡើងបែបនេះនៅក្នុង«វេទិកាទឹកស្អាតកម្ពុជា» នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដែលវេទិកានេះ មានការប្រមូលផ្តុំភាគីពាក់ព័ន្ធជាង៥០០នាក់ ដើម្បីពិភាក្សាលើការពង្រឹងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត និងអនុលោមភាពអាជ្ញាប័ណ្ណប្រតិបត្តិការសេវាផ្គត់ផ្គង់ទឹកស្អាត។

ឯកឧត្តមបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការ ផ្គត់ផ្គង់ទឹកស្អាតដែលអាចជឿទុកចិត្តបាន សម្រាប់តម្រូវការប្រចាំថ្ងៃ គាំទ្រដល់សុខភាពសាធារណៈ និងសម្រាប់ទាក់ទាញការវិនិយោគ និងការអភិវឌ្ឍឧស្សាហកម្ម។

បច្ចុប្បន្ន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងធ្វើការវាយតម្លៃស្ថានភាពនៃការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងក្របខណ្ឌទូទាំងប្រទេស និងកំពុងសហការជាមួយស្ថាប័នហិរញ្ញវត្ថុ ដើម្បីបង្កើនអាទិភាពហិរញ្ញប្បទានសម្រាប់វិស័យនេះ។ ក្នុងនោះ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានរាយការណ៍ថា ធនាគារបានកំណត់យកវិស័យទឹកស្អាតជាវិស័យអាទិភាពមួយ សម្រាប់ការផ្តល់ហិរញ្ញប្បទាន ហើយធនាគារក៏បានអនុម័តកម្ចីដែលមានការប្រាក់ទាបប្រមាណ ១៤ លានដុល្លាររួចហើយ ជូនដល់ប្រតិបត្តិករទឹកស្អាតឯកជន។

នៅក្នុងវេទិកានេះ តំណាងស្ថាប័នហិរញ្ញវត្ថុ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏បានបង្ហាញពីផលិតផលហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់វិស័យទឹកស្អាតផងដែរ។
សាជីវកម្មធានាឥណទានកម្ពុជាបានបញ្ជាក់ថាស្ថាប័ននេះបានធានាប្រាក់កម្ចីសរុបប្រមាណ ២០១ លានដុល្លារអាមេរិក ដោយមួយផ្នែកបានគាំទ្រដល់វិស័យទឹកស្អាត។
នៅក្នុងកិច្ចពិភាក្សា ប្រតិបត្តិករទឹកស្អាតឯកជនបានអំពាវនាវឱ្យក្រសួងជួយអន្តរាគមន៍លើបញ្ហាប្រឈមមួយចំនួន រួមទាំងស្វែងរកដំណោះស្រាយចំពោះការខូចខាតបណ្តាញចែកចែកទឹកស្អាត ដែលបង្កដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងស្នើសុំការគាំទ្រប្រភពទឹកដែលមាននិរន្តរភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានទទួលយកសំណើរបស់វិស័យឯកជន និងបានរំលេចពីតួនាទីសំខាន់របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា។ ឯកឧត្តមបានជំរុញឱ្យរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជនទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ជាពិសេសពង្រឹងសមត្ថភាពបច្ចេកទេស និងអនុលោមភាព ដើម្បីលើកកម្ពស់គុណភាព និងលទ្ធភាពទទួលបានសេវាទឹកស្អាតទូទាំងប្រទេស៕

អត្ថបទទាក់ទង