លោក Trump បើកការវាយប្រហារយ៉ាងចាស់ដៃ ទៅលើលោក Joe Biden
បរទេស៖ លោក Donald Trump អតីតប្រធានាធិបតី និងជាបេក្ខជនប្រធានាធិបតីសម្រាប់អាណត្តិថ្មី នៅថ្ងៃនេះ បានបើកការវាយប្រហារយ៉ាងសាហាវទៅលើលោក Joe Biden បន្ទាប់ពីសុន្ទរកថាតាមទូរទស្សន៍លើកដំបូងចាប់តាំងពីការលាឈប់ពីបេក្ខភាពបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤។
លោក Trump ដែលទើបរួចផុតពីការប៉ុនប៉ងធ្វើឃាតកាលពីថ្ងៃទី ១៣ ខែកក្កដាបាននិយាយនៅលើបណ្តាញសង្គមថា សុន្ទរកថារបស់លោក Biden គឺ «មិនអាចយល់បាន» និង «អាក្រក់ណាស់» ។
ជាមួយគ្នានោះ លោក Trump ក៏បានហៅលោក Biden និងអនុប្រធានាធិបតីអាមេរិក Kamala Harris ដែលនឹងត្រៀមខ្លួនក្លាយជាបេក្ខភាពប្រធានាធិបតីថ្មីនៃគណបក្សប្រជាធិបតេយ្យ ថា ជាបុគ្គល«អាម៉ាស់ដ៏ធំសម្រាប់អាមេរិក»។
លោក Trump បាននិយាយថា «ការបោកបញ្ឆោត របស់លោក Joe Biden និងការកុហក របស់លោកស្រី Kamala Harris គឺជាការអាម៉ាស់យ៉ាងខ្លាំងចំពោះសហរដ្ឋមអាមេរិក និងមិនដែលមានទេ ពីមុនមក» ។
លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកនៅថ្ងៃនេះ បានប្រាប់ជនជាតិអាមេរិកថា លោកបានលាឈប់ពីការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ 2024 ដើម្បីបង្រួបបង្រួមប្រទេស ដោយលោកនិយាយថាវាដល់ពេលដែលត្រូវ ប្រគល់ ទៅឱ្យក្មេងៗម្តងហើយ ។
បុរសវ័យ ៨១ ឆ្នាំជាប្រធានាធិបតីរូបនេះបាននិយាយនៅក្នុងសុន្ទរកថាពីការិយាល័យ របស់លោក រយៈពេល ១១ នាទីថា «ខ្ញុំបានសម្រេចចិត្តថាមធ្យោបាយដ៏ល្អបំផុតឆ្ពោះទៅមុខគឺការបញ្ជូនពិលទៅមនុស្សជំនាន់ថ្មី»។ លោកបាននិយាយបន្តថា «ខ្ញុំគោរពការិយាល័យនេះ។ ប៉ុន្តែខ្ញុំស្រឡាញ់ប្រទេសរបស់ខ្ញុំច្រើនជាង» ។
លោក Biden បាននិយាយទៀតថា៖ «ការការពារលទ្ធិប្រជាធិបតេយ្យដែលកំពុងជាប់គាំងគឺសំខាន់ជាងតំណែងណាមួយ»។ ក្នុងសុន្ទរកថា លោកក៏បានសរសើរអនុប្រធាន Kamala Harris អាយុ ៥៩ ឆ្នាំរបស់លោកផងដែរ។ លោកបាននិយាយថា «នាងមានបទពិសោធន៍។ នាងរឹងមាំ។ នាងមានសមត្ថភាព» ៕