អង្គការសហប្រជាជាតិ កោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា
ភ្នំពេញ៖ អគ្គលេខាធិការរង អង្គការសហប្រជាជាតិ បានកោតសរសើរអំពីជោគជ័យរបស់កម្ពុជា និងចាត់ទុកកម្ពុជា ជាប្រទេសគំរូដែលបានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទៅជាប្រទេសដែលបានចូលរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅកាន់បណ្ដាប្រទេសជាច្រើន ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដើម្បីចូលរួមថែរក្សាសន្តិភាព បោសសម្អាតមីន និងកសាងហេដ្ឋារចនាសម្ព័ន្ធនានា។
លោក អាទល់ ខារ៉េ (Atul KHARE) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកទ្រទ្រង់ប្រតិបត្តិការរក្សាសន្តិភាព បានកោតសសើរបែបនេះនៅ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៤ នៅវិមានសន្តិភាព។

ជាមួយគ្នានេះ លោកអគ្គលេខាធិការរង បញ្ជាក់បន្ថែមថា កម្ពុជាបានផ្ដល់នូវការបណ្ដុះបណ្ដាលផ្នែកបោសសម្អាតមីន ដល់បណ្ដាប្រទេសមួយចំនួន និងមានមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន។ បន្ថែមពីនេះ លោកអគ្គលេខាធិការរង ក៏បានសម្ដែងនូវការគាំទ្រចំពោះកម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាស្តីពី ការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកា ឆ្នាំ២០២៤។
លោក អគ្គលេខាធិការរង បានកោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា និងបានអបអរសាទរកម្ពុជា ដែលនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងពេលអនាគតដ៏ខ្លី។
ជាការឆ្លើយតប សម្ដេចធិបតី បានអរគុណអង្គការសហប្រជាជាតិ ដែលបានរួមចំណែកកសាងនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាបានគាំទ្រ និងបន្តគាំទ្រកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ។ បន្ថែមលើនេះ សម្ដេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបន្តប្ដេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដើម្បីចូលរួមជាមួយអង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាព និងបោសសម្អាតមីនមនុស្សធម៌។
ជាមួយគ្នានោះ សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកម្មវិធីភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ-សាធារណរដ្ឋកូរ៉េ-កម្ពុជា ( The UN-ROK-Cambodia Triangular Partnership) ក្នុងចុងឆ្នាំ២០២៤ និងកម្មវិធីភាពជាដៃគូត្រីភាគីអង្គការសហប្រជាជាតិ-ជប៉ុន-កម្ពុជា (The UN-Japan-Cambodia Triangular Partnership) នៅដើមឆ្នាំ២០២៥៕

