វៀតណាម នឹងបញ្ជូលក្រុមកីឡាហែលទឹកចំនួន ៣០នាក់ មកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា
កីឡាករហែលទឹកវៀតណាម ចំនួន ៣០ នាក់ត្រូវបានកោះហៅឱ្យមកធ្វើការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬស៊ីហ្គេមលើកទី ៣២ ឆ្នាំ២០២៣ ដែលប្រារព្ធឡើងនៅប្រទេសកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Vietnam Plus។
បើតាមសេចក្តីសម្រេចរបស់រដ្ឋបាលកីឡាវៀតណាម ក្រោមក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ក្រុមកីឡាហែលទឹកវៀតណាម ដែលទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣២នេះ មានចំនួនសរុប ៣០នាក់ ក្នុងនោះមានគ្រូបង្វឹកចំនួន ៦ នាក់ និងអត្តពលិកហែលទឹក ២៤ នាក់។
គួររំលឹកថា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំមុន ដែលធ្វើឡើងក្នុងប្រទេសវៀតណាម ម្ចាស់ផ្ទះហែលទឹកវៀតណាម ដណ្តើមបានមេដាយមាសសរុប ១១ គ្រឿង, ប្រាក់ ១១គ្រឿង និងសំរឹទ្ធ ៣ គ្រឿង ដែលជាចំនួនដ៏ច្រើន។
គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣នេះ នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា និងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ក្នុងប្រទេសកម្ពុជា ដែលមានមេដាយសរុបចំនួន ៦០៨គ្រឿង។ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ ម្ចាស់ផ្ទះវៀតណាម បានឈរកំពូលតារាងមេដាយមាស ២០៥ គ្រឿង។ ថៃ ជាប់លេខ ២ មាន ៩២ គ្រឿង និង ឥណ្ឌូនេស៊ី លេខ ៣ មាន ៦៩គ្រឿង៕