អតីតប្រធានាធិបតីសហរដ្ឋអាមេរិ លោក Donald Trump បានរងនូវការធ្លុះស្លឹកត្រចៀក
បរទេស៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានរងរបួសស្លឹកត្រចៀក កាលពីថ្ងៃសៅរ៍ ប៉ុន្តែ លោកមិនរងគ្រោះថ្នាក់ធ្ងន់នោះទេ បន្ទាប់ពីបានរងការបាញ់ប្រហារនៅកណ្តាលហ្វូងក្រុមអ្នកគាំទ្រក្នុងគ្រាដែលលោកថ្លែងសុន្ទរកថានៅឯការប្រមូលផ្តុំយុទ្ធនាការឃោសនាបោះឆ្នោតមួយក្នុងរដ្ឋ Pennsylvania ។
លោក Trump បានរៀបរាប់ នៅលើបណ្តាញសង្គម Truth Social ជាលើកដំបូង ក្រោយពេលកើតមានហេតុការណ៍បាញ់ប្រហារ នៅឯពិធីជួបជុំឃោសនាដ៏ធំមួយ នៅរដ្ឋ Pennsylvania។
លោក Trump បានរៀបរាប់ថា «ខ្ញុំត្រូវបានបាញ់ ដោយគ្រាប់កាំភ្លើង ដែលទម្លុះត្រចៀក»។
លោក Trump បានអរគុណដល់កងកម្លាំងទាំងអស់ ដែលបានជួយសង្គោះជីវិតរបស់លោក។ លោកចូលរួមរំលែកទុក្ខចំពោះអ្នកចូលរួមវេទិកាម្នាក់ ដែលបានស្លាប់ និងសោកស្តាយជាមួយគ្រួសាររបស់ អ្នកចូលរួមម្នាក់ទៀត ដែលបានរងរបួសធ្ងន់ធ្ងរ។
លោក Trump បានបន្តថា «ពុំមាននរណាម្នាក់ដឹងពីខ្មាន់កាំភ្លើងនៅពេលនោះទេ ខ្មាន់កាំភ្លើងបានស្លាប់ហើយ»។
លោកបន្ថែមថា «ជារឿងមិនគួរឲ្យជឿ ដែលហេតុការណ៍បែបនេះបានកើតមាន នៅក្នុងប្រទេសរបស់យើ។
ក្រោយពេលដែលលោកត្រាំត្រូវបានគេបាញ់ លោកប្រធានាធិបតីអាមេរិក Jo Biden និយាយថា «ខ្ញុំពិតជាមានអំណរគុណ ដែលបានឮថាលោក មានសុវត្ថិភាព»។
បន្ទាប់ពីគូប្រជែងបោះឆ្នោត មកពីគណបក្សសាធារណរដ្ឋត្រូវបានបាញ់ប្រហារ នៅឯការជួបជុំបោះឆ្នោត នៅរដ្ឋ Pennsylvania លោក Biden និយាយថា «គ្មានកន្លែងសម្រាប់អំពើហិង្សាបែបនេះទេ។
លោកបានបន្ថែមថា៖ «យើងត្រូវតែរួបរួមគ្នាជាប្រជាជាតិតែមួយ ដើម្បីថ្កោលទោសវា»។ ខ្ញុំកំពុងអធិស្ឋានសម្រាប់គាត់ និងក្រុមគ្រួសាររបស់គាត់ និងសម្រាប់អ្នកទាំងអស់ដែលចូលរួមក្នុងការជួបជុំនេះ យើងកំពុងរង់ចាំព័ត៌មានបន្ថែម»។

អតីតប្រធានាធិបតីអាមេរិក លោក Barack Obama, លោកមGeorge W. Bush, ប្រធានសភា Mike Johnson បានចេញសាររិះគន់អំពើហិង្សា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមយុទ្ធនាការរបស់លោក Trump បាននិយាយថា បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក Trump បានទទួលការព្យាបាលនៅឯមន្ទីរពេទ្យក្នុងមូលដ្ឋានមួយ។ លោកបានទៅទីក្រុង Butler ក្នុងរដ្ឋដែលមានការប្រកួតប្រជែងខ្លាំងដើម្បីធ្វើការឃោសនា។
លោក Steven Cheung ជាអ្នកនាំពាក្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លោកប្រធានាធិបតី Trump ថ្លែងអំណរគុណមន្ត្រីអនុវត្តច្បាប់ និងក្រុមសង្គ្រោះបន្ទាន់ចំពោះសកម្មភាពដ៏រហ័សរបស់ពួកគេក្នុងអំឡុងពេលមានទង្វើដ៏សាហាវនេះ។ លោកមិនអីទេ ហើយកំពុងត្រូវបានគេពិនិត្យនៅមន្ទីរពេទ្យក្នុងមូលដ្ឋានមួយ»។
អ្នកចូលរួមបានឮសំឡេងផ្ទុះប៉័ងៗជាច្រើនដែលស្រដៀងនឹងការបាញ់អាវុធធុនតូចមុនពេលដែលអតីតប្រធានាធិបតីបានយកដៃស្ទាបមុខម្ខាងរបស់លោកហើយក្រាបចុះ។ លោកត្រូវបានក្រុមអង្គរក្សសម្រុកចូលការពារភ្លាមៗ ហើយអាចត្រូវបានគេឮលោកស្រែកថា «ឱ្យខ្ញុំយកស្បែកជើងខ្ញុំសិន» មុនពេលដែលលោកក្រោកឈរឡើងវិញនោះមានកងភ្នាក់ងារការពារបានព័ទ្ធការពារលោកយ៉ាងណែន។
បន្ទាប់មក ដោយមានហូរឈាមចេញពីត្រចៀកខាងស្តាំ លោកបាននិយាយម្តងហើយម្តងទៀតថា «ចាំបន្តិច» ។ បន្ទាប់មក លោកបានលើកកណ្តាប់ដៃស្តាំ ហើយធ្វើកាយវិការខឹងសំដៅកន្លែងមួយនៅចំកណ្តាលហ្វូងមនុស្ស ហើយនិយាយពាក្យដដែលបីដង។ ស្តាប់ទៅដូចជាពាក្យថា «ប្រយុទ្ធ, ប្រយុទ្ធ, ប្រយុទ្ធ» ។
ទោះជាយ៉ាណា ទីភ្នាក់ងារ Secret Service បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពបាញ់ប្រហារលើលោក ដូណាល់ ត្រាំ បានបាត់បង់ជីវិតហើយ ស្របពេលអ្នកចូលរួមព្រឹត្តិការណ៍ម្នាក់ក៏បានស្លាប់ផងដែរ រីឯ២នាក់ទៀតរងរបួស។

ប្រភពដដែលបានរាយការណ៍ថា គោលដៅបាញ់ប្រហារលើលោក ត្រាំ គឺចេញមកទីតាំងខ្ពស់មួយ នៅកន្លែងស្ថិតក្រៅតំបន់ ដែលត្រូវបានធានាសុវត្ថិភាពដោយ Secret Service។ លោក ដូណាល់ ត្រាំ បានរងរបួសស្រាល បន្ទាប់ពីគ្រាប់កាំភ្លើងបានហោះឆាបចំស្លឹកត្រចៀករបស់លោក ក្នុងការសកម្មភាពដែលទំនងជាការប៉ុនប៉ងធ្វើឃាត។
ទីភ្នាក់ងារ Secret Service និងយុទ្ធនាការរបស់ លោក ដូណាល់ ត្រាំ បាននិយាយថា លោកអតីតប្រធានាធិបតី មានសុវត្ថិភាព ក្រោយការបាញ់ប្រហារ ដែលបានកើតឡើងអំឡុងព្រឹត្តិការណ៍ជួបជុំក្រុមអ្នកគាំទ្រ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ នៅទីក្រុង Butler នៃរដ្ឋ Pennsylvania៕


