Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំបានផ្ដើម និងផ្ដល់គោលការណ៍អនុញ្ញាតឱ្យរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ក្នុងខែតុលា ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៤

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ កីឡា
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំបានផ្ដើម និងផ្ដល់គោលការណ៍អនុញ្ញាតឱ្យរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ក្នុងខែតុលា ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខ្ញុំបានផ្ដើម និងផ្ដល់គោលការណ៍អនុញ្ញាតឱ្យរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ក្នុងខែតុលា ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៤

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់គោលការណ៍អនុញ្ញាតឲ្យរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណរៀងរាល់ឆ្នាំ ចាប់ពីខែតុលា ឆ្នាំ២០២៤ តទៅ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ក្បាច់គុនបុរាណខ្មែរ ជាពិសេសផ្សព្វផ្សាយឲ្យពិភពលោកដឹងថា កម្ពុជាមិនមែនមានក្បាច់គុនបុរាណត្រឹម ២ ឬ ៣ នោះទេ ។

សម្ដេចបានប្រកាសបែបនេះ ក្នុងឱកាសសម្ដេចអញ្ជើញចូលរួមពិធីបើកការការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ នៅល្ងាចថ្ងៃទី១១ ខែកក្កដានេះ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។

ការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៤ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។ ការប្រកួតនេះ មានប្រតិភូ និងអត្តពលិក ២៣៣នាក់ មកពី ១៨ប្រទេសចូលរួម រួមមានកម្ពុជា ឥណ្ឌា ឥណ្ឌូនេស៊ី កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ម៉ុងហ្គោលី ថៃ ហ្វីលីពីន សិង្ហបុរី ចិនហុងកុង ចិនតៃប៉ិ ចិនម៉ាកាវ ចិន បារ៉ែន និងអារ៉ាប៊ីសាអ៊ូឌី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ការប្រកួតកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី លើកទី២ នេះ បានបើកទ្វារជំហរសម្រាប់អ្នកហាត់គុនថ្មី ឬកីឡាប្រយុទ្ធគ្រប់ប្រភេទ គ្រប់ទម្រង់ដែលអាចចូលរួមប្រកួតបាន។ កន្លងមក មានកីឡាករប្រយុទ្ធជាច្រើន ដូចកីឡាជឺជីស៊ូ យូដូ ចំបាប់ ប្រដាល់ ឃីកបុកស៊ីង ការ៉ាតេ និងតេក្វាន់ដូ ជាដើម ហើយកម្ពុជា ក៏ធ្លាប់មានឱកាសចូលរួមប្រកួតយុទ្ធគុនចម្រុះអន្ដរជាតិជាច្រើនលើក ក្នុងនាមកីឡាករយុទ្ធគុនខ្មែរ កីឡាករគុនល្បុក្កតោ ចំបាប់ ការ៉ាតេ និងយូដូ ជាដើមផងដែរ »។

សម្ដេចធិបតីបានបន្ដថា ៖«កម្ពុជា នៅមានយុទ្ធគុនបុរាណខ្មែរដ៏សម្បូរបែប ច្រើនប្រភេទ ច្រើនទម្រង់ និងច្រើនមេគុន ហើយខ្ញុំបានផ្ដើម និងផ្ដល់ជាគោលការណ៍ឲ្យរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ក្នុងខែតុលា ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៤ នេះតទៅ ដើម្បីបើកជំហរទូលំទូលាយ ដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ក្បាច់គុន គ្រប់ទិសទី អាចចូលរួមប្រកួតទាំងមហាជន ទាំងមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ពោលគឺសញ្ជាតិខ្មែរ និងបរទេសអាចចូលរួមប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណបានទាំងអស់គ្នា »។

សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា «ខ្ញុំសូមធ្វើការអំពាវនាវដល់កីឡាករ-កីឡាការិនីយើងនៅទីនេះ យុវជន និងបងប្អូនចូលទស្សនា អ្នកដែលចេះក្បាច់គុនបុរាណខ្មែរ ទាំងប្រជាពលរដ្ឋ ដែលទស្សនាតាមកញ្ចក់ទូរទស្សន៍ គឺនៅខែតុលា ឆ្នាំ២០២៤ នេះ នឹងចាប់ផ្ដើមរាល់ឆ្នាំ រៀងរាល់ខែតុលា យើងនឹងមានរៀបចំការប្រកួត ស្រដៀង AMMA ដែរ ប៉ុន្ដែរបស់ខ្មែរ គឺប្រកួតតែក្បាច់គុនបុរាណខ្មែរ គឺគ្រប់ទម្រង់ទាំងអស់ ល្បុក្កតោ យុទ្ធគុនខម ខ្លាក្រាប ស្រងែពេន គុនដំបង ជាដើម គឺអាចដាក់ពាក្យចូលប្រកួតទាំងអស់ ទាំងកងយោធបលខេមរភូមិន្ទ សូមចូលរួមប្រកួតឲ្យបានច្រើនកុះករ ហើយបងប្អូនបរទេសក៏ស្វាគមន៍ តែត្រូវចេះក្បាច់គុនខ្មែរ» ៕

អត្ថបទទាក់ទង