Close

ទូតចិនថ្មីចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវក្រវាត់ក្រុងទី៣ជា មហាវិថី ស៊ី ជីនពីង

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ទូតចិនថ្មីចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវក្រវាត់ក្រុងទី៣ជា មហាវិថី ស៊ី ជីនពីង ទូតចិនថ្មីចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវក្រវាត់ក្រុងទី៣ជា មហាវិថី ស៊ី ជីនពីង

ភ្នំពេញ៖ ឯកឧត្ដម វ៉ាង វិនបិន (Wang Wenbin) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីប្រសិទ្ធនាមឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង(ក្រវាត់ក្រុងទី៣)។

ពិធីប្រសិទ្ធនាមឈ្មោះផ្លូវនេះ នឹងត្រូវរៀបចំឡើងក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៩ កក្កដា ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ការចុះពិនិត្យក្នុងគោលបំណងដើម្បីពិនិត្យមើលទីតាំងបង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថី ស៊ី ជីនពីង” ដែលកំពុងសាងសង់ដោយពន្លឿនការងារឱ្យបានទាន់ពេលវេលា រៀបចំសណ្តាប់ធ្នាប់នៅទីតាំងប្រារព្ធពិធីឱ្យបានរៀបរយ រៀបចំចរាចរណ៍ និង ដើម្បីពិធីសម្ពោធនេះប្រព្រឹត្តទៅដោយជោគជ័យ។ ពិធីនេះផងដែរ នឹងប្រារព្ធឡើងនៅក្នុងភូមិសាស្ត្រ ភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្ថិតនៅចំណុចរង្វង់មូល ក្បែរផ្លូវជាតិលេខ៤៕

តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា មិត្តចិនបានឯកភាពក្នុងការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅផ្លូវជាតិលេខ៤ ជា «មហាវិថី ស៊ី ជីនពីង»នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នេះ ។ ការប្រសិទ្ធនាម «ផ្លូវក្រវាត់ក្រុងទី៣» មានអត្ថន័យធំធេង សម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ។

ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយដែលមិនអាចបំបែកបាន ។ ទំនាក់ទំនងនេះ ស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ ។ ជំនួយរបស់ប្រទេសចិនដល់ប្រទេសកម្ពុជា មិនត្រឹមតែជួយអភិវឌុ្ឍន៍សង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង ។

ក្នុងនោះ កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ចកិច្ច-សង្គមកម្ពុជា ហើយគិតមកដល់បច្ចុប្បន្ននេះ គម្រោងធំៗត្រូវបានបង្កើតឡើងរួមមានតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ។ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត ។ រហូតមកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤០០០ គីឡូម៉ែត្រនៅកម្ពុជា ។

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតថ្មី ប្រចាំនៅកម្ពុជា បានមកដល់កម្ពុជា នៅថ្ងៃសុក្រទី៥ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីបំពេញបេសកកម្មការទូតនៅកម្ពុជា ។ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន បានតែងតាំងឯកឧត្តម Wang Wenbin ជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំនៅកម្ពុជា ដែលជាអនុប្រធាននាយកដ្ឋានពត៌មាន និងជាអតីតអ្នកនាំពាក្យក្រសួងការបរទេសចិន។
ឯកឧត្តមជាអ្នកនាំពាក្យទី៣២ នៃក្រសួងការបរទេសចិន ចាប់ពីខែកក្កដា ឆ្នាំ ២០២០រហូតដល់ខែឧសភា ឆ្នាំ ២០២៤។

ឯកឧត្តម Wang Wenbin មានអាយុ៥៣ឆ្នាំ ឯកឧត្តម បានបំពេញការងារ ជាអ្នកការទូតអស់រយ:ពេល៣០ឆ្នាំមកហើយ ក្នុងវិស័យរៀបចំផែនការ និងកិច្ចការនយោបាយ នៃបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក។
ការតែងតាំងឯកឧត្តម Wang Wenbin ដែលជាមន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសនេះ គឺបញ្ជាក់ពីការគិតគូរខ្ពស់បំផុត មិនធ្លាប់មានរបស់រដ្ឋាភិបាលចិន ចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា៕

អត្ថបទទាក់ទង