ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast ប្រមូលរថយន្តជិត ៣ពាន់គ្រឿងត្រឡប់មកវិញដើម្បីជួលជុលបញ្ហាប្រអប់ហ្វ្រាំង

បរទេស ៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី (EV) របស់វៀតណាម VinFast កំពុងប្រមូលរថយន្តស្ព័រត្រឡប់មកវិញប្រមាណជិត ៣ពាន់គ្រឿង ម៉ូដែល VF8 ដែលបានលក់នៅក្នុងទីផ្សារក្នុងស្រុក ដើម្បីពិនិត្យ និងជួសជុលប៊ូឡុងដែលភ្ជាប់ប្រអប់ហ្វ្រាំងខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣។
VinFast បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយសារតែធាតុដំឡើងប៊ូឡុងដែលភ្ជាប់ប្រអប់ហ្វ្រាំងខាងមុខ អាចនឹងរលុងនៅពេលដែលរថយន្តកំពុងដំណើរការ នាំឱ្យអាចកាត់បន្ថយប្រសិទ្ធភាពនៃហ្វ្រាំងមុខ ដូច្នេះក្រុមហ៊ុនត្រូវប្រមូលរថយន្តទាំងនោះមកធ្វើការត្រួតពិនិត្យ និងផ្លាស់ប្ដូរឡើងវិញ បើសិនជាមានករណីមិនប្រក្រតី” ។
VinFast ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម ដែលបានចាប់ផ្ដើមផលិតរថយន្តនៅឆ្នាំ២០១៩ និងបានកំពុងពង្រីកទីផ្សាររបស់ខ្លួនទៅកាន់ទឹកដីសហរដ្ឋអាមេរិក ជាមួយនឹងការវិនិយោគក្នុងទឹកប្រាក់ដ៏ច្រើនសន្ធឹក ដោយសង្ឃឹមថានឹងប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងៗទៀតដែលកំពុងមានទីផ្សារនៅក្នុងទឹកដីដុល្លារមួយនេះ។
ចំពោះបញ្ហាខាងលើនេះត្រូវបានក្រុមហ៊ុនប្រកាសឱ្យដឹងថា ខ្លួននឹងធ្វើការផ្លាស់ប្ដូរទៅលើបញ្ហាបច្ចេកទេសនោះតែម្ដង ដើម្បីងាយស្រួល និងចំណាយពេលតិច ឱ្យទាន់តម្រូវការក្នុងការនាំរថយន្តទាំងនោះទៅលក់នៅលើទឹកដីសហរដ្ឋអាមេរិក។
VinFast អាចនិយាយបានថា ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយដែលបានពង្រីកទីផ្សាររបស់ខ្លួនទៅក្រៅប្រទេសបានឆាប់រហ័ស បើធៀបជាមួយនឹងក្រុមហ៊ុនមួយចំំនួនទៀត៕