Close

គម្រោង “ពន្លឿនការកែទម្រង់វិស័យកសិកម្ម” នៅកម្ពុជាគ្រោងចំណាយ ១០០លានដុល្លារ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
គម្រោង “ពន្លឿនការកែទម្រង់វិស័យកសិកម្ម” នៅកម្ពុជាគ្រោងចំណាយ ១០០លានដុល្លារ គម្រោង “ពន្លឿនការកែទម្រង់វិស័យកសិកម្ម” នៅកម្ពុជាគ្រោងចំណាយ ១០០លានដុល្លារ

ភ្នំពេញ៖ គម្រោង “ពន្លឿនការកែទម្រង់វិស័យកសិកម្ម” នៅកម្ពុជា ត្រូវអនុវត្តន៍ក្នុងរយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ ២០២៦ តទៅ ដោយប្រើប្រាស់ហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីចំនួន ១០០លានដុល្លារសហរដ្ឋអាមេរិក ក្រោមការគ្រប់គ្រង និងអនុវត្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសហការជាមួយក្រសួងនិងស្ថាប័នរដ្ឋមួយចំនួនទៀត។

នេះ បើតាមជំនួបពិភាក្សារវាង ឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងជានាយកកម្មវិធី ASPIRE-AT និង អ្នកឯកទេសផ្នែកធនធានធម្មជាតិ និងកសិកម្ម និងជាតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីរៀបចំឯកសារទស្សនទានសម្រាប់រៀបចំគម្រោង “ពន្លឿនការកែទម្រង់វិស័យកសិកម្ម” នៅទីស្តីការក្រសួងកសិកម្ម។

ឯកឧត្តម មាស ពិសិដ្ឋ មានប្រសាសន៍ថា នៅក្នុងអង្គប្រជុំក៏បានយល់ស្របយកចិត្តទុកដាក់អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីធ្វើឱ្យគម្រោង “ពន្លឿនការកែទម្រង់វិស័យកសិកម្ម” នោះ មានគោលដៅរួមចំណែកធ្វើឱ្យសម្រេចគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា និងក្រសួង តាមរយៈការចងក្រង និងពង្រឹងសមត្ថភាពរបស់សហគមន៍កសិកម្មទំនើប ទាំងការផលិត ទាំងការតភ្ជាប់ទីផ្សារ ដើម្បីរក្សាបានកំណើនសេដ្ឋកិច្ច និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការរក្សាបានតុល្យភាពរវាងតម្រូវការនិងការផ្គត់ផ្គង់ ទាំងទីផ្សារក្នុងស្រុក ទីផ្សារនាំចេញ ការគាំទ្របច្ចេកទេសនិងមធ្យោបាយដល់មន្ត្រីកសិកម្មឃុំ ដែលត្រូវបានជ្រើសរើសបម្រើសេវាបច្ចេកទេស និងទីផ្សារដល់សហគមន៍ជនបទជាដើម។

បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការបញ្ជាក់ថា គម្រោងនេះនឹងគ្រោងអនុវត្តនៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ រួមមានខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ដោយផ្តោតលើកសិផលដែលមានតម្លៃខ្ពស់មួយចំនួនដូចជា អង្ករក្រអូប ស្វាយ មៀនប៉ៃលិន ស្វាយចន្ទី និងជលផលជាដើម ដើម្បីឱ្យស្របនឹងគោលការណ៍របស់ Rice-Fish Economic corridorផងដែរ៕

អត្ថបទទាក់ទង