អ៊ីស្រាអែលអនុញ្ញាឱ្យក្មេងចំនួន ១៩ នាក់ដែលមានជំងឺ និងរងរបួសចាកចេញពីតំបន់ហ្គាហ្សាទៅព្យាបាលនៅអេហ្ស៊ីប
បរទេស៖ អាជ្ញាធរប្រេទេសអ៊ីស្រាអែលបាននិយាយថា ខ្លួនបានអនុញ្ញាតឱ្យក្មេងចំនួន ១៩ ក្នុងចំណោមមនុស្ស ៦៨នាក់ ដែលមានជំងឺ និងរងរបួសចាកចេញពីតំបន់ហ្គាហ្សា ជាលើកដំបូងក្នុងរយៈពេលជិត ២ ខែ ពោល ចាប់តាំងដើមខែឧសភា ចូលទៅក្នុងប្រទេសអេហ្ស៊ីប ដើម្បីព្យាបាល បន្ទាប់ពីត្រូវបានបិទព្រំដែន និងកាន់កាប់។
សង្គ្រាមរវាងប្រទេសអ៊ីស្រាអែល-ក្រុមហាម៉ាស់ជិត៩ ខែមកនេះ បានបំផ្លិចបំផ្លាញផ្នែកសុខភាពរបស់តំបន់ហ្គាហ្សា និងបានបង្ខំឱ្យមន្ទីរពេទ្យភាគច្រើនរបស់ខ្លួនបិទទ្វារ។ មន្ត្រីសុខាភិបាលនិយាយថា មនុស្សរាប់ពាន់នាក់ត្រូវការព្យាបាលនៅក្រៅប្រទេស រួមទាំងករណីបន្ទាន់រាប់រយករណីផងដែរ។
យោធារបស់ប្រទេសអ៊ីស្រាអែលទទួលបន្ទុកកិច្ចការជនស៊ីវិលប៉ាឡេស្ទីន (COGAT) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការជម្លៀសជនស៊ីវិល ត្រូវបានធ្វើឡើងដោយមានការសម្របសម្រួលជាមួយមន្ត្រីមកពីសហរដ្ឋអាមេរិក អេហ្ស៊ីប និងសហគមន៍អន្តរជាតិ។
កុមារព្រមទាំងអ្នករួមដំណើរ បានចាកចេញពីតំបន់ហ្គាហ្សាតាមច្រកដឹកទំនិញ Kerem Shalom ហើយអ្នកជំងឺត្រូវធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីប និងទៅក្រៅប្រទេស ដើម្បីទទួលការព្យាបាល។
មុនពេលចាកចេញ សមាជិកក្រុមគ្រួសារធ្វើការលាទាំងទឹកភ្នែកដល់ក្មេងៗទាំងនោះ នៅមន្ទីរពេទ្យ Nasser ក្នុងក្រុង Khan Younis ភាគខាងត្បូងតំបន់ Gaza។ គ្រួសារជាច្រើនហាក់ដូចជាព្រួយបារម្ភសាច់ញាត្តិ។ សូម្បីតែអ្នកដែលអនុញ្ញាតឱ្យទៅជាមួយអ្នកជំងឺក៏មិនដឹងពីទិសដៅចុងក្រោយរបស់ពួកគេដែរ។
ការវាយលុករបស់ប្រទេសអ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសដែលគ្រប់គ្រងនៅតំបន់ហ្គាហ្សាស្ទ្រីបបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣៧,៧០០ នាក់។ ស្ត្រី និងកុមាររាប់ពាន់នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះ ។នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា ៕