គ្រូបង្វឹកណាហ្គាវើលដ៍ថាការលេងរបស់ U16 កម្ពុជា មានភាពខុសប្លែកច្រើនទាំងបច្ចេកទេស និងរបៀបលេងពិសេសគឺឆន្ទ:
ASEAN boys U-16 ៖ នៅរសៀលថ្ងៃ សុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំ នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិប្រ៊ុយណេ វេលាម៉ោង ៣៖០០នាទីរសៀល ក្នុងពានរង្វាន់ ASEAN U-16 Boys Championship នាកីឡដ្ឋាន SRIWEDARI ប្រទេសឥណ្ឌូណេស៊ី។
ជុំវិញការប្រកួតនេះ លោក ឃឹម បូរី គ្រូបង្វឹកក្រុមបាល់ទាត់ណាហ្គាវើលដ៍ បានបង្ហាញពីការយល់ឃើញរបស់លោក ព្រមទាំងសរសើរកីឡាករជម្រើសជាតិកម្ពុជា អាយុក្រោម១៦ឆ្នាំថា ការលេងរបស់ពួកគេមានភាពខុសប្លែកច្រើន ទាំងបច្ចេកទេស និងរបៀបលេង ពិសេសគឺឆន្ទៈរបស់កីឡាករ។
ថ្លែងមកកាន់ ENN News តាមរយៈប្រព័ន្ទទំនាក់ទំនង Messager លោក ឃឹម បូរី បានគូសបញ្ជាក់ថា៖ ចំពោះការលេងរបស់ U16 មានភាពខុសប្លែកច្រើនទាំងបច្ចេកទេស និងរបៀបលេង ក៏ដូចជាកម្លាំងផងដែរ ហើយអ្វីដែលកាន់តែពិសេសនោះ គឺឆន្ទករបស់ពួកគាត់ខ្ពស់មែនទែន។ចំណុចដែលល្អមួយទៀត ដោយសារសហព័ន្ទបានរៀបចំឲ្យមានលីគសម្រាប់យុវជន ដែលជាហេតុធ្វើឲ្យពួកគាត់មានឱកាសលេងច្រើន និងមានការប្រកួតប្រជែង ហើយនេះជាគុណផលមួយ ដែលនាំឲ្យពួកគាត់លេងនៅជម្រើសជាតិបានល្អ»។
គ្រូបង្វឹកវ័យ ៣៥ឆ្នាំរូបនេះ បានបន្តថា៖« ចំពោះការប្រកួតថ្ងៃនេះ ឱកាសឈ្នះមានច្រើន ហើយខ្ញុំជឿជាក់លើប្អូនៗ តែអ្វីដែលសំខាន់គឺយើងត្រូវការគ្រាប់បាល់ច្រើន ដើម្បីមានឱកាសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ កត្តាមួយដែលសំខាន់សម្រាប់ការប្រកួតថ្ងៃនេះគឺអារម្មណ៍ ទោះបីជាប្រុយណេ មានកម្រិតទាបជាងយើង តែយើងមិនត្រូវមើលស្រាលពួកគេឡើយ ពួកយើងត្រូវតែព្យាយាមលេងឲ្យបានល្អ និងរកគ្រាប់បាល់ឲ្យបានច្រើន»។
លោកបានបន្តទៀតថា៖« ជាចុងក្រោយ សូមផ្ដាំផ្ញើរទៅកាន់ប្អូនៗកីឡាករ និងក្រុមការងារជម្រើសជាតិU16ទាំងអស់ទទួលបានជ័យជំនះ ដើម្បីកសាងកេរ្តិ៍ឈ្មោះជូនជាតិ ពិសេសគឺអាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ អញ្ជឹងសង្ឃឹមថាជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់ U16 យើងផងដែរ»។
បច្ចុប្បន្ន U16 កម្ពុជា ឈរលេខ២ មាន ៤ពិន្ទុ ចំណេញគ្រាប់បាល់ ១គ្រាប់ ខណៈវៀតណាម បន្តឈរលេខកំពូលតារាងមាន ៤ពិន្ទុដូចគ្នា តែចំណេញគ្រាប់បាល់១៥គ្រាប់ ស្របពេលដែល មីយ៉ាន់ម៉ា ឈរលេខ៣ មាន ៣ពិន្ទុ និង ប្រ៊ុយណេ ឈរបាតតារាងគ្មានពិន្ទុរាប់។
គួរបញ្ជាក់ថា ក្នុងពានរង្វាន់ជើងឯកយុវជនប្រចាំតំបន់អាស៊ាន (2024 ASEAN U-16 Boys Championship) ក្រុមជម្រើសកម្ពុជា អាយុក្រោម១៦ឆ្នាំ ស្ថិតក្នុងពូល B ជាមួយក្រុមជម្រើសជាតិវៀតណាម, មីយ៉ាន់ម៉ា និងប៊្រុយណេ៕