Close

ក្រសួងទេសចរណ៍បើកកិច្ចប្រជុំត្រៀបទទួលទេសចរចិនមកកាន់ក្រុងសៀមរាប

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ សង្គម
ក្រសួងទេសចរណ៍បើកកិច្ចប្រជុំត្រៀបទទួលទេសចរចិនមកកាន់ក្រុងសៀមរាប ក្រសួងទេសចរណ៍បើកកិច្ចប្រជុំត្រៀបទទួលទេសចរចិនមកកាន់ក្រុងសៀមរាប

(ខេត្តសៀមរាប)៖ ក្នុងឆ្នាំ២០២៣នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិ ពី ៣-៤លាននាក់ ដែលមានទេសចរចិនពី៨០ម៉ឺន-១លាននាក់ ក្នុងនោះប្រមាណជិត៣០%នៃទេសចរចិននឹងរំពឹងថាមកទស្សនាខេត្តសៀមរាប ខណៈដែលឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានទេសចរចិនតែ ១៨,៧៦៣នាក់ កើនឡើង ២៣៧.១៦% ធៀបនឹងឆ្នាំ២០២១ ដែលឈរនៅលំដាប់ទីផ្សារអាទិភាពទី៤ ក្នុងខេត្តសៀមរាប។

ជាមួយនឹងការរំពឹងដូចបានបង្ហាញជូននៅខាងលើនេះ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងទេសចរណ៍បានបើកកិច្ចប្រជុំនៅសាលាខេត្តសៀមរាប ពីការផ្សព្វផ្សាយការ និងការត្រៀមទទួលទេសចរចិន (China Ready) ក្រោមវត្តមានឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងមានការចូលរួមជាអធិបតីដោយ ឯកឧត្តម យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងអាជ្ញាធរជាតិអប្សរា តំណាងគ្រឹះស្ថានអង្គរ មន្ទីរទេសចរណ៍ខេត្តសៀមរាប និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ១).ដើម្បីផ្សព្វផ្សាយការត្រៀមទទួលទេសចរចិនមកខេត្តសៀមរាបនៅដើមខែមីនា ឆ្នាំ២០២៣ ២).ជំរុញប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាបដែលទទួលទីផ្សារចិនពង្រឹងសេវាកម្មទេសចរណ៍ទទួលភ្ញៀវចិនតាមរយៈការស្នើសុំការវាយតម្លៃបញ្ជាក់កម្រិតសេវាកម្មសម្រាប់ទីផ្សារទេសចរចិន ៣).ដើម្បីប្រមូលបញ្ហាប្រឈមនានារបស់ប្រតិបត្តិករទទួលទីផ្សារចិនក្នុងខេត្តសៀមរាប។

ឯកឧត្ដម សុខ សង្វារ បញ្ជាក់ថា ក្រោយប្រទេសចិនប្រកាសបើកប្រទេសកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣មក កម្ពុជាបន្តទទួលជើងហោះហើរត្រង់ជាបន្តបន្ទាប់ពីគោលដៅប្រទេសចិនចូលមកកាន់កម្ពុជា ពិសេសរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

ដោយឡែកខេត្តសៀមរាបពុំទាន់មានជើងហោះហើរត្រង់ពីប្រទេសចិននៅឡើយ ហើយចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ តទៅ អាចរំពឹងថានឹងមានជើងហោះហើរត្រង់ចូលមកខេត្តសៀមរាបជាបន្តបន្ទាប់ ដែលកិច្ចការទំាងនេះទាមទារឱ្យប្រតិបត្តិករទេសចរណ៍ទទួលទីផ្សារចិនទំាងអស់ ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីពង្រឹងគុណភាពសេវាឱ្យស្របតាមតម្រូវការរបស់ទេសចរចិន និងការកំណត់នានាដែលមានចែងក្នុងសៀវភៅស ស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា ដែលបានដាក់ឱ្យអនុវត្តដោយក្រសួងទេសចរណ៍កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។

ឯកឧត្តមក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរ អំពីដំណឹងថ្មីបំផុតដែលទទួលបានពី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពីការអនុញ្ញាតជាផ្លូវការពីរាជរដ្ឋាភិបាលក្នុងការបញ្ចុះតម្លៃតេស្ត PCR សម្រាប់ទេសចរចិនមក១៣០ដុល្លារ មកត្រឹម៥០ដុល្លារវិញ។ ទន្ទឹមនឹងនោះក្រសួងទេសចរណ៍នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីបង្កើនភាពទាក់ទាញទេសចរចិនមកកម្សាន្តគោលដៅ ទេសចរណ៍វប្បធម៌ខេត្តសៀមរាបឱ្យបានច្រើន។

អត្ថបទទាក់ទង