Close

រុស្ស៊ី យកអតីតទីតាំងរោងចក្រជប៉ុន Nissan បម្រើផលិតកម្មរថយន្តក្នុងស្រុក

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ
រុស្ស៊ី យកអតីតទីតាំងរោងចក្រជប៉ុន Nissan បម្រើផលិតកម្មរថយន្តក្នុងស្រុក រុស្ស៊ី យកអតីតទីតាំងរោងចក្រជប៉ុន Nissan បម្រើផលិតកម្មរថយន្តក្នុងស្រុក

យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់រុស្ស៊ី Avtovaz នឹងចាប់ផ្តើមផលិតរថយន្តនៅរោងចក្រមួយដែលពីមុនជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan នៅក្នុងទីក្រុង St. Petersburg ប្រទេសរុស្ស៊ី។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Maxim Sokolov បានបញ្ជាក់ថា រថយន្តនឹងត្រូវបានផលិតក្រោមម៉ាក Lada ហើយការត្រៀមរៀបចំដំណើរការផលិតកម្ម គឺស្ថិតនៅក្នុងដំណាក់កាលចុងក្រោយហើយ។

លោក Sokolov បានបន្ថែមទៀតថា ៖ «យើងនឹងមិនបង្ហាញព័ត៌មានលម្អិតទាំងអស់នៅពេលនេះទេ ពួកគេត្រូវបានរក្សាទុកនៅក្រោមច្បាប់របស់ក្រុមហ៊ុនផលិតរថយន្តរហូតដល់ពេលចុងក្រោយ ប៉ុន្តែខ្ញុំអាចនិយាយបានថា រថយន្តទាំងនេះនឹងទំនើប គុណភាពខ្ពស់ ជាមួយនឹងស្តង់ដារសុវត្ថិភាពខ្ពស់បំផុត។ នៅពេលណាដែលការចុះអនុស្សរណៈជាមួយនឹងដៃគូរបស់យើងត្រូវបានចុះហត្ថលេខាដោយជោគជ័យ យើងនឹងបង្ហាញផលិតផលជាសាធារណៈភ្លាម»។

កាលពីខែមីនាកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan បានផ្អាកប្រតិបត្តិការនៅរោងចក្រនៅទីនោះ ដោយសារតែការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចមកលើរុស្ស៊ី។ កាលពីខែមុននេះដែរ ក្រុមហ៊ុនបានសម្រេចចិត្តលក់ទ្រព្យសម្បត្តិទាំងអស់របស់ខ្លួននៅរុស្ស៊ីទៅឱ្យក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍន៍របស់រដ្ឋ NAMI ។ ក្រោមកិច្ចព្រមព្រៀងដែលត្រូវបានបញ្ចប់នេះផងដែរ ក្រុមហ៊ុនផលិតរថយន្តរុស្ស៊ី Avtovaz នឹងនៅតែអនុវត្តសេវាកម្មថែទាំរថយន្ត Nissan និងផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់ពួកគេដដែល។

គួរឱ្យបញ្ជាក់ផងដែរថា រោងចក្រ Nissan ដែលមានទីតាំងនៅ St. Petersburg ដែលត្រូវបានសម្ពោធក្នុងឆ្នាំ២០០៩ មានសមត្ថភាពផលិតរថយន្តរហូតដល់ទៅ ១ សែនគ្រឿងក្នុងមួយឆ្នាំ។ កាលពីឆ្នាំមុន រថយន្តប្រហែល ៤៣ ០០០ គ្រឿងត្រូវបានបញ្ជេញពីរោងចក្រ ហើយរោងចក្រនេះភាគច្រើនផលិតរថយន្តប្រភេទ SUV ដូចជា Qashqai និង X-trail ជាដើម៕

អត្ថបទទាក់ទង