Ten Hag នឹងនៅបន្តស្នាក់នៅបិសាចក្រហម Manchester United
(បាល់ទាត់)៖ សារព័ត៌មានអង់គ្លេស បានចុះផ្សាយថា គ្រូបង្វឹកក្រុមបិសាចក្រហម Manchester United លោក Erik ten Hag នឹងបន្ត Old Trafford មួយរដូវកាលទៀត បើទោះបីជាក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ៨ ក្នុងក្របខ័ណ្ឌ Premier League ក៏ដោយ។
ការសម្រេចចិត្តនេះកើតឡើង បន្ទាប់ពីការពិនិត្យមើលចុងបញ្ចប់នៃរដូវកាល ដែលបានបញ្ចប់ដោយលទ្ធផលដ៏គួរឱ្យភ្ញាក់ផ្អើលជាមួយនឹងការឈ្នះពានរង្វាន់ FA Cup វគ្គផ្តាច់ព្រ័ត្រលើក្រុមខ្លាំងមេឃខៀវ Manchester City។
ទូរទស្សន៍ Sky Sports បាននិយាយថា លោក Ten Hag កំពុងពិភាក្សាលើកិច្ចព្រមព្រៀងថ្មី ដោយកិច្ចសន្យារបស់លោកនឹងផុតកំណត់នៅរដូវកាលក្រោយ បន្ទាប់ពីគ្រប់គ្រងរយៈពេល ២ ឆ្នាំ។
មែនទែនទៅ អតីតគ្រូបង្វឹករបស់ Ajax Amsterdam រូបនេះ បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង បន្ទាប់ពីម្ចាស់ជើងឯកអង់គ្លេស ២០សម័យ បានទទួលរងនូវការចាប់ផ្តើមរដូវកាលដ៏អាក្រក់បំផុតរបស់ពួកគេ ចាប់តាំងពីឆ្នាំ ១៩៦២-៦៣ ជាមួយនឹងការបរាជ័យចំនួន ៨ដង ក្នុង ១៥ប្រកួតដំបូងរបស់ពួកគេ គិតគ្រប់កម្មវិធី។
គួរបញ្ជាក់ថា ក្លិបបិសាចក្រហម បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៨ ក្នុង Premier League បន្ទាប់ពីចាញ់ ១៤ ដង ក្នុងការប្រកួតលីកសរុបចំនួន ៣៨ របស់ពួកគេ និងបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្នុងវគ្គចែកពូល។ រដូវកាលក្រោយ Man United មិនបានលេងក្នុងពានរង្វាន់ UCL ទៀតនោះទេ ដោយបានលេងត្រឹមពានរង្វាន់លំដាប់ទី២ អឺរ៉ុប UEFA Europa League៕